ដោយ ៖ កម្ពុជា ជោគជ័យ CSN
បាត់ដំបង ៖ ពលរដ្ឋជាច្រើន នៅស្រុកសំពៅលូន បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានត្រីជាច្រើនតោន ដែរឈ្មួញ
នាំចូល តាមច្រកគីឡូ១៣ គឺត្រីដែលនៅមានគុណភាពល្អ ត្រូវគេយកទៅលក់ចែកចាយតាមទីផ្សារ ដោយមិន
កែច្នៃអ្វីឡើយ។
ចំណែកត្រីដែលខូចគុណភាព ត្រូវគេយកទៅច្នៃជាប្រហិតត្រី ណែមត្រី និងសង្វាក់ នៅក្រុងបាត់ដំបង ហើយ
លក់ចែកចាយទៅបណ្ដាខេត្តផ្សេងៗ ដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណា ចាត់វិធានការទប់ស្កាត់
ឡើយ។ បញ្ហានេះ ពលរដ្ឋទូទៅគួរពិចារណា ចំពោះការទិញប្រហិតត្រី ណែមត្រី និងសង្វាក់ ពីខេត្តបាត់ដំបង
ផងដែរ ព្រោះផលិតផលទាំងនេះ មិនមែនផលិតចេញពីត្រីរ៉ស់ ត្រីឆ្ដោ នេសាទពីបឹងទន្លេសាប ដូចកាលពីមុន
ទៀតឡើយ។ ផ្ទុយទៅវិញ គឺផលិតចេញពីត្រីខូចគុណភាព ដែលឈ្មួញនាំចូលយ៉ាងគំហុក តាមច្រកគីឡូ១៣
និងច្រកផ្សេងៗទៀត ក្នុងស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីពលរដ្ឋ ដែលរស់នៅក្បែរច្រកតំបន់គីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានឲ្យដឹងថា
រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ សមត្ថកិច្ចបានឃុបឃិត បើកដៃឲ្យឈ្មួញនាំចូលទំនិញខុសច្បាប់ និងទំនិញ
ខូចគុណភាព ពីប្រទេសសៀម តាមអំពើចិត្ត ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ជាក់ស្ដែងឈ្មួញខិលខូចបាន
នាំចូលត្រី៣ ប្រភេទ តាមច្រកគីឡូ១៣នេះ គឺត្រូប្រា ត្រីទីឡាប់យ៉ា និងត្រីត្រសក់ជាដើម ដោយគ្មានការវេច
ខ្ចប់ឲ្យបានត្រឹមត្រូវឡើយ។ ត្រីដែលឈ្មួញនាំចូលយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ ត្រូវបានគេទុកចោលនៅទី
សាធារណៈ មុនពេលមានរថយន្តមកដឹកជញ្ជូនបន្ត ចូលទៅក្រុងបាត់ដំបង។ ត្រីទាំងនោះត្រូវបានគេយកទៅ
ធ្វើជាប្រហិតត្រី ណែមត្រី និងសង្វាក់ ចែកចាយយ៉ាងគគ្រឹកគគ្រេង ក្នុងក្រុងបាត់ដំបង។
មន្ត្រីអាជ្ញាធរ និងមន្ត្រីរាជការក្នុងស្រុកសំពៅលូន បានឲ្យដឹងថា ការដែលឈ្មួញអាចនាំចូលទំនិញខុសច្បាប់
ទំនិញខូចគុណភាព រួមទាំងត្រីច្រើនប្រភេទផងនោះ គឺមានការឃុបឃិតជាមួយមន្ត្រីគយ មន្ត្រីកាំកុងត្រូល
និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
បញ្ហានេះលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម គួរពិនិត្យមើល
ភាពអសកម្ម របស់មន្ត្រីកាំកុងត្រូល នៅច្រកគីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបងផងដែរ ដើម្បីកុំឲ្យឃុប
ឃិត ជាមួយឈ្មួញខិលខូច ដោយខ្វះការពិចារណាតទៅទៀត។
សេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅក្បែរច្រកគីឡូ១៣ បានឲ្យដឹងថា ត្រីដែលឈ្មួញនាំចូលនោះ ភាគ
ច្រើនអន់គុណភាព ឬមានលាយសារធាតុគីមី ដើម្បីរក្សាគុណភាពផងដែរ ដែរអាចធ្វើឲ្យប៉ះពាល់ដល់សុខ
ភាពប្រជាពលរដ្ឋខ្មែរ ដែលទិញត្រីទាំងនោះទៅបរិភោគ ប្រចាំថ្ងៃផងដែរ។/