ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ១០និង០០ នាទី កម្លាំងអាវុធហត្ថ ស្រុកមង្គលបូរី បានសហការជាមួយ កម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំ នៅចំណុចភូមិព្រះស្រែ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ រួមទាំងវត្ថុតាងជាច្រើន។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពីបានកម្លាំងសម្ងាត់ បានចុះស្រាវជ្រាវតាមដាន ករណីជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំ នៅក្នុងស្រុកមង្គលបូរី ជាច្រើនថ្ងៃ ទើបឈានដល់ ការបង្ក្រាបបានសម្រេច រួមទាំងបានដកហូតបានវត្ថុតាងរួមមាន គ្រឿងញៀន មេតំហ្វេតាមីនទឹកកក ទម្ងន់ជិតមួយ គីឡូក្រាម រថយន្តមួយគ្រឿង ម៉ាកទីកូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D-2085និង ម៉ូតូមួយគ្រឿង ម៉ាកអ៊ែរប្លេក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BB-4260។
លោកមេបញ្ជាការបានបន្តថា ជនសង្ស័យដែលត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបាន ១-ឈ្មោះ សោម សុភាព ភេទប្រុស អាយុ ៣០ឆ្នាំ ជាម្ចាស់ផ្ទះ ទីកន្លែងកំណើត នៅភូមិផាស៊ីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទីលំនៅបច្ចុប្បន្នភូមិ-ឃុំ កើតហេតុខាងលើ ។ ២-ឈ្មោះ មឿន គឹមឡេង ភេទស្រី អាយុ ២៩ឆ្នាំ ជាប្រពន្ធម្ចាស់ផ្ទះទីកន្លែងកំណើតភូមិកាបៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទីលំនៅបច្ចុប្បន្នភូមិ-ឃុំកើតហេតុខាងលើ ។
៣-ឈ្មោះ អួន សុនិន ហៅ វ័ន្ត ភេទប្រុស អាយុ ២០ឆ្នាំ មានលំនៅបច្ចុប្បន្ន ភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ៤-ឈ្មោះ ទេព ឈុនលី ភេទស្រី អាយុ ១៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិនាងកេត ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ និង៥-ឈ្មោះ ផល ចន្ថា ភេទស្រី អាយុ ១៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិហ្លួង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ បច្ចុប្បន្នកម្លាំងអាវុធហត្ថ កំពុងអនុវត្តន៍នីតិវិធីបន្ត និងឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ៥នាក់ និងវត្ថុតាងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ ផ្លែក សុភា
កម្ពុជាជោគជ័យ