គ្រោះជាន់គ្រោះហើយលោក ទីន វណ្ណនី បន្ទាប់ពីមានរឿងអាស្រូវ ស្ត្រីប្រពន្ធអ្នកទោសប្ដឹង ពីបទល្បួងលួងយកទៅដេក ឥឡូវអ្នទោសហែករបងគុករត់ទៀត ចាំមើប្រធានគុករូបនេះមានសំណាងប៉ុណ្ណា

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាន់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000

ខេត្តរតនគិរី៖ មកទល់ពេលនេះ ពុំទាន់មានការអះអាងណាមួយ ពីមន្ត្រីពន្ធនាគារ ពាក់ពន្ធករណីអ្នកទោស ៤នាក់ហែករបងគុករត់ នៅឡើយទេ នេះបើយោងតាមប្រភពព័ត៌មានក្នុងស្រុក បានចេញផ្សាយ ភាពមិនប្រក្រតី នៅក្នុងពន្ធនាគារ ខេត្តរតនគិរី ដែលសម្បូណ៌រឿងអាស្រូវបំផុត តាំងពីជំនាន់ លោក ងិន ណែល អតីតមេគុក។ បច្ចុប្បន្ន ជាចៅហ្វាយ ក្រុងបានលុង រហូតដល់ជំនាន់ លោក ទីន សុវណ្ណនី ទៀត គឺល្បីខាងអ្នកទោស ហែកគុកលួចរត់ និងការប្រព្រឹត្តិ អំពើពុករលួយ នៅក្នុងគុក ជាពិសេសការចែកចាយ និងការសេពគ្រឿងញៀន។

ប្រភពពីមន្ត្រីឆ្មាំគុក បានឲ្យដឹងថា លោក ទីន សុវណ្ណនី ប្រធានពន្ធនាគារ ខេត្តរតនគិរី ចាប់តាំងពីឡើងកាន់តំណែង រយៈពេលជិត៣ឆ្នាំនេះ បានបង្កើតនូវបញ្ហាជាច្រើន ម្តងហើយណម្តងទៀត មានដូចជា៖ ការប្រើពាក្យសម្តីអសុរស ដាក់មន្ត្រីក្រោមឱវាទ និងទណ្ឌិត ការយកអ្នកទោសជាស្ត្រី ទៅឡើងឋានសួគ៌ នៅផ្ទះសំណាក់ ការយកអ្នកទោស ទៅជួយការងារ ផ្ទាល់ខ្លួននៅតាមផ្ទះ និងចំការ ការប្រើអ្នកទោស ឲ្យចែកចាយគ្រឿងញៀន នៅក្នុងគុក ការសេពគ្រឿងញៀន ការយកកម្រៃលើសេវា មើលទូរទស្សន៍ ការប្រើប្រាស់កង្ហារ ការនិយាយទូរស័ព្ទ និងការសូកប៉ាន់ ដើម្បីប្តូរបន្ទប់ ឃុំឃាំងដែលមានអ្នកទោស ច្រើនចង្អៀត មកបន្ទប់ឃុំឃាំងដែលទូលាយជាដើម។ល។ ដែលកន្លងមក ត្រូវបានមន្ត្រីក្រោមឱវាទ ក៏ដូចជាជនរងគ្រោះដទៃទៀត ប្តឹងទៅថ្នាក់លើ ជាច្រើនលើកមកហើយ ប៉ុន្តែហាក់បីដូច ជាមិនមានប្រសិទ្ធភាពទាល់តែសោះ ប្រហែលជាលោក ប្រធានគុក រៀនសូត្រចេះក្បាច់គុណ ខ្លាំងដល់កម្រិតហើយ ទើបអាចរក្សាបាននូវខ្សែក្រវ៉ាត់ និងការឈរជើងជាប់នៅលើកៅអី ដ៏ស្រស់ស្អាតមួយនេះបានដដែល គួបផ្សំជាមួយនឹងខ្នងដ៏ក្រាស់ និងធនធានដ៏សម្បូរបែបផងមើលទៅ?។

ជាក់ស្តែងកាលពីដើមឆ្នាំ២០១៦ លោក ទីន សុវណ្ណនី ត្រូវបានកូនចៅប្តឹង ទៅថ្នាក់លើពាក់ព័ន្ធនឹងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងនាមជាមន្ត្រីរាជការ ការយកអ្នកទោសទៅបម្រើការងារផ្ទាល់ខ្លួន និងការយកអ្នកទោសស្រីទៅដេករួមភេទ នៅផ្ទះសំណាក់។ ក្រោយមកនៅក្នុងអំឡុង ពាក់កណ្តាលឆ្នាំ២០១៦ លោកប្រធានគុករូបនេះបង្កើតបានបញ្ហាមួយទៀត គឺការល្បួងលួងលោមប្រពន្ធអ្នកទោស ដេករួមរ័ក្ស ជាថ្នូរនឹងការចូលសួរសុខទុក្ខប្តីនៅក្នុងគុក ប៉ុន្តែត្រូវបានស្ត្រីរូបនោះ ប្រកែកនិងប្តឹងទៅថ្នាក់លើជួយអន្តរាគមន៍។ ក្រោយមកទៀត នៅក្នុងអំឡុងចុងឆ្នាំ២០១៦ ក៏កើតមានករណី អ្នកទោសលួចហែកគុករត់ ដែលរហូតមកដល់ពេលនេះហើយ មិនទាន់តាមចាប់ខ្លួនបានមកវិញនៅឡើយ ។ ហើយដែលករណីទាំង៣ខាងលើនេះ លោក ទីន សុវណ្ណនី មិនត្រូវបានទទួលទណ្ឌកម្ម ផ្នែករដ្ឋបាល ឬក៏ទោសព្រហ្មទណ្ឌអ្វីទាំងអស់ នេះអាចសបញ្ជាក់បានថា លោក ទីន សុវណ្ណនី ពិតជាជើងខ្លាំងម្នាក់មែន ដែលគ្មានថ្នាក់ណា អាចធ្វើស្អីលោកបានឡើយ ឬមួយក៏ថ្នាក់លើត្រូវថ្នាំសណ្តំរបស់គាត់ទេដឹង?។

