ស្ពានអ្នកលឿងនឹងចាក់បេតុងភ្ជាប់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ខាងមុខនេះ

ភ្នំពេញ៖ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ លោក ឈឹម ផល្លា បានថ្លែងឲ្យដឹងថា ក្រោយបញ្ចប់ការសាងសង់ ស្ពានអ្នកលឿងនេះហើយ ប្រជាពលរដ្ឋខ្មែរដែលត្រូវឆ្លងកាត់ស្ពាន នឹងចំណេញថវិកាយ៉ាងច្រើន និងមិនចំណាយពេលវេលា ក្នុងការរង់ចាំឆ្លងសាឡាង ដូចលើកមុនទៀតទេ។

លោក ឈឹម ផល្លា បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែត នៅលើស្ពានអ្នកលឿង ក្នុងឱកាសទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)បានដឹកនាំអ្នកកាសែត ទៅទស្សនាស្ពាន នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ថា «ប្រជាពលរដ្ឋ លែងចំណាយអ្វីទាំងអស់ លែងរង់ចាំ ពួកគាត់អាចឆ្លងទៅណាក៏បាន ទាំងយប់កណ្តាលអាធ្រាត្រ ដោយមិនចំណាយថវិកា ហើយក៏មិនចំណាយពេលវេលារង់ចាំផងដែរ»។

លោកបន្តថា ស្ពានអ្នកលឿងនេះ មិនមែនតែតភ្ជាប់ក្នុងតំបន់នៅប្រទេសកម្ពុជានោះទេ គឺតភ្ជាប់ទៅប្រទេសក្បែរខាងផងដែរ។ លោកបន្ថែមថា នាពេលខាងមុខប្រជាពលរដ្ឋខ្មែរនឹង បញ្ចប់នូវភាពលំបាកវេទនាស្ទះចរាចរណ៍ ការរង់ចាំ និងសុវត្ថិភាព ព្រោះពេលខ្លះសាឡាង ក៏មិនមានសុវត្ថិភាពដែរ។

ទាក់ទងទៅនឹងសាឡាងនេះ លោកបានលើកឡើងទៀតថា នៅទូទាំងប្រទេសគឺសាឡាងបាន យកមកទ្រទ្រង់នៅអ្នកលឿងនេះ។

លោកថា ស្ពានគឺជាមធ្យោបាយឆ្លងកាត់ទន្លេងមេគង្គ ដ៏ប្រសើរបំផុត ហើយកម្ពុជា-វៀតណាម បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីឲ្យរថយន្តវៀតណាម ឆ្លងកាត់មានរថយន្ត ៥០០គ្រឿង នឹងមានរថយន្តជាច្រើនឆ្លងកាត់ទៀត នាពេលខាងមុខ។

គួរបញ្ជាក់ផងដែរថា ស្ពានអ្នកលឿង ដែលមានប្រវែង សរុបចំនួន ២.២២០ម៉ែត្រ ទទឹងប្រវែង ១៣ម៉ែត្រ និងមានកម្ពស់ផុតពីផ្ទៃទឹកនៅរដូវវស្សា ៣៧,៥ ម៉ែត្រ ក្លាយជាស្ពានវែងជាងគេ និងជាស្ពានយោងប្រើខ្សែកាបទី១ នៅកម្ពុជាផងដែរ ដែលការចំណាយលើការសាងសង់ជាង ៩០លានដុល្លារ ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។

តាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចាក់បេតុងភ្ជាប់ស្ពាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ រួមជាមួយអនុរដ្ឋមន្ត្រីការបរទេសជប៉ុន តំណាងឲ្យរាជរដ្ឋាភិបាលជប៉ុន៕

 

image image

 

ប្រភព៖ ដើម្ពិល

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author