បន្ទាយមានជ័យ ៖ ក្នុងមួយខែៗលុយបង់ពន្ធចូលរដ្ឋស្ទើរតែរាប់ម៉ឺនដុល្លារត្រូវ ខាតបង់ដោយសារតែមានបទល្មើសម៉ូតូគេចពន្ធដែលឈ្មួញនាំចូលពីប្រទេសថៃ ទាំងថ្ងៃ និងយប់តាមច្រករបៀងស្រុកម៉ាឡៃ និងច្រកផ្សេងៗទៀត។
ការនាំចូលម៉ូតូស៊េរីទំនើបយកមកលក់ក្នុងខេត្តបន្ទាយមានជ័យដោយ មិនចាំបាច់ធ្វើការបង់ពន្ធជូនរដ្ឋនោះដោយសារតែពួកឈ្មួញទាំងអស់នោះ យកលុយទាំងពាន់ដុល្លារទៅបង់តាមផ្លូវងងឹតឲ្យមន្ត្រីពាក់ព័ន្ធ ជាច្រើនទៀត ទើបម៉ូតូធុនល្អៗទាំងអស់នោះអាចជិះចូលមកទីរួមខេត្តយកមកដាក់ លក់តាមស្តង់បានស្រួលយ៉ាងដូច្នេះ។ បញ្ហាបទល្មើសបានកើតឡើងយ៉ាងគគ្រឹកគគ្រេងមានដូចជាម៉ូតូគេចពន្ធ និងត្រាក់ទ័រជាដើមត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃតាម ច្រករបៀងដែលត្រូវបានឃុបឃិតជាមួយកំលាំងសមត្ថកិច្ចដែលឈរជើងតាម បន្ទាត់ព្រំដែន។ ជាក់ស្តែងនៅច្រករបៀងខ្លាងាប់ និងកោះស្នួលស្រុកម៉ាឡៃស្ថិតនៅក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ជាប្រភេទម៉ូតូដែលគេលួចពីប្រទេសថៃមកលក់អោយឈ្មួញខ្មែរទិញ នាំចូល។ ម៉ូតូដែលឈ្មួញនាំចូលតាមច្រករបៀងមាននៅស្រុកម៉ាឡៃ ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ដែលលួចនាំចូលក្នុង១ថ្ងៃៗមិនតិចជាង៥០គ្រឿងទេ។
ឈ្មួញទទួលទិញម៉ូតូដាក់លក់គ្មានពន្ធនៅតាមស្តង់ក្នុង ខេត្តបន្ទាយមានជ័យនេះបានយ៉ាងសេរី។ កន្លងមកលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យធ្លាប់បានដាក់វិធានការណ៍ដល់កំលាំង សមត្ថកិច្ចទាំងអស់ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដើម្បីមានវិធានទប់ស្កាត់និងបង្ក្រាបដែរ តែការបង្ក្រាបដូចជាគ្មានប្រសិទ្ធភាពនោះទេ៕
ប្រភព៖ កម្ពុជាថ្មី