ពលករខ្មែរទៅតាមមេខ្យល់ទៅរកការងារធ្វើនៅបាំងកក ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់៦នឹងរបួសធ្ងន់ស្រាល២០នាក់

ប្រទេសថៃ ៖ យ៉ាងហោចណាស់ ក៏មានពលករខ្មែរ ចំនួន៦នាក់ដែរ ក្នុងចំណោមពលករ ប្រមាណ៣០នាក់
ដែលបានស្លាប់ក្នុងឧប្បទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ ខណៈដែលពួកគេបានលបឆ្លងដែនគ្មាន
ច្បាប់ និងធ្វើដំណើរតាមរថយន្ត ក្នុងគោលបំនងទៅធ្វើការ នៅក្នុងទីក្រុងបាងកក ហើយត្រូវក្រុមតម្រួតដេញ
តាម ធ្វើអោយអ្នកបើករថយន្ត ព្យាយាមបើកគេចពីតម្រួតទាំងនោះ ទើបគ្រោះថ្នាក់បែបនេះកើតឡើងតែម្តង ។

យោងតាមព័ត៌មានពីក្នុងប្រទេសថៃ បានអោយដឹងថា ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២
រំលងអាធ្រាត ឈានចូលយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ សុវណ្ណាខន ចន្លោះ
បង្គោលម៉ែត្រលេខ២៨៣ នឹង២៨៤ ក្បែច្រកចូលសាលាស្រុក ស្ថិតក្នុងភូមិ២ ឃុំផាក់ខាក់ ស្រុកវឌ្ឍនា
ណាក់ខន ខេត្តស្រះកែវ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ គឺមានរថយន្តមួយគ្រឿង ម៉ាកមីតស៊ុយ ប៊ីស៊ី មួយគ្រឿង
ពាក់ស្លាកលេខ បាងកក ៩១៨១ បានបើកបរយ៉ាងលឿន ក្នុងទិសដៅពីផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញ ឆ្ពោះ
ទៅកាន់ទីក្រុងបាងកក ដែលមើលទៅហាក់ដូចជា មានល្បឿនមិនធម្មតានោះឡើយ ។

លុះទៅជិតដល់ចំនុចកើតហេតុខាងលើ ដោយសារតែយប់ជ្រៅផង ម៉្យាងដូចជាមានរថយន្តមួយគ្រឿងទៀត
កំពុងតែធ្វើសកម្មភាព ដេញតាមពីក្រោយផងនោះ ទើបធ្វើអោយរថយន្តនេះ បានព្យាយាមបើក កាន់តែលឿន
ឡើងៗ ដើម្បីគេចអោយផុតពីរថយន្តដែលកំពុងតាម គឺនៅពេលនោះហើយ ដែលធ្វើអោយរថយន្តនេះ បាន
រេចង្កូតទៅបុក នឹងបង្គោលភ្លើង បណ្តាលអោយបាក់ ដោយមានការទុស្សេខ្សែចរន្តផងដែរ ហើយរថយន្តបាន
ជ្រុលទៅធ្លាក់ក្នុងស្រះទឹក ផ្ងារពោះឡើងលើ ដោយបានសង្កត់មនុស្ស ដែលនៅក្នុងរថយន្ត ជាច្រើននាក់ថែម
ទៀតផង ភ្លាមៗនោះដែរ ទាំងក្រុមតម្រួតក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅជុំវិញទីតាំងកើតហេតុនេះបាន
ចេញមកជួយទាញយកមនុស្ស ដែលត្រូវរថយន្តសង្កត់នៅក្នុងទឹក យកឡើងមកលើគោក នៅពេលនោះដែរ
គេសង្គេតឃើញថា មនុស្សដែលរងរបួស និងស្លាប់នេះ គឺជាពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ ទៅធ្វើការ
នៅក្នុងប្រទេសថៃ តាមរយៈមេខ្យល់ថៃ ដែលជាអ្នកបើកបររថយន្ត ។

សរុបអ្នកស្លាប់ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ គឺមានពលករខ្មែរស្លាប់ ចំនួន ៦នាក់ ក្នុងនោះ
ស្រី៣នាក់ និងអ្នកដែលរងរបួសធ្ងន់ ស្រាល ចំនួន២៤នាក់ ក្នុងនោះស្រី១១នាក់ ដែលត្រូវបានបញ្ជូនទៅ
សង្គ្រោះនៅក្នុងមន្ទីរពេទ្យ វឌ្ឍនា ណាក់ខន ខ្លះបញ្ជូនទៅមន្ទីរពេទ្យស្រុកអារញ្ញ ចំណែកសព ក៏ត្រូវបានក្រុម
តម្រួតនាំយកទៅរក្សាទុក ហើយ រង់ចាំស្រាវជ្រាវ រកសាច់ញាតិ ដើម្បីប្រគល់ និងនាំឆ្លងដែនមកវិញ ។

នៅក្នុងពេលនោះ ក្រុមតម្រួតថៃ និងប្រជាពលរដ្ឋថៃ បាននាំគ្នាដើររុករក នៅតាមជាយព្រៃ ក្បែៗទីតាំងកើត
ហេតុ ក៏បានប្រទះឃើញ អ្នកបើកបររថយន្តដេកសន្លប់ ស្ថិតក្នុងសភាពរងរបួសធ្ងន់ ជាជនជាតិថៃមានឈ្មោះ
សៃ ឈ្លើមសារី ភេទប្រុស អាយុ៤៣ឆ្នាំរស់នៅភូមិ៤ ឃុំណូនម៉ាកខេង ស្រុកវឌ្ឍនាណាក់ខន
ខេត្តស្រះកែវ ។

ពលករខ្មែរម្នាក់ឈ្មោះ សន សុភាព ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅខេត្តពោធិសាត់ បាននិយាយថា
ខ្លួនរួមទាំងមិត្តភក្តិមួយចំនួន បាននាំគ្នាឡើងជិះរថយន្តនេះ ពីក្នុងផ្សាររោងក្លឿ ក្នុងគោលបំណង ទៅធ្វើការ
នៅក្នុងទីក្រុងបាងកក ហើយហេតុការណ៍ ដែលបានកើតឡើងនេះ គឺបណ្តាលមកពីមានរថយន្ត តម្រួតថៃ
ដេញតាមពីក្រោយ ទើបធ្វើអោយរថយន្តនេះ ខំប្រឹងបើកគេច ក៏ជួបនឹងគ្រោះថ្នាក់តែម្តង ៕

2016-06-09_21.48.09

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author