Buakaw ដើរ​ចេញ​ពី​សង្វៀន​ពេល​ប្រកួត​ផ្ដាច់ព្រ័ត្រ​ K-1 World MAX (វីដេអូ)

កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ​របស់​ថៃ Buakaw Banchamek បាន​ដើរ​ចេញ​ពី​សង្វៀន​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ K-1 World MAX Finals ប្រភេទ​ទម្ងន់​ ៧០គីឡូក្រាម​យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ ការ​បាត់​មុខ​ទាំង​មិន​ទាន់​ចប់​ការ​ប្រកួត​នេះ បាន​ធ្វើ​ឲ្យ​​កីឡាករ​អាល្លឺម៉ង់​ Enriko Kehl ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ដោយ​ស្វ័យប្រវត្តិ​តែ​ម្ដង។

តើ​មូលហេតុ​អ្វី​បាន​បណ្ដាល​ឲ្យ​កីឡាករ​ល្បី​ដូច Buakaw បោះបង់​ការ​ប្រកួត​ដ៏​សំខាន់​បែប​នេះ?

kehl_champion

Kehl ឈ្នះ​ខ្សែ​ក្រវាត់ K-1

នៅ​ក្នុង​ការ​ប្រកួត​ពេញ​៣ទឹក​ កីឡាករ​ទាំង​២ ត្រូវ​បាន​ចៅក្រម​ផ្ដល់​ពិន្ទុ​ឲ្យ​ស្មើ​គ្នា ដូច្នេះ​តាម​ច្បាប់​នៃ​ការ​ប្រកួត តម្រូវ​ឲ្យ​មាន​ការ​បន្ថែម​១ទឹក​ ដើម្បី​រក​អ្នក​ឈ្នះ​អ្នក​ចាញ់​ឲ្យ​ឃើញ។ ប៉ុន្តែ​ពេល​ដែល​ពិធីករ​កំពុង​ប្រកាស​ថា​បន្ថែម​ទឹក​នោះ ស្រាប់​តែ​គេ​មិន​ឃើញ​មាន​វត្តមាន​ Bouakaw នោះ​ទេ។

នៅ​មុន​ការ​ប្រកួត​មក​ដល់ មាន​ការ​ទស្សន៍ទាយ​ជា​ច្រើន​ថា​ Boukaw នឹង​អាច​ឈ្នះ​ Kehl បាន​ដោយ​ងាយ ត្បិត​អី​កាល​ពី​ឆ្នាំ​មុន​​រូប​គេ​បាន​យក​ឈ្នះ​ម្ដង​រួច​មក​ហើយ។ នៅ​ពេល​ការ​ប្រកួត​ចាប់​ផ្ដើម​ គេ​ឃើញ Kehl ហាក់​ដូច​ជា​ផ្ដោត​អារម្មណ៍​បាន​ល្អ​ជាង ហើយ​បាន​វាយ​ទៅ​លើ Boukaw ខណៈ​ Boukaw មាន​ប្រៀប​ជាង​បើ​គិត​លើ​ការ​ប្រកួត​ទាំង​មូល ប៉ុន្តែ​​មិន​មាន​ការ​វាយ​អ្វី​ឲ្យ​ត្រូវ​ជា​ដុំ​កំភួន​នោះ​ឡើយ។

ពេល​​មាន​ការ​ប្រកាស​លទ្ធផល​ស្មើ​គ្នា ហើយ​ត្រូវ​បន្ថែម​ទឹក​នោះ ទាំង​ Buakaw, គ្រូ​បង្វឹក​របស់​គេ និង​អ្នក​ចាត់ការ Yim បាន​ចាកចេញ​ពី​សង្វៀន​បាត់​ទៅ​ហើយ។ ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​ជ័យជម្នះ​ត្រូវ​បាន​ផ្ដល់​ជូន​ទៅ Kehl តែ​ម្ដង។ (បើ​មើល​លើ​វីដេអូ​ខាង​ក្រោម Buakaw បាន​បាត់​មុខ​តាំង​ពី​មុន​ការ​ប្រកាស​លទ្ធផល​ថា​ស្មើ​គ្នា​ទៅ​ទៀត។ ប្រភព​ថ្មី​ចុង​ក្រោយ​បាន​បញ្ជាក់​ថា​រូប​គេ​បាន​ដើរ​ចេញ​ក្រោយ​ចប់​ទឹក​ទី​ ៣​ភ្លាមៗ រួច​ធ្វើ​ដំណើរ​ទៅ​ចូល​ឡាន​ទាំង​គ្មាន​និយាយ​រក​អ្នក​ណា​ម្នាក់​ឡើយ)។

នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ហេតុផល​ច្បាស់​លាស់​ពី​ការ​ដើរ​ចេញ​​ដ៏​ កម្រ​​របស់​កំពូល​អ្នក​ប្រដាល់​ពេញ​ដោយ​បទ​ពិសោធន៍​រូប​នេះ​ឡើយ ប៉ុន្តែ​មាន​មតិ​ខ្លះ​លើក​ឡើង​ថា​ K-1 អាច​ជាប់​ទាក់ទង​នឹង​ល្បែង​ភ្នាល់​ខុស​ច្បាប់។

យ៉ាង​ណា​ក្ដី ទោះ​ហេតុផល​នៅ​ពី​ក្រោយ​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​ដើរ​ចេញ​​របស់ Buakaw ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អាកប្បកិរិយា​មិន​សមរម្យ និង​មិន​មាន​លក្ខណៈ​អាជីព។

K-1_World_MAX_2014

​Buakaw គឺ​ជា​កំពូល​អ្នក​ប្រដាល់​ថៃ​ ដែល​ធ្លាប់​គ្រង​ខ្សែ​ក្រវាត់​ជា​ច្រើន ហើយ​ក៏​ជា​ជើង​ខ្លាំង​ក្នុង​ប្រដាល់ K-1 ផង​ដែរ។ ឆ្លង​កាត់​ការ​ប្រកួត​២៤៩ប្រកួត​ អ្នក​ប្រដាល់​​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​សុរិន្ទ​រូប​នេះ ឈ្នះ​២១៦ប្រកួត ស្មើ​១២ និង​ចាញ់២១។

ការ​ប្រកួត​ K-1 World MAX 2014 ​ ផ្ដាច់ព្រ័ត្រ ធ្វើ​ឡើង​នៅ​ខេត្ត​ប៉ាតាយ៉ា​​ ប្រទេស​ថៃ។ មុន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Buakaw បាន​យក​ឈ្នះ​កីឡាករ​អេស្ប៉ាញ ចិន និង​កូរ៉េខាងត្បូង ចំណែក​ឯ​ Kehl បាន​បំបាក់​កីឡាករ​ហុល្លង់ អេស្ប៉ាញ និង​កាណាដា។

box

​សូម​មើល​វីដេអូ​នៃ​ការ​ប្រកួត​ខាង​ក្រោម៖

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author