ភាពយន្ត​​ល្បី​ៗលំដាប់​ពិភព​លោក​៤រឿង​​​ ដែល​មាន​ប្រើ​ភាសា​ខ្មែរ​ក្នុង​នោះ!

មាន​ភាពយន្ត​បរទេស​ច្រើន​ដែរ​ ក្នុង​នោះ​មាន​ទាំង​ភាពយន្ត​ហូលីវូដ​ផង​ បាន​មក​ថត​ដល់​ប្រទេស​កម្ពុជា​ ដូច្នេះ​ចាំ​បាច់​ត្រូវ​ប្រើ​ភាសា​​ក្នុង​តំបន់​ទៅ​ក្នុង​សាច់​រឿង​នោះ​ ខ្លះ។ ភាពយន្ត​ខ្លះ​ទៀត​មិន​បាន​មក​ផលិត​នៅ​កម្ពុជា​ទេ​ ប៉ុន្តែ​បាន​ប្រើប្រាស់​ភាសា​ខ្មែរ​ មិន​មែន​ជា​ការ​បញ្ចូល​សំឡេង​ទេ​ ជា​ភាសា​ដើម​ នៅ​ក្នុង​នោះ​ដែរ។ តើ​ភាពយន្ត​ល្បី​ៗ​ដែល​ប្រើ​ប្រាស់​ភាសា​​ខ្មែរ​ក្នុង​នោះ​មាន​អ្វី​ខ្លះ?

១) រឿង​ “Lara Croft: Tomb Raider”​ ជា​ភាពយន្ត​ហូលីវូដ​ ផលិត​ក្នុង​ឆ្នាំ​២០០១​ សម្ដែង​ដោយ​តារា​ភាពយន្ត​ល្បី​ នាង​ Angelina Jolie ​ លោក​ Daniel Craig ​និង​តារា​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ ដែល​បាន​មក​ថត​នៅ​តំបន់​អង្គរ​ក្នុង​ខេត្ត​សៀមរាប​ មាន​ឈុត​និយាយ​ភាសា​ខ្មែរ​ ត្រង់​ប្រជាជន​ទាញ​ទ្វារ​ប្រាសាទ​ និង​នាង​ Lara Croft ​សុំ​ខ្ចី​ទូរសព្ទ​ពី​ព្រះ​តេជគុណ​មួយ​អង្គ។

២) រឿង​ “Beyond Borders”​ ជា​ភាពយន្ត​ហូលីវូដ​ ផលិត​ក្នុង​ឆ្នាំ​២០០៣​ សម្ដែង​ដោយ​តារាភាពយន្ត​ល្បី​ Angelina Jolie​ លោក ​Clive Owen ​ និង​តារា​ជា​ច្រើន​ដួង​ទៀត។ រឿង​នេះ​ថត​នៅ​ប្រទេស​អង់គ្លេស​ កាណាដា​ និង​ថៃ​ ប៉ុន្តែ​មាន​ឈុត​អំពី​ការ​ធ្វើ​ដំណើរ​​ឆ្លង​កាត់​ព្រៃ​ភ្នំ​នៃ​ប្រទេស​ កម្ពុជា​ រួច​បាន​ជួប​ប្រទះ​នឹង​ទាហាន​ខ្មែរ​ក្រហម​ ដែល​មាន​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​ក្នុង​នោះ​ខ្លះ​ដែរ។ ​

៣)  រឿង​ “Same Same But Different”​ ជា​ភាពយន្ត​របស់​អាល្លឺម៉ង់​ ផលិត​ក្នុង​ឆ្នាំ​២០០៩​ សម្ដែង​ដោយ​តារា​ភាពយន្ត​អាល្លឺម៉ង់​ David Kross ​ តារាភាពយន្ត​ថៃ​ Apinya Sakuljaroensuk​ និង​តារា​មួយ​ចំនួន​ទៀត។ រឿង​នេះ​និយាយ​ភាសា​ខ្មែរ​ច្រើន​ ដោយសារ​ទិដ្ឋភាព​ភាគ​ច្រើន​ថត​នៅ​ស្រុក​ខ្មែរ​ និង​សាច់​រឿង​ផ្ទាល់​និយាយ​ពី​ទំនាក់​ទំនង​រវាង​នារី​ខ្មែរ​ និង​បុរស​អាល្លឺម៉ង់​ម្នាក់។

៤) រឿង​ “Chinese Zodiac​” ជា​ភាពយន្ត​របស់​ចិន​ហុងកុង​ ផលិត​ក្នុង​ឆ្នាំ​២០១២​ សម្ដែង​ដោយ​កំពូល​តារា​ភាពយន្ត​ពិភពលោក​ ឈិនឡុង​ (Jackie Chan)​ តារា​កូរ៉េ​ Sang-Woo Kwon​ និង​តារា​ល្បី​ៗ​របស់​អាស៊ី​ជា​ច្រើន​ដួង។ ត្រង់​ឈុត​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​ជួញ​ដូរ​វត្ថុបុរាណ​ គេ​ក៏​ឮ​សំឡេង​អ្នក​ផ្សាយ​ព័ត៌មាន​និយាយ​ជា​ភាសា​ខ្មែរ​បន្តិច​ដែរ។

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author