ភ្នំពេញ ៖ បន្ទាប់ពីកាបោះឆ្នោត ជ្រើសតាំងប្រធានព្រឹទ្ធសភា នឹងអនុប្រធានទី១ព្រឹទ្ធសភា កាលពីវេលាម៉ោង
១៥នឹង០០នាទីរសៀល ឯកឧត្តម សាយ ឈុំ អគ្គលេខាធិការគណបក្សប្រជាជនកម្ពុជា និងជាអតីតអនុប្រ
ធានទី១ព្រឹទ្ធសភា ត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា បន្ទាប់ពីការបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញ កាលពីរសៀល
ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥ ចំណែកលោក នៃ ប៉េណា ត្រូវបានជាប់ឆ្នោតជាអនុប្រធានទី១ នៃព្រឹទ្ធសភា។
តាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ កាលពីថ្ងៃអង្គារ
ទី០៩ ខែមិថុនា ឆ្នាំ២០១៥ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបញ្ជាក់ថា នាថ្ងៃអង្គារ ទី០៩ ខែមិថុនា
ឆ្នាំ២០១៥ វេលាម៉ោង១៥ និង០០នាទីរសៀល ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានកោះប្រជុំជាវិសាមញ្ញ
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា។ សមាជិកព្រឹទ្ធសភាមានវត្តមាន
ចំនួន ៥២ រូប ហើយរបៀបវារៈមានតែមួយ គឺការបោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធសភា និងអនុប្រធានទី១
ព្រឹទ្ធសភា។
ជាលទ្ធផលនៃការបោះឆ្នោត គឺទី១. ឯកឧត្តម សាយ ឈុំ ទទួលបានសំឡេងគាំទ្រចំនួន ៥២ សំឡេង
នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ទី២. លោក នៃ ប៉េណា ទទួលបានសំឡេងគាំទ្រចំនួន ៥១សំឡេង
នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ដូច្នេះស្របតាមលទ្ធផលនៃការបោះឆ្នោតខាងលើនេះ ឯឧត្តម
សាយ ឈុំ ត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នីតិកាលទី៣ ហើយលោក នៃ ប៉េណា ត្រូវបានជាប់ឆ្នោត
ជាអនុប្រធានទី១ព្រឹទ្ធសភា នីតិកាលទី៣។
តាម លោក ម៉ម ប៊ុននាង បានបញ្ជាក់ថា ការបោះឆ្នោតនេះ គឺយោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ
កម្ពុជា បានចែងយ៉ាងច្បាស់ថា ពេលប្រធានព្រឹទ្ធសភាទទួលមរណៈភាព គឺយើងត្រូវការបោះឆ្នោតជ្រើស
រើសប្រធានថ្មី ហើយស្ថាប័នព្រឹទ្ធសភា គឺជាស្ថាប័នជាតិដ៏កំពូលមួយ មិនអាចរង់ចាំពេលវេលាទេ គឺយោង
តាមរដ្ឋធម្មនុញ្ញ និងយោងតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា។ លោកបន្តថា ក្រោយពេល
ដែលលោក សាយ ឈុំ បានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា និង លោកនៃ ប៉េណា ជាប់ជាអនុប្រធានទី១
ព្រឹទ្ធសភា គឺឃើញថា សមាជិកព្រឹទ្ធសភារបស់គណបក្សសម រង្ស៊ី ដែលបានចូលរួម គឺបានស្វាគមន៍
និងអបអរសាទរចំពោះឯកឧត្តម សាយ ឈុំ និងលោកនៃ ប៉េណា។
ឯកឧត្តម សាយ ឈុំ បានប្តេជ្ញាថា យើងខ្ញុំ នឹងខិតខំរួមវិភាគទាន ដើម្បីជំរុញកសាងកម្ពុជា ជានីតិរដ្ឋ
ដែលជាបំណងប្រាថ្នា ដ៏ពិសិទ្ធរបស់ប្រជាជាតិយើង។ ជាពិសេសយើងខ្ញុំខិតខំថែរក្សាវប្បធម៌សន្ទនាគ្នា
ក្នុងបរិយាកាសសាមគ្គី ភាតរភាព យោគយល់ សហការជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍន៍
ប្រទេសជាតិ ឈានឆ្ពោះទៅកាន់វឌ្ឍនភាព។ ជាពិសេសព្រឹទ្ធសភាយើងត្រូវបន្តចូលរួមផ្តល់នូវវិភាគទាន
យ៉ាងសំខាន់ដល់កំណែទម្រង់ទាំងឡាយ ដែលជាអាទិភាពរបស់រាជរដ្ឋាភិបាលនិងការធ្វើសមាហរណ
កម្មកម្ពុជាក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ៕