ដោយ ៖ សហការី CSN
ប្រកទេសថៃ ៖ កម្មករខ្មែរចំនួន៤នាក់ ក្នុងចំណោមប្រមាណជា៣០នាក់ ត្រូវបានកំលាំងចំរុះ របស់ភាគីថៃធ្វើ
ការឃាត់ខ្លួន ដើម្បីបញ្ជូនទៅកាន់អង្គភាពជំនាញ ខណៈដែលពួកគេ បានលបចូលទៅកាប់ឈើគ្រញូងក្នុង
ទឹកដីថៃ ដែលស្ថិតក្នុងតំបន់ហាមឃាត់ ។
យោងតាមប្រភពព័ត៌មាន ពីក្នុងប្រទេសថៃ បានបញ្ជាក់ថា នៅមុនកិច្ចប្រតិបត្តិការណ៍ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ
២០១៦ វេលាម៉ោង១០ នឹង៥នាទីព្រឹក គឺកំលាំងជំនាញ បានទទួលសេចក្តីរាយការណ៍មួយ ពីប្រជាពលរដ្ឋ
ដែលចូលទៅរកវល្លិ៍ និងរកផ្សិតជាដើម ដោយបានបញ្ជាក់ថា មានមនុស្សមួយក្រុម ប្រមាណជា៣០នាក់ បាន
និងកំពុងស្ពាយឈើគ្រញូង ចុះពីជួរភ្នំ វ៉ាំងក្រាក់ថៈ នៅចំកណ្តាលឧទ្យានជាតិប៉ាងស៊ីដា ស្ថិតក្នុងភូមិ៨ ឃុំ
ណងម៉ាកហ្វាយ ស្រុកវឌ្ឍនាណៈខន ខេត្តស្រះកែវ ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះរួចមក គឺកំលាំងមេព្រៃប្រចាំតំបន់ហ៊ួយឆាន់ បានធ្វើការសហការ
ជាមួយក្រុមអភិរក្ស ឧទ្យានជាតិប៉ាងស៊ីដា កំលាំងយោធា និងក្រុមតម្រួតថៃ ជាច្រើននាក់ បានចេញប្រតិបត្តិ
ការ ទៅកាន់ចំនុចខាងលើ ដោយធ្វើការឡោមព័ទ្ធ ក៏បានប្រទះឃើញ មនុស្សជាច្រើននាក់ កំពុងស្ពាយឈើ
ក្រញូងចុះពីតំបន់ភ្នំ មកបន្តកន្ទុយគ្នាមែន ។
សេចក្តីរាយការណ៍បានបន្តថា គ្រាន់តែឃើញកំលាំងចំរុះភ្លាម ពួកគេបានធ្វើជាសញ្ញា ដើម្បីអោយគ្នីគ្នាទំលាក់
ឈើចោល ហើយរត់យករួចខ្លួនរៀងៗខ្លួន ដោយបន្សល់ឈើក្រញូងនៅទីនោះ សរុបចំនួន៥០ដុំ ព្រមទាំងបាន
ឃាត់ខ្លួនមនុស្សចំនួន៤នាក់ ដើម្បីនាំយកមកកាន់ស្នាក់ការ ធ្វើការសាកសួរ ដោយជនទាំង៤នាក់នោះ គឺជា
កម្មករខ្មែរ ដែលមានមេក្លោង ជាជនជាតិថៃ បានដឹកនាំកំលាំងនេះ អោយចូលទៅកាប់ឈើទាំងនេះ ។
កម្មករខ្មែរទាំង៤នាក់នោះមានឈ្មោះ ទី១ សឿ ហ៊ុំ ភេទប្រុស អាយុ៣៥ឆ្នាំ ទី២ ឈ្មោះ គុណ ផាកុល ភេទ
ប្រុស អាយុ៣៤ឆ្នាំ ទី៣ ឈ្មោះ ហេន សំអាត ភេទប្រុស អាយុ៣៦ឆ្នាំ និងទី៤ ឈ្មោះ រ៉េត បោយ ភេទប្រុស
អាយុ៣៧ឆ្នាំ ដោយពួកគេបានសារភាពថា ពួកគេមានគ្នាប្រមាណ៣០នាក់ ដោយបែងចែកជាពីរក្រុម គឺក្រុម
ទី១ ជាអ្នកចូលទៅកាប់និងជ្រៀក រីឯក្រុមទី២ គឺជាអ្នកស្ពាយចុះពីភ្នំ ហើយពួកគេត្រូវមេឈ្មួញថៃ ជួលអោយ
ស្ពាយឈើនេះ ចេញពីតំបន់ឧទ្យាន ថាប់ឡាន ក្នុងខេត្តប្រាជីនបុរី ដោយដើរកាត់ព្រៃ ចេញទៅតំបន់ប៉ាងស៊ីដា
ហើយចុះពីភ្នំវ៉ាំងក្រាក់ថ ទើបមានរថយន្តមកចាំដឹក នៅទីនោះ ។
បច្ចុប្បន្នក្រោយពេលចុះកិច្ចប្រតិបត្តិការ កំលាំងជំនាញ បានប្រមូលឈើក្រញូងទាំង៥០ដុំ ទៅរក្សាទុកនៅ
ស្នាក់ការ ដោយឡែក កម្មករខ្មែរទាំង៤នាក់ ក៏កំពុងនាំខ្លួន យកទៅសាកសួរបន្ត នៅអង្គភាពជំនាញក្នុង
ខេត្តស្រះកែវផងដែរ ៕