ចេញផ្សាយដោយ ៖ អង្គភាព « CSN » ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 097 777 6000
ខេត្តត្បូងឃ្មុំ ៖ មកទល់ពេលនេះ នៅតែមានការ លើកឡើង និយាយតៗគ្នា រឿងលោក នូ ស៊ីថា អតីតប្រធានការិយាល័យគយ ច្រកទ្វារដូង ៧ដើម ដែលទើបផ្លាស់ប្ដូរ មកកាន់តំណែង ជាប្រធានសាខាគយនឹងរដ្ឋាករ ខេត្តត្បូងឃ្មុំ ថ្មីៗនេះថា៖ លោក នូ ស៊ីថា មកកាន់ជាមេសាខាគយ ខេត្តត្បូងឃ្មុំនោះ ហាក់កំពុងត្រូវប៉ាន់ ឡើងយីអ៊ុនខ្លាំងណាស់ ក្នុងករណីប្រព្រឹត្តអំពើពុករលួយ របស់គាត់ គឺកំពុងតែល្បីល្បាញ តែខាងគាបជម្រិត ឲ្យក្រុមឈ្មួញបទល្មើសសេដ្ឋកិច្ច និងមេឈ្មួញបទល្មើសព្រៃឈើ ចូលបង់លុយគិតជាជើង នឹងបង់លុយគិតជាខែ មួយចំនួន យ៉ាងគ្រប់ទឹកតែម្ដង មិនគួរឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មើលរំលងទេ។
ប្រភពព័ត៌មាន ពីក្រុមមន្ត្រីគយ និងឈ្មួញមួយចំនួនដែលរកស៊ី ដឹកទំនិញគេចពន្ធ និងដឹកបទល្មើសព្រៃឈើ កំប៉ិចកំប៉ុក បានទម្លាយឲ្យអង្គភាព CSN យើងដឹងថា៖ ចាប់តាំងពីលោក នូ ស៊ីថា អតីតជា ឈ្មួញរកស៊ីឈើ និងជាមេគយ ប្រចាំច្រកដូង ៧ដើម បានរត់ការឡើងធ្វើជាប្រធានសាខាគយ និងរដ្ឋាករ ប្រចាំអាណាចក្រ ខេត្តត្បូងឃ្មុំ ជាតំបន់សេដ្ឋកិច្ច ពេលណាមក គឺក្រុមឈ្មួញទាំងអស់ បានប្រមូលគ្នា មកដឹកជញ្ជូនបទល្មើសសេដ្ឋកិច្ច នៅតាមច្រករបៀង និងតាមច្រកអន្តរជាតិ ក្នុងខេត្តនេះ យ៉ាងផុលផុសបំផុត ។
ថ្មីៗនេះ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថា៖ មានការដឹកជញ្ជូនឈើខុសច្បាប់ និងការហូរចូលទំនិញបង់ពន្ធមិនគ្រប់ ដែលគេសង្កេតឃើញលោក នូ ស៊ីថា បានប្រើឥទ្ធិពលរបស់ខ្លួន ប្រៀបបាននឹងស្តេចត្រាញ់ក្តោបប្រភពចំណូលសេដ្ឋកិច្ច យ៉ាងណែនពេញដៃ មិនដែលក្រែង ញញើត ពីការរឹតបន្តឹង របស់អង្គភាពប្រឆាំងអំពើពុករលួយនោះទេ ។ ហើយឈ្មួញទាំងតូចទាំង ធំសុទ្ធតែញាក់សាច់គ្រប់ៗគ្នា មិនសូវហ៊ានក្អក ជាមួយលោក នូ ស៊ីថា ដែលជាមេគយដ៏មហិមា ប្រចាំខេត្តត្បូងឃ្មុំនោះទេ ដោយខ្លាចគាត់ គាបលែងយល់យោគ ពិតជាយ៉ាប់ហើយ។
បើតាមប្រភពផ្ទៃក្នុង ពីមន្ត្រីគយតូចតាច មួយចំនួន បានអោយដឹងថា កាលពីមុន ពួកគេអាចរកចំណូល ពីការងារកំប៉ិកកំប៉ុក តាមរយៈការ បន្តក់ពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើ និងឈ្មួញនាំចូលទំនិញបង់ពន្ធមិនគ្រប់គ្រាន់ រួចថ្លៃបាយ នឹងទុកផ្ញើឲ្យប្រពន្ធកូន រៀងរាល់ ពេលដាច់ខែបានខ្លះៗផងដែល។
