ប្រទេសហូឡង់៖ សិស្សស្រី ជនជាតិហូឡង់ម្នាក់ មានឈ្មោះថា Zilla van den Born រស់នៅក្នុងទីក្រុង Amsterdam ប្រទេសហូឡង់ បានកុហក មិត្តភក្កិ និងក្រុមគ្រួសារនាងថា នាងទៅដើរលេងកំសាន្ត រយៈពេល៥សប្តាហ៏ នៅក្នុងតំបន់អាស៊ី ដោយបង្ហោះរូបថត នៅទីកន្លែងផ្សេងៗ ក្នុងតំបន់អាស៊ី ខណៈការពិត នាងនៅតែក្នុងផ្ទះ កាត់តរូបខ្លួនឯងសោះ។
នាង Zilla បានបង្កើត ដំណើរកំសាន្ត ក្លែងក្លាយនេះ ដោយគ្រាន់តែប្រើប្រាស់ នូវកម្មវិធី កាត់តរូបភាព (Photoshop) ជាមួយនឹង តិចនិច និងជំនាញ ដែលនាងមាន ដើម្បីកុហកគេ ធ្វើឲ្យគេគ្រប់គ្នា ជឿនាងឡើងស្លុងតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្ស តែម្នាក់គត់ ដែលបានដឹង ពីការពិតនេះ គឺមិត្តប្រុសរបស់នាង ដែលជាអ្នក ជួយនាង ក្នុងគំរោងការ ដំណើរកំសាន្ត ក្លែងក្លាយនេះ។
ជាមួយគ្នានេះដែរ ដើម្បីឲ្យគេជឿជាក់ថា នាងពិតជាបាន ទៅដើរកំសាន្ត នៅក្នុងតំបន់អាស៊ី រយៈពេល៥សប្តាហ៏ ពិតមែន នាងក៏បាន បង្ហោះរូបថត ដែលកាត់ត ទាំងនោះ ជាមួយនឹង ទីកន្លែង ម្ហូបអាហារ និងសកម្មភាពផ្សេងៗ ទៅលើបណ្តាញសង្គម។ ជាងនេះទៅទៀត នាងបានកែប្រែ បន្ទប់គេងរបស់នាង ទៅជាបន្ទប់គេងថ្មីមួយ (រៀបចំសារឡើងវិញ) ដើម្បីកុហក ក្រុមគ្រួសារនាង នៅពេលទំនាក់ទំនងគ្នា តាម Skype។
យ៉ាងណាមិញ ក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិនាង បានជឿជាក់នាងថា ពិតជាបានទៅ ដើរលេងកំសាន្ត អស់រយៈពេល ៥សប្តាហ៏ពិតមែន ខណៈការពិត នាងមិនបានចេញពីផ្ទះ សូម្បីតែមួយជំហ៊ានឡើយ៕