បន្ទាប់ពីអភិបាលថ្មីកាន់តំណែងសាលាខេត្ត នឹងដោះស្រាយបញ្ហាដី១៨គ្រួសារ

ព្រះសីហនុ ៖ សាលាខេត្តនឹងដោះស្រាយ បញ្ហារបស់អ្នកលក់ដូរ លើឆ្នេរអូរឈើទាលដែល នៅសេសសល់​១៨
​គ្រួសារ នៅក្រោយការចូលកាន់តំណែង របស់អភិបាលថ្មីរបស់ខេត្តនេះ បើទោះជាមានការបញ្ជា​ពីក្រសួង​មហាផ្ទៃកាលពីពេលថ្មីៗនេះឱ្យផ្អាកការ រុះរើតូបពួកគេ។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ដែលទើបឡើងកាន់តំណែងថ្មី នៅខែសីហានេះឱ្យ ដឹងថា ទោះ
មានលិខិតពីក្រសួង ក៏ខេត្តនឹងមិនទាន់ ធ្វើការងារដោះស្រាយអ្វីបាននៅឡើយ ប៉ុន្តែនឹងរង់ចាំពិធីផ្លាស់ប្តូរ
តំណែងអភិបាលខេត្តថ្មីរួចរាល់សិន។

លោក អភិបាលក្រុង អ៊ី សុខឡេង បានថ្លែងថាៈ «ទី១អ្វីដែលពលរដ្ឋខុសគឺ បោះតង់​ដាក់ក្យូសនៅឆ្នេរគឺខុស
គឺជាឆ្នេរ រដ្ឋ ។ ទី២ លិខិតនេះ ផ្ញើជូនសមត្ថកិច្ចខេត្ត អ៊ីចឹងខ្ញុំជាសមត្ថកិច្ចក្រុង មិនមានសិទ្ធិផ្តល់​ឱ្យបង​ប្អូន
លក់ដូរឬបណ្តេញបងប្អូននោះទេ ។ យើងរង់ចាំអភិបាលថ្មី មកនឹងធ្វើការដោះស្រាយជាក្រោយ»។

លោកឈិត សុខុន អភិបាលខេត្តព្រះសីហនុ នឹងត្រូវចូលនិវត្តន៍ហើយ ពិធីផ្ទេរតំណែងនេះ នឹងប្រព្រឹត្តទៅ​នៅ
ថ្ងៃទី៧ ខែកញ្ញា ខាងមុខនេះ ដែលមានលោក យន្ត មីន ជាមន្ត្រីក្រសួងមហាផ្ទៃ និងជាអតីតមេបញ្ជាការសឹក
រងខេត្តកោះកុង ត្រូវបានព្រះមហាក្សត្រ តែងតាំងកាលពីចុង ខែកក្កដា មកកាន់តំណែងអភិបាលខេត្តនេះវិញ។

ក្រុមពលរដ្ឋ ២៦ គ្រួសារបានធ្លាប់អះអាងថា ខ្លួនបានលក់ដូរលើដីឆ្នេរអូរឈើទាល (អតីតអារីស្តុន) ស្ថិតភូមិ
៤សង្កាត់លេខ ៤ប៉ុន្តែស្តង់ខ្លួនដែលពីមុន មានដល់៣២តូប ត្រូវបានកម្ទេចនៅឆ្នាំ២០០៦ ដោយគ្មាន​សំណង
ដើម្បីយកឱ្យក្រុមហ៊ុនឯកជន អភិវឌ្ឍ។ ពួកគេធ្លាប់និយាយថា តូបលក់ដូរមួយមាន តម្លៃរហូតដល់៥ម៉ឺន
ដុល្លារចំពោះតូបធំ។

កាលពី ខែកក្កដា លោក ជិន សារិន អតីតអភិបាលក្រុងព្រះសីហនុ​ បានចេញលិខិតជូនដំណឹងឱ្យ២៦ គ្រួសារ
​រុះតង់ដែលពួកគេ ទើបសង់ឡើងវិញ ក្នុងការលក់ដូរ ប៉ុន្តែទោះ យ៉ាងណាមកទល់ពេលនេះ ពួកគេនៅ​មិនទាន់
រុះរើទេនិងបានដាក់អន្តរាគមន៍ទៅរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់។

តំណាងពលរដ្ឋលក់ដូរថ្លែងថា លិខិតចុះថ្ងៃទី២៤ សីហា របស់ក្រសួងមហាផ្ទៃ ដែលមានហត្ថលេខា លោក
ខៀវ សុភ័ គអគ្គលេខាធិការក្រសួង និងជាអ្នកនាំពាក្យផងនោះ បានជម្រាបដល់អភិបាលខេត្តព្រះសីហនុ
ឱ្យ ដោះ​ស្រាយបញ្ហាអ្នកលក់ដូរនេះ។

តំណាងពលរដ្ឋបានអានលិខិត របស់លោក ខៀវ សុភ័គ ដែលសរសេរថា ក្រសួងបានទទួលចំណារ ពីលោក
ហេង សំរិន ប្រធានរដ្ឋសភានិងតាមរយៈលោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភា
ក៏ដូចជាលោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានស្នើឱ្យ «ផ្អាកការរុះរើ» តូបលក់ដូរ​របស់​ពួកគាត់ ។ សូមឯកឧត្តមអភិបាលពិនិត្យ និងដោះស្រាយជាសមត្ថកិច្ច។

បើតាមតំណាងពលរដ្ឋ ឱ្យដឹងថាក្នុងចំណោម២៦ គ្រួសារឥឡូវនេះសល់តែ១៨គ្រួសារ ប៉ុណ្ណោះ ព្រោះ ៨
គ្រួសារទៀត បានយល់ព្រមរុះរើ តូបលក់ដូររបស់ពួកគេ កាលពីដើម ខែសីហា នៅពេលមានលិខិតឱ្យរុះរើ​របស់សាលាក្រុងព្រះសីហនុ។ ពួកគេមានតូបលក់ដូរតូចៗ ហើយខ្លាចគេបណ្តេញចេញ ក៏ព្រមយកលុយ
៣៥០០ ដុល្លារទៅ តែយើងអត់ព្រម។

ក្រុមមន្ត្រីសិទ្ធិមនុស្សនៅខេត្ត និងពលរដ្ឋធ្លាប់ឱ្យដឹងកន្លងមកថា ដីនៅក្នុងតំបន់នេះត្រូវបានគេ យកទៅឱ្យ​ក្រុមហ៊ុន របស់ឧកញ៉ា សុខ គង់ ដែលជាម្ចាស់សណ្ឋាគារ សុខា នៅខេត្តព្រះសីហនុ នេះធ្វើការអភិវឌ្ឍ ៕

Screenshot_2015-09-09-20-29-47-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author