សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងចុះហត្ថលេខាបន្តកិច្ចសន្យាព្រមព្រៀងរយៈពេល ៣ ឆ្នាំ ខាងមុខទៀត ជាមួយក្រុមហ៊ុនមិត្តហ្វូន ក្នុងរង្វង់ទឹកប្រាក់ ១ លាន ៥ សែនដុល្លារ នៅវេលាម៉ោង ១១ ថ្ងៃស្អែក ទី ៨ តុលា ឆ្នាំ ២០១៤ នៅសណ្ឋគារកាំបូឌីយ៉ា។
យោងតាមសេចក្ដីប្រកាសរបស់សហព័ន្ធកីឡា បាល់ទាត់កម្ពុជា ចុះថ្ងៃទី ៧ តុលា នេះ កិច្ចសន្យាខាងលើនឹងគិតចាប់ពីឆ្នាំ ២០១៦ ដល់ ២០១៨ ខណៈកិច្ចសន្យាចាស់ក្នុងឆ្នាំ ២០១៥ ខាងមុនមិនទាន់បញ្ចប់នៅឡើយនោះទេ។
ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង លោក Hoang Trung Hhanh អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន នឹងចុះហត្ថលេខារួមគ្នា ក្នុងកិច្ចសន្យាប្រាក់លានដុល្លារនេះ។
នេះការចុះកិច្ចសន្យាលើកទី៣ ហើយរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង ក្រុមហ៊ុនទូរស័ព្ទឯកជនមួយនេះ ដោយលើកដំបូងចាប់ពី ឆ្នាំ ២០១០ ដល់ ២០១២ និង លើកទី ២ គិតពីឆ្នាំ ២០១៣ ដល់ ២០១៥។
គេមិនទាន់ច្បាស់ថា ទឹកប្រាក់ចំនួន ១ លាន ៥ សែនដុល្លារសហរដ្ឋអាមេរិក នឹងត្រូវចំណាយលើអ្វីខ្លះនៅឡើយនោះទេ ប៉ុន្តែជាថ្នូរនឹងកិច្ចព្រមព្រៀង លីកបាល់ទាត់កំពូលកម្ពុជា បានប្តូរឈ្មោះខ្លួនទៅជា «មិត្តហ្វូនខេមបូឌានលីក» គិតចាប់តាំងពីឆ្នាំ ២០១០ មកផងដែរ។
ប្រភព៖ sabay