បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋប្រុសស្រីប្រមាណជា៨០នាក់ ដែលមានលំនៅដ្ឋានសង់ខាងផ្លូវរទះភ្លើង ស្ថិត
នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សាកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅមុខសាលាក្រុង
ប៉ោយប៉ែត ធ្វើការតវ៉ាទាមទាឲ្យលោក ង៉ោ ម៉េងជ្រួញ អភិបាលក្រុងប៉ោយប៉ែត ចេញមករកដំណោះស្រាយ
ដីនឹងលំនៅដ្ឋានជូនពួកគាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ នឹង៣០នាទីព្រឹក ថ្ងៃទី១១
ខែមិថុនា ឆ្នាំ២០១៥ នៅនឹងមុខបរិវេណសាលាក្រុងប៉ោយប៉ែតតែម្ដង។
ក្នុងការតវ៉ាប្រជាពលរដ្ឋបាននាំគ្នាស្រែកយ៉ាងខ្លាំងៗថា សូមឲ្យលោកអភិបាលជួយរកដំណោះស្រាយដីលំនៅ
ដ្ឋានជូនពួកគាត់ឲ្យបានឆាប់រហ័សបន្តិច ព្រោះពួកគាត់គ្មានដីនឹងផ្ទះនៅទេក្នុងរដូវស្សានេះ បើអាជ្ញាធរមិនគិត
គូដល់ពួកគាត់ ដោយប្រជាពលរដ្ឋខ្លះបានស្រែកថា ផ្ទះពួកគាត់ត្រូវបានអាជ្ញាធរបង្ខំឲ្យរុះរើផ្ទះជាយូមកហើយ
ដោយសន្យាថាដោះដូរដីលំនៅដ្ឋានជូនពួកគាត់ តែមកទុលបច្ចុប្បន្ននេះ នៅតែមិនទាន់ឃើញមានដោះស្រាយ
ទាល់តែសោះ ទើបថ្ងៃនេះពួកគាត់នាំគ្នាមកតវ៉ានៅមុខសាលាក្រុងបែបនេះ។
បងប្រុសម្នាក់ក្នុងចំណោមក្រុមអ្នកតវ៉ា បានប្រាប់អ្នកយកព័ត៌មានយើងដឹងថា ពួកគាត់បានរស់នៅលើដីខាង
លើនេះជាយូឆ្នាំមកហើយ តែឥឡូវអាជ្ញាធរបានប្រាប់ថា ដីរបស់ពួកខ្ញុំរស់នៅបច្ចុប្បន្ននេះប៉ះពាល់ទៅលើដីផ្លូវ
រទះភ្លើង ក៍ត្រូវបានអាជ្ញាធរឲ្យរុះរើផ្ទះចេញដោយប្រាប់ថាមានការដោះដូរកន្លែងថ្មីជូនពួកគាត់។ បងប្រុសដដែ
លបានបន្តឲ្យដឹងទៀតថា ប្រជាពលរដ្ឋរស់នៅលើដីនោះអ្នកខ្លះបាបរុះរើផ្ទះតាំងពីអាជ្ញាធរចុះទៅប្រាប់ដំបូង
ហើយប្រជាពលរដ្ឋខ្លះមិនទាន់បានរុះរើផ្ទះនោះទេ ដោយពួកគាត់រងចាំមើលសិនតើដូចការសន្យាឬអត់។
សូមបញ្ជាក់ផងដែលថា ហេតុការណ៍ប្រជាពលរដ្ឋនាំគ្នាមកតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែតខាងលើនេះ បាន
ជួបជុំគ្នាពីម៉ោយ៨ នឹង៣០នាទីព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ ដោយរងចាំ
លោកអភិបាលក្រុងប៉ោយប៉ែតចេញមកជួបដើម្បីរកដំណោះស្រាយ តែលោក ង៉ោ ម៉េងជ្រួញ អភិបាលក្រុង
មិនបានចេញមកជួបទេ ដោយឲ្យលោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែតមកជួបជាមួយក្រុមប្រជា
ពលរដ្ឋតវ៉ានោះទៅវិញ ដោយប្រាប់ពួកគាត់ថា ចាំខ្ញុំនាំពាក្យទាំងនេះទៅជូនថ្នាក់លើ។
ជុំវិញហេតុការណ៍ខាងលើនេះ មន្ត្រីសាលាក្រុងបានឲ្យអ្នកយកព័ត៌មានយើងដឹងថា ដីខាងលើនេះប្រជាពល
រដ្ឋបាននាំគ្នាទៅសង់លំនៅដ្ឋាននៅទីនោះជាយូឆ្នាំមែន តែឥឡូវនេះដោយរាជរដ្ឋាភិបាលត្រូវការជួសជុលផ្លូវ
រទេះភ្លើងចាស់ដែលមានស្រាប់ឡើងវិញ ទើបអាជ្ញាធរសម្រេចឲ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅទីនោះ
រុះរើផ្ទះ ដោយអាជ្ញាធររកដីសង់ផ្ទះជូនពួកគាត់ តែអាជ្ញាធរមិទាន់បានធ្វើទៅតម្រូវការរបស់ពួកគាត់ ទើបមាន
កាតវ៉ានៅថ្ងៃនេះ។/ ដោយ ផ្លែក សុភា