អគ្គនាយកគយ គុណ ញឹម មិនគួមើលរំលងសកម្មភាព លោក កែវ វណ្ណី ប្រធានសាខាគយខេត្តតាកែវ បើកដៃឲ្យមន្ត្រីក្រោមឱវាទ ប្រព្រឹត្តអំពើពុករលួយ យ៉ាងគឃ្លើននោះទេ

ចេញផ្សាយដោយ ៖ អង្គភាព CSN

ខេត្តតាកែវ ៖ យោងតាមប្រភពព័ត៌មាន ពីក្រុមសមត្ថកិច្ច នឹងមន្ត្រីរាជការតូចតាច នៅក្នុងខេត្តតាកែវ បានឲ្យដឹងថា លោក កែវ វណ្ណី ប្រធានសាខាគយនឹងរដ្ឋាករ ខេត្តតាកែវ កំពុងតែបើកដៃ ឲ្យមន្ត្រីក្រោយឱវាទរបស់ខ្លួន ប្រព្រឹត្តអំពើពុករលួយ ដោយឃុបឃិតឲ្យឈ្មួញ ធ្វើសកម្មភាព ដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់ នឹងទំនិញខូចគុណភាព ចូលមកកម្ពុជា យ៉ាងពេញបន្ទុក ពុំមានការត្រួតពិនិត្យ នឹងបង្ក្រាប ជាថ្នូរទៅនឹងលាភសក្ការៈ។

ប្រភពខាងលើបានបន្តថា បច្ចុប្បន្ន គេបានឃើញរោងគយចល័តមួយកន្លែង ដែលអ្នកស្រុក និយមហៅថា កុងត្រូលជជុះ របស់មន្ត្រីគយ ក្រោមការគ្រប់គ្រង របស់លោក កែវ វណ្ណី បានបោះទីតាំង ជាយូឆ្នាំមកហើយ នៅចំណុច ភូមិសឹង សង្កាត់រការក្រៅ ស្រុកដូនកែវ ក្រុង/ខេត្តតាកែវ ចង់អង្រឹង ដេកចាំរាប់ក្បាលឡាន កើបប្រមូលលុយ ដាក់ហោប៉ៅ យ៉ាងគឃ្លើន អ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺមិនត្រឹមតែ មានទំនិញគេចពន្ធ និងទំនិញបង់ពន្ធ មិនគ្រប់នោះទេ ក្នុងនោះក៍មានទំនិញ ខូចគុណភាព ផងដែរ។

ប្រភពដដែលបានបន្តថា ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ នឹងទំនិញខូចគុណភាព កំពុងមានការលំហូរ ចូលយ៉ាងពេញបន្ទុក ដោយមានការឃុបឃិត នឹងបើកដៃ ពីប្រធានការិយាល័យគយនឹងរដ្ឋាករ ច្រកទ្វារអន្តរជាតិភ្នំដិន នឹងច្រករបៀង ចំនួន២នៅក្បែនោះ ពិសេសជាងនេះទៅទៀត នៅផែកំពង់អំពិល ស្ថិតក្នុងស្រុកបុរីជលសា ប្រធានការិយាល័យគយនឹងរដ្ឋាករ កំពង់ក្រសាំង ក៍មានការ ឃុបឃុតបើកដៃ ឲ្យឈ្មួញនាំទំនិញពីយួន ចូលមកខ្មែរ យ៉ាងគគ្រឹកគគ្រេង ក្នុងនោះទំនិញសំខាន់ៗ មានដូចជា ដែក ស៊ីម៉ងត៍ គ្រឿងម៉ាស៊ីន នឹងជីគីមី ។ល។ ដឹកតាមរថយន្តធំៗ ផ្ទុកលើសទម្ងន់ បំផ្លាញផ្លូវថ្នល់ទៀតផង។

ប្រភពខាងលើ បានបញ្ជាក់ឲ្យដឹងថា មិនតែប៉ុណ្ណោះ មន្ត្រីគយ ខេត្តតាកែវ ក៍បានទៅចាប់ដៃ ឃុបឃិតគ្នា ជាមួយមន្ត្រីគយ ខេត្តកណ្ដាល ដើម្បីឲ្យសម្របសម្រួល ឲ្យឈ្មួញ ដឹកទំនិញគេចពន្ធផ្សេងៗ ឆ្លងកាត់ខេត្តកណ្ដាល ចូលទៅភ្នំពេញ។ តែមន្រ្តីគយ ខេត្តតាកែវ ត្រូវគេដឹងថា ទទួលបាន ផលប្រយោជន៍ ច្រើនជាងគេ។

