ដោយ ៖ រស់ សុភា
មណ្ឌលគិរី ៖ ឆ្លៀតពេលឈប់សំរាកពីការងារ ៨មិនា មន្ត្រីរាជការ ក្នុងខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក
ឡុង វិបុល នាយកសាខាកាកបាទក្រហមខេត្ត បានដឹកនាំអំណោយ មនុស្សធម៌មួយចំនួន យកទៅចែកជូន
ដល់លោកតា លោកយាយ ចាស់ជរា ចំនួន៥នាក់ រស់ឃុំមេម៉ង់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី
០៨ មិនា ឆ្នាំ២០១៦នេះ ស្របនឹងថ្ងៃ អបអរសាទរ ខួបលើទី១០៥ ទិវាអន្តរជាតិ ០៨មិនា ឆ្នាំ២០១៦។
តាមការបញ្ជាក់ របស់នាយកសាខាកាកបាទក្រហម កម្ពុជាខេត្ត លោក ឡុង វិបុល បានឲ្យដឹងថា អំណោយ
ទាំងនេះ គឺជាអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី
ហ៊ុន សែន ជាប្រធាន ហើយជានិច្ចជាកាល សម្តេច តែងតែគិតគូរសុខទុក្ខដល់ ប្រជាពលរដ្ឋទូទាំងប្រទេស។
ជាក់ស្ដែងដូចថ្ងៃនេះអញ្ចឹង ក្រុមការងារ សាខាកាកបាទក្រហមខេត្តយើង បាននាំអំណោយយកមកចែកជូន
ដល់លោតា លោកយាយ ចំនួន៥នាក់ ដោយម្នាក់ៗ ទទួលបាន គ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិកា
បន្ថែមពីលើ ចំនួន៥ម៉ឺនរៀល។
លោកបានមានប្រសាសន៍ថា ថ្វីត្បិតតែអំណោយទាំងនេះ មានចំនួនតិចតួចក្តី នេះក៏ជាទឹកចិត្តដ៏ថ្លៃថ្លា ក្នុងការ
ចូលរួមចំណែក លើកកម្ពស់ស្ថានភាព ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក់ បានមួយ
កំរិតផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកនាយកសាខា កាកបាទក្រហមកម្ពុជាខេត្ត បានណែនាំដល់ប្រជាពលរដ្ឋ ទាំងអស់
ឲ្យត្រូវចេះចិញ្ចឹមសត្វ និងដាំដំណាំចម្រុះផ្សេងៗ ដើម្បីជួយសម្រាល នូវជីវភាព រស់នៅប្រចាំថ្ងៃ។ ម្យ៉ាងវិញ
ទៀតលោកបានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ត្រូវថែទាំសុខភាពឲ្យ បានល្អ ជាពិសេស ត្រូវចេះរស់នៅស្អាត
ហូបស្អាត និងផឹកស្អាត៕