ខេត្តស្ទឹងត្រែង ៖ ខ្យល់កន្ត្រាក់លាយឡំជាមួយ ដំណក់ទឹកភ្លៀង បានបក់បោក មកលើខេត្តស្ទឹងត្រែង
ធ្វើឲ្យផ្ទះប្រជាពលរដ្ឋ នៅស្រុកចំនួន ៣ បានរងនូវការប៉ើងដំបូលនឹង រលំរាបស្មើដល់ដី និងខូចខាតមាន
ចំនួនជាច្រើនខ្នង កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥។
តាមការឲ្យដឹងពីលោកអភិបាល នៃគណៈអភិបាល ខេត្តស្ទឹងត្រែង លោក កុល សំអុល បានបញ្ជាក់ឲ្យដឹងថា
កាលពីយប់ថ្ងៃ២១ ខែមេសា ដែនដីរដ្ឋបាល ខេត្តស្ទឹងត្រែងទាំងមូល បានរងនូវសម្ពាធ ខ្យល់កន្ត្រាក់ ដ៏ធំមួយ
លាយឡំជាមួយគ្រាប់ភ្លៀង បោកបក់បំផ្លាញ ផ្ទះប្រជាពលរដ្ឋ មានចំនួន ៦៦ខ្នងផ្ទះ ។
លោកបានបន្តថា គ្រោះមហន្តរាយ ខ្យល់កន្ត្រាក់នេះ បានបោកបក់ខ្លាំង ទៅលើស្រុកចំនួន ៣ គឺស្រុកសៀម
ប៉ាង ផ្ទះប្រជាពលរដ្ឋខូចខាត ចំនួន ២៧ខ្នង ក្នុងនោះខូចខាត ទាំងស្រុង ចំនួន ១២ខ្នង ស្រុកសេសាន្ត រង
នូវការខូចខាត ចំនួន ១៥ខ្នង បាក់រាបដល់ដី ៦ខ្នងផ្ទះ និងនៅឃុំអន្លង់ក្រមួន ស្រុកថាឡាបរិវ៉ាត់ ខូចខាត
២៤ខ្នង បាក់រាបដល់ដីចំនួន ៧ខ្នងផ្ទះ សរុបផ្ទះដែលរងការខូចខាត ទាំងស្រុង មានចំនួន ២៥ខ្នងផ្ទះ និង
៤១ខ្នងផ្ទះ រងការខូចខាតស្រាល ។
លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា ផ្ទះទាំង ៦៦ខ្នង ដែលរងការខូចខាតធ្ងន់ និងស្រាលនេះ
គ្រាន់តែជារបាយការណ៍ បឋមតែប៉ុណ្ណោះ ផ្ទះអាចនឹងខូចខាត ច្រើនជាងនេះទៀត។ ហើយនៅថ្ងៃ២៣
ខែមេសា ថ្នាក់ដឹកនាំខេត្ត រួមជាមួយសាខា កាកបាទក្រហមខេត្ត នឹងនាំយកអំណោយ ទៅឧបត្ថម្ភ ដល់
គ្រួសាររងគ្រោះទាំងនោះ និងចាត់វិធានការ ដើម្បីជួយសង់លំនៅដ្ឋាន ដែលរងនូវការខូចខាត ឡើងវិញ ។
យោងតាមរបាយការណ៍បឋមរបស់កាកបាទក្រហមខេត្តស្ទឹងត្រែង ឲ្យដឹងថា ភ្លៀងលាយខ្យល់ព្យុះ
បានបោកបក់នាំឲ្យផ្ទះ ៥ខ្នងដួលរលំ និងជាង ៥០ខ្នងទៀតរងផលប៉ះពាល់ជាមធ្យម ដូចជា
របើកជញ្ជាំង និងដំបូល ជាដើម។ ដោយឡែកនៅក្នុងឃុំស្រែគរ ស្រុកសេសាន អាជ្ញាធរឃុំឲ្យដឹងថា
ផ្ទះ ១៨ខ្នងក៏ត្រូវខ្យល់ព្យុះបំផ្លាញដូចគ្នាដែរ ប៉ុន្តែអាជ្ញាធរមិនទាន់បានបញ្ចូលក្នុងរបាយការណ៍ខេត្ត
នៅឡើយ។
ក្រោយទទួលរបាយការណ៍បឋមនេះ អាជ្ញាធរ និងកាកបាទក្រហមខេត្ត នឹងយកអំណោយចែក
ជូនក្រុមពលរដ្ឋរងគ្រោះទាំងនោះ។ អាជ្ញាធរថា ចំនួនផ្ទះពិតប្រាកដដែលរងគ្រោះនេះ អាចនឹង
មានច្រើនជាងរបាយការណ៍ដែលទទួលបាន ខណៈដែលអាជ្ញាធរមូលដ្ឋានខ្លះពុំទាន់បានបញ្ជូនរបាយ
ការណ៍មកខេត្ត។
ផ្អែកលើរបាយការណ៍បឋមរបស់កាកបាទក្រហមខេត្តស្ទឹងត្រែង ផ្ទះពលរដ្ឋក្នុងស្រុកពីរនៃខេត្តស្ទឹងត្រែង
គឺស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមប៉ាង រងខូចខាតដោយសារភ្លៀងលាយខ្យល់នេះ មិនបណ្ដាល
ឲ្យមានរបួស ឬអាយុជីវិតរបស់ពលរដ្ឋឡើយ។ ចំណែកស្រុកសេសាន ក៏ដូចគ្នានេះដែរ គឺត្រឹមតែខូច
ខាតផ្ទះសម្បែងពលរដ្ឋប៉ុណ្ណោះ។
នាយកសាខាកាកបាទក្រហមនៃខេត្តស្ទឹងត្រែង លោក សាយ ព្រលឹង បានឲ្យដឹងថា លោកទើបតែទទួល
របាយការណ៍ពីស្រុកដែលរងគ្រោះ ខណៈដែលខេត្តនេះមាន ៣ស្រុករងគ្រោះដោយសារភ្លៀងលាយព្យុះ។
លោក សាយ ព្រលឹង បន្តទៀតថា ក្រោយទទួលរបាយការណ៍ ក្រុមការងារខេត្តនឹងចុះចែកអំណោយ
ដល់ក្រុមពលរដ្ឋនៅថ្ងៃទី២៣ ខែមេសា ប៉ុន្តែលោកមិនទាន់ឲ្យដឹងថា ពលរដ្ឋដែលខ្យល់បក់រលំផ្ទះ
នឹងទទួលបានអ្វីលើសពីពលរដ្ឋផ្សេងឡើយ៖ «ផ្ទះដែលត្រូវខ្យល់បោកបក់នេះ យើងចែកចេញជាពីរ
គឺរងគ្រោះធ្ងន់ធ្ងរ និងមធ្យម»។
អាជ្ញាធរខេត្តបានបង្ហើបឲ្យដឹងថា អំណោយដែលខេត្តផ្តល់ជូនពលរដ្ឋរងគ្រោះក្នុងមួយគ្រួសារថវិកា ៥ម៉ឺន
រៀល អង្ករ ៣០គីឡូក្រាម មីមួយកេស តង់ កន្ទេល ភួយ ម៉ុង ជាដើម។ អាជ្ញាធរខេត្តនេះបានបន្តទៀតថា
ការចែកអំណោយនេះមិនប្រកាន់បក្ខពួក ឬនិន្នាការនយោបាយឡើយ៕ដោយ នួន ពុទ្ធា