ខេត្តរតនគិរី៖ហេតុការណ៍គ្រោះថ្នាក់ចរាចរ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ដោយម៉ូតូមួយគ្រឿងដឹកឈើប្រណីតបានបើកយ៉ាងលឿនទំនងជាកំពុងរត់គិចពីសម្ថកិច្ច ក្នុងដំណើរបញ្ច្រាសទិសគ្នាបានបុក គ្នាពេញទំហឹង ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង១នឹង១៥នាទីថ្ងៃត្រង់នៅត្រង់ចំណុចផ្លូវកែងទួលបឹងកំសាន្តស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
យោងតាមប្រភពអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបានអោយដឹងថា ពួកគាត់បានឃើញម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌ក្រហម អត់មានពាក់ស្លាកលេខ ជិះតែម្នាក់ឯងក្នុងទិសដៅពីលិចទៅកើតឡើងទួលផងនោះ ដោយស្ថិតក្នុងល្បឿនមធ្យមប៉ុណ្ណោះ អ្នកបើកបរត្រូវគេបានស្គាល់ឈ្មោះ ឈាង ឈៀន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ និងមានអាស័យដ្ឋានស្នាក់នៅស្រុកអូរជុំ ព្រមទាំងមានប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែទៀតផងនិងមានស្រុកកំណើតខេត្តកំពង់ចាមត្រូវរងរបួសធ្ងន់ធ្ងរ (ចំក្បាលផុងរលាដ៍) បានស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប្រភពបានបន្តទៀតថា ខណៈម៉ូតូជនរងគ្រោះខាងលើធ្វើដំណើរ មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែ មាន ម៉ូតូមួយគ្រឿងម៉ាកវ៉េវអេស(កែ) អត់ស្លាកលេខធ្វើដំណើរក្នុងទិសដៅបញ្ជ្រាសគ្នា ពីកើតមក លិច ផ្ទុកឈើប្រណីតពេញ បើកបរក្នុងល្បឿនលឿនដូចហោះ ក៏បុកគ្នាយ៉ាងពេញទំហឹង។ ម៉ូតូបង្កដឹកបទល្មើសមិនត្រូវបានស្គាល់អត្តសញ្ញណនោះទេ ដោយឃើងសភាពការណ៍មិនស្រួលដោយខ្លួនរងរបួស្រាលក៏រត់ចោលម៉ូតូគេចបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការវាស់វែងដឹកជនរងគ្រោះតាមរថយន្តសាម៉ុយទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចចរាចរណ៍ជើងគោកនាំទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរងចាំដោះស្រាយជាក្រោយ ខណៈជនបង្កកំពុងរត់គេចខ្លួន៕