ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ ព្រមទាំងអ្នករត់ម៉ូតូឌុប បាននាំគ្នាបើកម៉ូតូ ដេញតាមពីក្រោយ រថយន្ដកាមរី ស៊េរី២០០៧ ពណ៌ស គ្មានស្លាកលេខ មួយគ្រឿង បង្កឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់ ប្រជាពលរដ្ឋ នៅខណ្ឌដូនពេញ និងខណ្ឌចំការមន ស្មានតែ សមត្ថកិច្ចដេញ បង្ក្រាបក្រុមចោរប្លន់ ប្រដាប់ អាវុធ លួចរថយន្ដ ។ ប៉ុន្ដែធាតុពិតករណី ដែលកម្លាំងសមត្ថកិច្ច ជាច្រើននាក់បានបើក ម៉ូតូដេញតាម រថយន្ដស៊េរីទំនើប មួយគ្រឿងនេះ ដែលបើកដោយបុរស ម្នាក់មិនស្គាល់អត្ដសញ្ញាណ គឺកើតឡើង ពាក់ព័ន្ធ ទៅនឹងករណី គ្រោះថ្នាក់ចរាចរ កាលពីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។
ប្រភពព័ត៌មានពី សមត្ថកិច្ចបានឱ្យដឹងថា មុនដំបូងអ្នកបើក រថយន្ដស៊េរីទំនើបមួយ គ្រឿងនេះ បានបើកបុកម៉ូតូ នៅម្ដុំផ្លូវ២៤០ កែងផ្លូវព្រះនរោត្ដម ក្នុងទឹក ដីខណ្ឌដូនពេញ ពេលនោះ អ្នកបើក រថយន្ដមិន បានឈប់ដោះស្រាយជាមួយ អ្នកជិះម៉ូតូនោះឡើយ ហើយ បានបើករត់ធ្វើ ឱ្យជនរងគ្រោះ និងប្រជាពលរដ្ឋនៅក្បែរនោះ ជាពិសេសអ្នករត់ម៉ូតូបាន នាំគ្នាជិះម៉ូតូដេញ តាមពីក្រោយ រថយន្ដដែល ធ្វើដំណើរតាម ផ្លូវជាច្រើនខ្សែ ក្នុងខណ្ឌដូនពេញ និងធ្លាយទៅខណ្ឌ ចំការមន និងម្ដុំកោះពេជ្រ ។
ព្រឹត្ដិការណ៍នេះ បានធ្វើឱ្យមានការភ្ញាក់ ផ្អើលកាន់តែខ្លាំងឡើង រហូតធ្វើឱ្យកម្លាំង សមត្ថកិច្ចជាច្រើននាក់ ទាំងនគរបាលមូលដ្ឋាន នគរបាលចរាចរណ៍ និងអាវុធហត្ថបាន នាំគ្នាបើកម៉ូតូដេញ តាមពីក្រោយរថយន្ដ មួយគ្រឿងនេះ រហូតឃាត់បាននៅក្បែរ ធនាគារជាតិ ជិតមន្ទីរពេទ្យ ព្រះអង្គឌួង ។ សមត្ថកិច្ចបានបន្ដថា ក្រោយឃាត់រថយន្ដ បានស្នងការនគរបាល រាជធានីភ្នំពេញ បានបញ្ជាឱ្យបញ្ជូន រថយន្ដនិងអ្នក បើកបរទៅកាន់ ការិយាល័យចរាចរ ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដ តាមផ្លូវច្បាប់ ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បាន បញ្ជាក់អំពីអត្ដសញ្ញាណ អ្នកបើករថយន្ដស៊េរី ទំនើបនេះឡើយ ប៉ុន្ដែច្បាស់ជា កូនអ្នកមាន មុខមានមាត់ និងមានទ្រព្យសម្បត្ដិ ព្រោះបើករថយន្ដដែល មានតម្លៃថ្លៃ បែបនេះ ។
មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលមានជំនាញ លើកការដោះស្រាយ បញ្ហាគ្រោះថ្នាក់ចរាចរ បាននិយាយថា នេះមកពីអ្នកបើក រថយន្ដមិនចេះយល់ពីច្បាប់ ចរាចរណ៍ ហើយបើឈប់ដោះស្រាយ នោះនឹងគ្មានរឿងកើតឡើង ដែលធ្វើឱ្យមានការ ភ្ញាក់ផ្អើល បែបនេះទេ ៕
សូមទស្សនាវីដេអូខាងក្រោម ដែលរៀបរាប់អំពីគ្រោះថ្នាក់ចរាចរណ៍ (បទ៖ចង់សងអ្វី-ច្រៀងដោយ៖ ពេជ្រ សោភា) រួមគ្នាប្រុងប្រយ័ត្ន និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា
ផ្តល់សិទ្ធដោយ ដើមអម្ពិល