ចេញផ្សាយដោយ ៖ អង្គភាព CSN
បន្ទាយមានជ័យ ៖ ទីបំផុតប៉ូលិសទំនើង ឈាន ពិសិដ្ឋ ក្រោយការប្រព្រឹត្ត នូវទង្វើដ៍ធ្ងន់ធ្ងរ បានប្រើប្រាស់អាវុធខ្លីរបស់ខ្លួន បាញ់បោះខុសច្បាប់ ប៉ុនប៉ងមនុស្សឃាត ទៅលើ លោកវរសេនីយ៍ត្រី សេម មករា ជានាយផ្នែករដ្ឋបាល នៃប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ រួចមក លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ដែលមានអត្តលេខ៥៤៥៤៥ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានក្រសួងមហាផ្ទៃ អនុវត្តវិន័យហើយ ដោយដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញ ពីក្របខ័ណ្ឌមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់ ។
យោងតាមប្រកាសលេខ៩៧៦ប្រក ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ស្តីពីការបណ្តេញចេញពីក្របខ័ណ្ឌ នគរបាលជាតិ ចំពោះវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងថា ប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗ ត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមេសា ឆ្នាំ២០១៧ នេះតទៅ ។
ពាក់ព័ន្ធនឹងអំពើបាញ់ប្រហារ របស់លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ទៅលោកវរសេនីយ៍ត្រី សេម មករា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ កន្លងមកនេះ បានធ្វើឲ្យមជ្ឈដ្ឋាន មន្ត្រីរាជការ និងប្រជាពលរដ្ឋ ភាគច្រើន សម្តែងនូវការសោកស្តាយ ដោយជាបទល្មើសជាក់ស្តែង ប៉ុន្តែបែរជា ប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បណ្ដោយឲ្យជនដៃដល់ ដើរចេញយ៉ាងសុខស្រួល ដូចគ្មានរឿងអ្វីកើតឡើង ទៅដេកសម្ងំនៅផ្ទះ យ៉ាងរំភើយ មិនអនុវត្តនីតិវិធី ចាប់ឃាត់ខ្លួនភ្លាមៗអនុវត្តតាមវិធានការច្បាប់ ដូចទុកឱកាស ឲ្យជនដៃដល់បានរត់គេចខ្លួនផងដែរ ហើយទើបម្នីម្នា ស្វែងរកតាមចាប់ខ្លួន យកមកផ្តន្ទាទោសទៅវិញ ។
ទោះយ៉ាងណាក៏ដោយ មជ្ឈដ្ឋានប្រជាពលរដ្ឋ និងមន្ត្រីរាជការភាគច្រើន បានសម្តែងនូវការគាំទ្រ ចំពោះចំណាត់ការ ដ៍ក្តៅគគុក ទៅលើប៉ូលិសទំនើង ឈាន ពិសិដ្ឋ ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងលុបឈ្មោះ ចេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ ព្រមទាំងបញ្ជូន ជនដៃដល់ទៅកាន់តុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់ផងដែរ៕ ដោយអ្នកប្រមាញ់