ដោយ ៖រស់ សុភា
មណ្ឌលគិរី ៖ ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី បើកសិក្ខាសាលា ស្តីពីការបង្កើតគណៈកម្មការ សម្រប
សម្រួលកម្មវិធី សហគមន៍ព្រៃឈើថ្នាក់ខេត្ត កម្មពិធីនេះធ្វើឡើង កាលពីរសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥
ក្រោមអធិបបតីភាព លោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី លោក ឡុង រត្តនៈកុមារ អនុប្រធាន
នាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ លោក ព្រំ សុវណ្ណា នាយរងខណ្ឌរដ្ឋបានព្រៃឈើមណ្ឌលគិរី។
លោក ព្រំ សុវណ្ណា នាយរងខណ្ឌ រដ្ឋបាលព្រៃឈើ មណ្ឌលគិរី បានឲ្យដឹងថា សហគមន៍ព្រៃឈើ ក្នុងខេត្ត
មណ្ឌលគិរី មានចំនួន១៩សហគមន៍ ដែលកំពុងដំណើរការ ដោយគ្របដណ្តប លើផ្ទៃដីទំហំ ៥៧.៤៤១,៥៨
ហិកតា ដែលស្ថិតនៅ ក្នុងស្រុកចំនួន៤ និងក្រុង១ ក្នុងនោះរួមមានស្រុកពេជ្រាដា ស្រុកកោះញែក ស្រុកកែវ
សីមា ស្រុកអូររាំង និងក្រុងសែនមនោរម្យ ហើយនៅក្នុងក្រុង ស្រុកទាំងប្រាំនេះផង ដែរមានឃុំចំនួន១០
ដែលមានប្រជាពលរដ្ឋ ចូលរួមជាសមាជិកចំនួន៣.១៨០គ្រួសារ ស្មើនិង១១.៣៥០នាក់ ក្នុងនោះមានស្ត្រី
ចំនួន៦.១៣៦នាក់ ។
នៅក្នុងកម្មវិធីបើកអង្គសិក្ខាសាលានោះ លោក ចឹងសុចន្ថា អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការគ្រប់
គ្រងព្រៃឈើ បែបសហគមន៍នេះ បានចាប់ផ្តើម តាំងពីពាក់កណ្តាល ទស្សវត្សវ៍ឆ្នាំ១៩៩០មកម្លេះ តាមរយះ
គម្រោងសាកល្បង ដោយមានការគាំទ្រពី រាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ។
លោកបានបន្តទៀតថា ការរៀបចំអង្គសិក្ខាសាលានាថ្ងៃនេះ ក្នុងគោលបំណងឲ្យគណៈកម្មការ សម្របសម្រួល
កម្មវិធី សហគមន៍ព្រៃឈើ ថ្នាក់ខេត្ត ដែលទើបបង្កើត ត្រូវចេះចែករំលែក នូវព័ត៌មាន រវាងគ្នាទៅវិញទៅមក
អំពីសហគមន៍ព្រៃឈើ និងការគ្រប់គ្រងព្រៃឈើ ការបង្កើនកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលព្រៃឈើ ដៃគូ
អភិវឌ្ឍ និងអ្នកពាក់ព័ន្ធក្នុងខេត្ត ក្នុងគោលបំណង ឲ្យអ្នកពាក់ព័ន្ធ ដឹងអំពីប្រតិបត្តិការងារ (TOR)របស់គណៈ
កម្មការ សម្របសម្រួលកម្មវិធី សហគមន៍ព្រៃឈើ ថ្នាក់ខេត្តផងដែរ។