សមត្ថកិច្ចពាក់ព័ន្ធមិនរវល់បទល្មើសព្រៃឈើ

ដោយ:រស់ សុភា

ខេត្តមណ្ឌលគីរី ៖ ការចាប់បង្ក្រាប បទល្មើសព្រៃឈើ របស់មន្ត្រីអភិរក្ស ជីវចម្រុះកែវសីមា ស្ថិតនៅស្រុកកែវ
សីមា ដែលគ្រប់ គ្រងដោយលោក មាឃ វុទ្ធី ប្រធានគម្រោងអភិរក្ស ជីវចម្រុះ, លោក សារ៉ូ រតនា នាយរង
ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគីរី និងលោក ស្វាយ សុវណ្ណា មេបញ្ជាការ កងរាជអាវុធហត្ថ អភិរក្សជីវ
ចម្រុះ ប្រចាំខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ត្រូវបាន គេចោទថា គ្រាន់តែជាល្បិចវ៉ៃទឹក បង្អើលត្រី ឱ្យរត់ចូល
អួនតែប៉ុណ្ណោះ ក្រោយមកគេមើលឃើញ សមត្ថកិច្ចទាំងនោះ ជាអ្នក បើកផ្លូវឱ្យរថយន្ត ដឹកឈើខុសច្បាប់
ចេញពីភូមិអណ្តូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី បន្តដំណើរ ទៅកាន់ប្រទេស
វៀតណាម ដែលតម្រូវឱ្យបង់ប្រាក់ ឱ្យសមត្ថកិច្ចពាក់ព័ន្ធ ជាការស្រេច ។

មានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ និងមន្ត្រីរាជការ មួយចំនួន នៅខេត្តមណ្ឌលគីរី បានឱ្យដឹងថា ក្នុង
មួយយប់ៗ មាន រថយន្តដឹកឈើខុសច្បាប់ តាមផ្លូវជាតិលេខ ៧៦អា មិនតិចជាង ៣០ ទៅ ៤០គ្រឿងនោះទេ
ដែលត្រូវឆ្លងកាត់ និងត្រូវបង់ លុយឱ្យកម្លាំងសមត្ថកិច្ច ដែលប្រចាំការនៅទីនោះ កូនឡានតូចតម្រូវបង់លុយ
៥ម៉ឺនរៀល ។ ប្រជាពលរដ្ឋ នៅទីនោះ បាន ចោទលោក មាឃ វុទ្ធី, លោក សារ៉ូ រតនា និងលោក ស្វាយ
សុវណ្ណា ថាអ្នកទាំងបីនាក់ គឺជាអ្នកបើកដៃ និងឃុបឃិតជាមួយ ក្រុមឈ្មួញរកស៊ី បទល្មើសព្រៃឈើ ដែលជា
ហេតុធ្វើឱ្យ ព្រៃឈើ នៅក្នុងខេត្តមណ្ឌលគីរី កំពុងតែវិនាសជាបណ្តើរៗ ស្ទើរតែអស់ ទៅហើយ ។

ប្រជាពលរដ្ឋដែលរស់នៅ ក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ស្នើសុំឱ្យ ឯកឧត្តម ឆេង គឹមស៊ុន និងលោក
កែប កត់ ជានាយខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគីរី សូមមានចំណាត់ការទៅលើលោក មាឃ វុទ្ធី និង
លោក សារ៉ូ រតនា ព្រមទាំងបក្ខ ពួករួមគំនិតឃុបឃិត បណ្តោយឱ្យកើតមាន បទល្មើសបំផ្លាញព្រៃឈើ ទាំង
អស់នេះជាបន្ទាន់ផង ដើម្បីកុំឱ្យជនខិលខូចទាំងអស់ នេះ ឃើញកន្ទេលធំ បន្លំដេកតទៅទៀត ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ របស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការខាងលើនេះ អ្នកយកព័ត៌មានយើងមិនអាច
ធ្វើការ ទំនាក់ទំនងទៅលោក មាឃ វុទ្ធី និងលោក សារ៉ូ រតនា បានទេ កាលពីរសៀលថ្ងៃទី ០៧ ខែកញ្ញា
ឆ្នាំ២០១៥ នេះ ៕

2015-09-08_21.45.19

IMG-20150905-WA0005

IMG-20150905-WA0001

សូមជួយស៊ែរព័ត៌មាននេះផង: