ចំនួនអ្នកបានអាន: 602
ខេត្តស្ទឹងត្រែង៖ រដូវនេះជារដូវដាច់ទឹកភ្លៀងហួតហែងស្លឹកឈើជ្រុះបណ្តាលឱ្យសត្វព្រៃគ្រប់ប្រភេទដើរស្វែងរកផឹកទឹកតាមត្រពាំងបឹងបួរក្នុងព្រៃ ធ្វើឲ្យព្រានព្រៃមានឳកាស រាយខ្សែកាបឆក់ដោយចរន្តភ្លើងអាគុយដាក់ជាអន្ទាក់។ល។ ដើម្បីចាប់សត្វព្រៃយកមកលក់ឱ្យថៅកែចាំទទួលទិញនៅតាមផ្ទះមួយចំនួន ចំណុចទី១ស្ថិតនៅភូមិស្ពានថ្មសង្កាត់ស្រះឫស្សីក្រុង/ខេត្តស្ទឹងត្រែង និងចំណុចទី២ស្ថិតនៅភូមិព្រែកសង្កាត់ស្ទឹងត្រែង ក្រុង/ ខេត្តស្ទឹងត្រែង។
រួចហើយពួកថៅកែៗដែលចាំទទួលទិញសត្វព្រៃទាំងនោះ ពួកគេបានដឹកតាមរថយន្តទំនើបយកទៅលក់បន្ត ហើយដោយឡែកសត្វព្រៃដែលងាប់ពួកគេលក់ឱ្យឈ្មួញលក់សាច់សត្វព្រៃនៅក្នុងផ្សារធំខេត្តស្ទឹងត្រែង ដែលដាក់លក់យ៉ាងអាណាធិបតេយ្យ ពុំមានអ្នកបង្រ្កាប ជាក់ស្តែងដូចកាលពីព្រឹកថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៤នេះអញ្ចឹង។
លោក សរ វុទ្ធី(ហៅ គ្រុយ) នាយសង្កាត់រដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងទទួលបន្ទុកផ្នែកសត្វព្រៃ ក្នុងខេត្តស្ទឹងត្រែងនេះ បានឆ្លើយតបមកកាន់ភ្នាក់ងារសារពត៍មានយើងថា (លោកមិនបានបំភ្លឺទេ ព្រោះលោកកំពុងតែជាប់រវល់) ក្រោយមកទៀតភ្នាក់ងារយើងក៏បានព្យាយាមទូរសព្ទ័ទំនាក់ទំនងទៅលោកម្តងទៀត តែចុចចូលហើយមិនទទួល។
ប្រភពព័ត៍មានពីមន្រ្តីរាជការក៏ដូចពីប្រជាពលរដ្ឋបានលើកឡើងថា បើគ្មានអ្នកទទួលទិញសត្វព្រៃទេក៏អត់មានអ្នកបរបាញ់សត្វព្រៃដែរ អ្វីៗបើខ្មោចស្រុកមិនទទួលសំណែនក៏ខ្មោចព្រៃមិនហ៊ានចូលស្រុកដែរ។ ដោយ៖ នួន ពុទ្ធា

About Post Author