តែមកទល់នេះ ផ្ទុយទៅវិញ ចាប់តាំងពីពេលដែល រាជរដ្ឋាភិបាល ប្រកាស បង្កើតខេត្តត្បូងឃ្មុំ ហើយលោក នូ ស៊ីថា ក៏បានចាយលុយ តូរត់ការ ឡើងធ្វើជាប្រធានសាខាគយ ខេត្តត្បូងឃ្មុំថ្មីនោះ ដែលគេដឹងថា ជាប្រភពចំណូលគ្រប់បែបយ៉ាង មិនចេះរីងស្ងួត និងត្រូវបាន លោក នូ ស៊ីថា ក្តោបយ៉ាងណែនពេញដៃមិនឲ្យរបូតដល់ដៃមន្ត្រី តូចតាចនោះទេ ហើយជាធម្មតា លោក នូ ស៊ីថា បានប្រើប្រាស់ លោក យឹម វណ្ណៈ ជាមេគយ ច្រកដូង៧ដើម ជាសេនាធិការ ឲ្យកាន់ការងារសេដ្ឋកិច្ចប្រមូលលុយ យកទៅចែកគ្នាធ្វើមាន ធ្វើបាន យ៉ាងក្រអឺតក្រទមបំផុត ។
ជាងនេះទៅទៀត បើតាមក្រុមអ្នករកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ មួយចំនួន បានឲ្យដឹងថា លោក នូ ស៊ីថា បានតាំងខ្លួនជា ស្តេចត្រាញ់ ដ៏មានឥទ្ធិពល ប្រចាំច្រកដូង ៧ដើម យ៉ាងល្បីខាងគោះគាបជំរិត លើខ្នងអាជីវករ ក្រុមឈ្មួញ និងគៃបំបាត់ពន្ធរដ្ឋ ជាយូរឆ្នាំមកហើយ ។
ថ្មីៗនេះ មន្ត្រីគយបានលើកឡើង ឲ្យដឹងថា ដើម្បីទប់ស្កាត់ ការបែកធ្លាយព័ត៌មានអាស្រូវនោះ លោក នូ ស៊ីថា ក៏បាន ពង្រីកអំណាចកាន់តែខ្លាំង បន្ទាប់ពីឡើងតំណែង ជាមេគយ ខេត្តត្បូងឃ្មុំ ពេញសិទ្ធហើយនោះ គឺ លោក នូ ស៊ីថា ដែលជាអតីត ជាឈ្មួញរកស៊ីឈើ និងមាន ខ្នងបង្អែកក្រាស់ ពីឧកញ៉ា លឹម ប៊ុនណា « ហៅខ្នា » ដែលជាឈ្មួញ រកស៊ីឈើធំជាងគេ ប្រចាំភូមិភាគឦសានផងនោះ បានប្រើប្រាស់ មេច្រកអន្តរជាតិ និងច្រករបៀង ជាសេនាធិការ ឲ្យគៀងគរ គាបជម្រិតជាន់.កឈ្មួញ ប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុក ដូចជាមេគយប៉ុស្តិ៍ ត្រពាំងផ្លុងជាដើម ។
ក្រៅពីប្រើជំនាញ គាបគោះទៅលើក្រុមឈ្មួញ យ៉ាងស្ទាត់ជំនាញហើយនោះ គឺលោក នូ ស៊ីថា ក៏បានគៀងគរ ហៅក្រុមឈ្មួញបទល្មើសព្រៃឈើ និងបទល្មើសសេដ្ឋកិច្ច ស្ទើរគ្រប់ប្រភេទ ឲ្យមកចូលតាមច្រក របស់ខ្លួន ងាយស្រួលឲ្យខ្លួន ក្នុងការកើបយកចំណូលបទ
ល្មើសសេដ្ឋកិច្ច ទៅធ្វើមានបានផ្ទាល់ខ្លួន យ៉ាងត្រេកត្រអាលបំផុត មិនគួរបើលោក អូន ព័ន្ធមុនីរ័ត្ន និងលោកមេគយធំ គុណ ញឹម មើលរំលងសកម្មភាព របស់គាត់ទេ ។
ពាក់ព័ន្ធការលើកឡើង នឹងរិះគន់ខាងលើ អង្គភាព CSN មិនទាន់អាចសុំកាបំភ្លឺ ពីលោក នូ ស៊ីថា ប្រធានសាខាគយនឹងរដ្ឋាករ ខេត្តត្បាូងឃ្មុំ បានទេថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរង់ចាំ ការបកស្រាយពីលោក នូ ស៊ីថា នៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់