ត្រីឆ្ដោហាមចញ្ចឹមប៉ុន្តែមានលក់នៅលើទីផ្សារ

ខេត្តកំពង់ឆ្នាំង ៖ សាទការចេញបំរាម មិនអោយចិញ្ចឹមរស ត្រីឆ្ដោ ដោយសារត្រីប្រភេទនេះ ស៊ីត្រីដូចគ្នាហើយ
អ្នកចិញ្ចឹម បានទៅចាប់កូនត្រី នៅតាមបឹងធម្មជាតិ ឬទិញកូនត្រីដែរគេចាប់មកពីបឹង។ ប៉ុន្តែបំរាមនេះមិនមាន
ប្រសិទ្ធភាពឡើយ ព្រោះគេសង្កេតឃើញ មានអ្នកលួចលាក់ចិញ្ចឹម ត្រីឆ្តោ ត្រីរ៉ស់ បានដដែល នៅតាមតំបន់
មួយចំនួន ដោយការបិតភ្នែកបិតច្រមុះ មិនបង្ក្រាបពីសំណាក់មន្ត្រីជលផល និងអាជ្ញាធរ ជាថ្នូរនឹងលាភ
សក្ការៈ។

ប្រភពបានអោយដឹងថា នៅឆ្នាំនេះ ការចិញ្ចឹមត្រីឆ្តោ នៅតាមបែបានចាប់ផ្តើមកំរើកឡើងវិញ បន្ទាប់ពីភាពធូរ
លុង របស់មន្ត្រីជលផល និងមន្ត្រីអាជ្ញាធរ។ ការចិញ្ចឹមត្រីឆ្តោខុសច្បាប់នេះ ត្រូវបានគេរាយការណ៍មកថា បាន
ចាប់កើតមានទៀតហើយ នៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅក្នុងឃុំឆ្នុកទ្រូ ស្រុក
បរិបូរណ៍ និងនៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ប្រភពបានអោយដឹងទៀតថា មានត្រីឆ្តោរាប់សិបតោន ត្រូវបានគេដឹកចេញ ស្ទើរតែរាល់ថ្ងៃ ដោយឈ្មួញមួយ
ចំនួន ដឹកមកផ្ទេរដាក់រថយន្ត នៅមាត់កំពង់ឆ្នុកទ្រូ និងមួយចំនួនទៀត ដឹកចេញតាមទូកឌុកធំៗ ឆ្ពោះទៅកាន់
រាជធានីភ្នំពេញ។

ជាក់ស្តែង កាលពីថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៥ ត្រីឆ្តោចំនួន៨តោន ត្រូវបានគេដឹកតាមទូកឌុក មកផ្ទេរដាក់
ឡាននៅមាត់កំពង់ឆ្នុកទ្រូ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ម្ចាស់ត្រីឆ្តោបានដឹកចេញ ជាចំហរនិងដោយរលូន គ្មានការរំខានពីសមត្ថកិច្ចឡើយ។ ត្រីឆ្តោចំនួន៨តោននេះ
ត្រូវបានគេអះអាងថា ដឹកចេញពីខេត្តកំពង់ធំ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ អ្នកយកព័ត៌មានយើង មិនអាចទាក់ទងសុំការបំភ្លឺ ពីមន្ត្រីជលផលបានទេ
នៅរសៀលថ្ងៃទី២៩ឧសភានេះ។

យ៉ាងណាក៏ដោយ មហាជនបានលើក ជាសំណួរដោយឆ្ងល់ថា ត្រីឆ្តោត្រូវបានគេហាមចិញ្ចឹម ចុះហេតុអីបាន
ជាត្រីប្រភេទនេះ មានដាក់លក់នៅលើទីផ្សារ យ៉ាងច្រើន និងដឹកជញ្ជូនចេញរាល់ថ្ងៃ មិនចេះអស់ទៅវិញ៕

Lay-0445

04 (2)

eng cheasan2

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author