ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ រស់នៅក្នុងរាជធានី ភ្នំពេញត្រៀម លក្ខណៈ បង្ការនូវស្ថានភាព បម្រែបម្រួលអាកាសធាតុ ខណៈភ្លៀងនឹងនៅបន្តធ្លាក់ រហូតដល់៧ថ្ងៃជាប់ៗគ្នា ។
យោងតាមសេចក្ដីជូន ព័ត៌មានរបស់សាលារាជធានីភ្នំពេញ បង្ហោះក្នុងហ្វេសប៊ុក នៅព្រឹកថ្ងៃអាទិត្យទី២៨ ខែកញ្ញា នេះ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានត្រៀមម៉ូទ័របំរុងគ្រប់ ស្ថាននីយបូមទឹក បង្ការពេល ជន់លិចខ្លាំង ទីតាំងទំាងនោះរួមមានៈព្រះគន្លង់១ ព្រះគន្លង់២ ផ្សារចាស់ ចតុមុខ បឹងត្របែក បឹងទំពុន និង កប់ស្រូវ ។ សាលារាជធានីភ្នំពេញ ក៏បានណែនាំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ត្រូវតែបោសសម្អាត និងបាសំរាមចេញ ពីមាត់លូ ដើម្បីឲ្យទឹកហូរបានងាយស្រួល ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បន្ថែមថា “សាលារាជធានីភ្នំពេញ ត្រៀមលក្ខណៈជានិច្ចដើម្បីសង្គ្រោះកន្លែងជន់លិច” ។
សូមបញ្ជាក់ថា នៅព្រឹកនៅថ្ងៃអាទិត្យនេះ ភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ និងបានបណ្ដាល ឲ្យជន់លិចតំបន់ជាច្រើន និងផ្លូវសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ ៕
ផ្តល់សិទ្ធិដោយ ដើមអម្ពិល