ពាក់ព័ន្ធការលើកឡើងខាងលើ មន្ត្រីរាជការនឹងប្រជាពលរដ្ឋជាច្រើន បានរិះគន់ លោក កែវ វណ្ណី ប្រធានសាខាគយនិងរដ្ឋាករ ខេត្តតាកែវថា ជិះរថយន្តទំនើប តែការងារគ្មានប្រសិទ្ធភាព ដោយគេដាក់ការសង្ស័យថា មន្រ្តីគយខាងលើ គឺគិតតែធ្វើយ៉ាងម៉េច ប្រមូលលុយឲ្យបានច្រើនដាក់ហោប៉ៅប៉ុណ្ណោះ។

ក្រុមឈ្មួញដឹកទំនិញ ពីប្រទេសវៀតណាម ចូលមកខ្មែរ តាមខេត្តតាកែវ បានបង្ហើបឲ្យដឹងថា សព្វថ្ងៃនេះ រថយន្តដឹកទំនិញទាំងអស់ ដែលបើកមកកាត់មុខ ស្នាក់ការគយចល័ត ដែលមានទីតាំងខាងលើ នៅខេត្តតាកែវ ត្រូវតែឈប់បង់លុយ ចាប់ពី ២ម៉ឺនរៀល ទៅ៥ម៉ឺនរៀល ទៅតាមប្រភេទ រថយន្តនិងទំនិញ តិចឬច្រើន ដោយមន្រ្តីគយ មិនខ្វល់ថាទំនិញ ទាំងអស់នោះ ជាទំនិញស្របច្បាប់ ឬក៏ខុសច្បាប់នោះទេ សំខាន់ឲ្យតែមក ដល់កន្លែង ត្រូវតែឈប់បង់លុយ តាមការកំណត់។

ហេតុនេះ ពលរដ្ឋ នឹងមន្ត្រីរាជការ ខេត្តតាកែវ បានលើកឡើងផងដែលថា ការដែល មន្ត្រីគយ មេគយច្រកទ្វារអន្តរជាតិភ្នំដិន នឹងមេគយច្រកផ្សេងៗទៀត ហ៊ានធ្វើបែបនេះ គឺដោយសារ មានការឃុបឃិត នឹងបើកដៃពីសំណាក់ ប្រធានសាខាគយ ខេត្តតាកែវ ផងដែរ។

ទង្វើបែបនេះ មិនគួរលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកគយនឹងរដ្ឋាកម្ពុជា មើលរំលងទេ ហើយក៍មិនគួរបណ្តែតបណ្តោយ តទៅទៀតទេ ជាពិសេស សូមឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ មេត្តាចាត់មន្ត្រី ចុះអង្កេតជាក់ស្ដែង ទៅលើអង្គភាពគយខាងលើ ជាបន្ទាន់ផង។ព្រោះមាន សេចក្តីរាយការណ៍មកថា រឿងទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ហូរចូលតាមច្រកព្រំដែនក្នុងខេត្តតាកែវ ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធ យ៉ាងច្រើនក្នុងមួយខែៗ។

ទោះយ៉ាងណាការលើកឡើង អង្គភាព CSN មិនអាចស្វែងរក ការបកស្រាយពន្យល់ ពីលោក កែវ បណ្ណី ប្រធានសាខាគយនឹងរដ្ឋាករ ខេត្តតាកែវបានទេថ្ងៃនេះ ដោយគ្មានលេខទំំនាក់ទំនង អង្គភាពយើង រង់ចាំការបំភ្លឺនៅពេលក្រោយ ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ អង្គភាពយើង ទទួលនូវការរិះគន់ ពីសំណាក់អស់លោក រាល់ម៉ោងធ្វើការ អាចទំនាក់ទំនងមកកាន់ការិយាល័យ តាមរយៈទូរស័ព្ទលេខ 097 777 6000 ៕ ដោយអ្នកប្រមាញ់

 

1490312721348 IMG_20170324_063517 IMG_20170324_071821 IMG_20170324_071756

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author