ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000
ភ្នំពេញ ៖ យោងតាមលិខិតផ្លូវការ របស់លោក ហ៊ុន សាន បានលើកឡើងថា លោក ព្រនទាំងក្រុមគ្រួសារលោក និងសហការីរបស់លោក ដែលបានចុះទៅរៀបចំអភិវឌ្ឍន៍លើដីធ្លីរបស់លោក ដែលមានទំហំ ១១៩ហិកតា នៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ត្រូវបានលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ធ្វើការគំរាមកំហែង ដ្បិតលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ តែងតែការពារ ជនល្មើសក្នុងការរំលោភយកដីធ្លីលោក និងកូនរបស់លោក ធ្វើឲ្យបាត់បង់ភាពកក់ក្តៅ ធ្លាក់ចុះនូវប្រជាប្រិយភាព បាត់បង់សាមគ្គីភាពផ្ទៃក្នុង ជំនឿទុកចិត្ត ក្នុងជួរគណបក្សប្រជាជនកម្ពុជា ពិសេសក្រុមគ្រួសារ ថ្នាក់ដឹកនាំប្រទេស ។
កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ ថ្មីៗនេះ លោក ហ៊ុន សាន បម្រើការងារនៅសហគ្រាសសាធារណៈ ភ្នាក់ងារកម្ពុជានាវាចរ «កាំសាប» នៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាឪពុកបង្កើតលោកឧត្តមសេនីយ៍ទោ ហ៊ុន ជា នាយនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ អត្តលេខ៥៥៥៥៥ អនុប្រធាននាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ ក្រសួងមហាផ្ទៃ និងត្រូវជាបងប្រុសបង្កើត របស់សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើលិខិតផ្លូវការមួយច្បាប់ គោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំឲ្យមានការថ្កោលទោស និងចាត់វិធានការម៉ឺងម៉ាត់ ទៅលើលោក ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ ដោយចោទប្រកាន់ថា ប្រើអំណាចគាបសង្កត់ ជិះជាន់ អ្នកស្លូតត្រង់ដើម្បីផលប្រយោជន៍ខ្លួន និងបក្ខពួកខិលខូលមួយក្តាប់តូច ដែលតែងរំខានដល់ការរស់នៅ សុខសាន្តរបស់ក្រុមគ្រួសារលោកផ្ទាល់ ក៏ដូចពលរដ្ឋទូទៅ ។
ពាក់ព័ន្ធទៅនឹងសំណើ របស់លោក ហ៊ុន សាន ដែលត្រូវជាបងប្រុសបង្កើត របស់សម្ដេចតេជោ ហ៊ុន សែន នៃកម្ពុជា ឲ្យមានវិធានការ ទៅលើលោក ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ នោះ ត្រូវបានសម្តេចក្រឡាហោម ស ខេង ធ្វើចំណារ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧មានខ្លឹមសារថា «ជូនឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិមុខការ» ។
លោក ម៉ក់ ជីតូ ជានាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ០៧៧១ ដ៏មានឥទ្ធិពល និងមានទ្រព្យសម្បត្តិ មហាសាលម្នាក់ទទួលបានការតែងតាំង ជាឧកញ៉ា ដោយព្រះរាជក្រឹត្យ លេខនស/រកត/០៣០២/០៥៧ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០២ ។ លោកឧកញ៉ា ម៉ក់ ជីតូ ធ្លាប់ទទួលបានការតែងតាំងជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៤ នៃរដ្ឋសភា មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ( អតីតជាប្រធាននាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ ក្រសួងមហាផ្ទៃ ) ពុំទទួលប្រាក់បៀវត្សរ៍ ដោយព្រះរាជក្រឹត្យ លេខនស/រកត/០៥១២/៤៨៥ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១២ ពោលគឺមានងារ និងឋានៈជា «ឯកឧត្តម ឧកញ៉ា ឧត្តមសេនីយ៍» ។
ក្រោយមក លោកឧកញ៉ា ឧត្តមសេនីយ៍ ម៉ក់ ជីតូ ទទួលបានការតែងតាំង ជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយអនុក្រឹត្យ របស់រាជរដ្ឋាភិបាលលេខ១៧១៧ អនក្រ.តត ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ និងលោក ឧកញ៉ា ឧត្តមសេនីយ៍រូបនេះ ក៏ទទួលបានគ្រឿងឥស្សរិយយស ឯករាជ្យជាតិ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៤/១៤៩៤ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ។ បច្ចុប្បន្ន លោកឧកញ៉ា ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ជាអគ្គស្នងការរង នគរបាលជាតិ ជំនួយការដឹកនាំការងារ ប្រឆាំងគ្រឿងញៀន និងជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ។
មជ្ឈដ្ឋានទូទៅ កំពុងរង់ចាំតាមដានមើលថា តើបងប្រុសបង្កើត និងក្មួយប្រសា របស់សម្ដេចតេជោ ហ៊ុន សែន ដែលជាអគ្គស្នងការ នគរបាលជាតិ អាចមានវិធានការ ទៅលើលោក ឧកញ៉ា ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ជាអគ្គស្នងការរង នគរបាលជាតិ តាមរបៀបណា និងកម្រិតណា ? ៕