គួបញ្ជាក់ផងដែលថា តួយ៉ាងដូចជា នៅដើមឆ្នាំ២០១៧ថ្មីៗ កន្លងទៅនេះ ត្រូវបានប្រភពអះអាងថា លោក ទីន សុវណ្ណនី នៅមិនសុខ ក៏កេះដំបៅចាស់ ឲ្យចេញឈាមម្តងទៀត គឺការល្បួងលួងលោម ប្រពន្ធអ្នកទោសម្នាក់អាយុ ប្រមាណជាង២០ឆ្នាំ ដេករួមរ័ក្សជាមួយ ជាថ្នូរនឹងការអនុញ្ញាត ឲ្យចូលសួរសុខទុក្ខប្តី នៅជាប់ឃុំឃាំងក្នុងពន្ធនាគារ ប៉ុន្តែត្រូវស្ត្រីរូបនោះ បដិសេធ និងបានប្តឹងទៅក្រសួងមហាផ្ទៃ ព្រមទាំងបើក កកាយរាល់ទង្វើ ថោកទាប ឥតកេរ្តិ៍ខ្មាស របស់ លោក ទីន សុវណ្ណនី ប្រធានគុក ខេត្តរតនគិរី ប្រាប់ដល់ អ្នកព័ត៌មាន ដើម្បីចុះផ្សាយ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ដែលព័ត៌មាននេះ មិនទាន់បាត់ក្តៅហុយៗ ផងនោះ ស្រាប់តែនៅវេលាម៉ោងប្រមាណ ២រំលងអធ្រាត ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នេះ កើតមានករណីមួយទៀត ដែលនឹកស្មានមិនដល់ គឺមានអ្នកទោសជាច្រើននាក់ បានលួចហែករបងគុក រត់ទៀតហើយ។

បើយោងតាមប្រសាសន៍របស់ លោក ញ៉ែម សំអឿន អភិបាលរងខេត្ត និងជាអ្នកនាំពាក្យ រដ្ខបាលខេត្ឋរតនគិរី បានបញ្ជាក់ប្រាប់ អ្នកព័ត៌មាន នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧ ជាបឋមថា៖ មានអ្នកទោសលួចរត់ចំនួន០៥នាក់ បានហែករបងគុករត់រួច០៤នាក់ និងចាប់បានម្នាក់មកវិញ ដោយសាររត់អត់រួច ( លោតបាក់ចង្កេះ ) ចំណែកអត្តសញ្ញាណអ្នកទោស លោកមិនទាន់ទទួលបានរបាយការណ៍ជាក់លាក់នៅឡើយទេ សម្រាប់ពេលនេះ សមត្ថកិច្ចកំពុងមានចំណាត់ការ ស្វែងរកចាប់ខ្លួនមកវិញ។

ជុំវិញករណី ដែលបានកើតថ្មីខាងលើនេះ មន្ត្រីរាជការនៅក្នុងខេត្ត ក៏ដូចជាមជ្ឈដ្ឋាន ប្រជាពលរដ្ឋទូទៅ បាននិយាយខ្សឹបខ្សៀវគ្នា នៅតាមតុកាហ្វេថា៖ ពួកគេរងចាំមើល ថ្នាក់លើ នឹងមានវិធានការយ៉ាងណា ទៅលើលោក ទីន សុវណ្ណនី មួយករណីនេះ បើបណ្ដោយឲ្យរួចខ្លួនទៀតចប់និយាយ តែគេជឿជាក់ថា ទោះបី លោកទីន សុវណ្ណនី មានខ្នងប៉ុណ្ណាក៏ដោយ ឬក៏មានលុយច្រើនយ៉ាងណា ក៏មិនអាចទប់កៅអីនេះជាប់ដែរ ព្រោះកៀកថ្ងៃបោះឆ្នោតហើយ ម្យ៉ាងទៀត បើខុសច្រើនម្លឹងៗ គ្មានអ្នកធំណា ហ៊ានកាងឲ្យទៀតដែរ ដោយសារតែគេស៊ីលែងឆ្ងាញ់!។

ពាក់ព័ន្ធអ្នកទោស ហែករបងគុករត់ខាងលើ មហាជនបាបលើកឡើងថា ពន្ធនាគារ មិនមែនជាផ្ទះសម្បែង ឬជាហាងទំនិញ ដែលអាចចេញចូល ស្រេចតែចិត្តបានទេ ពីព្រោះជាកន្លែង ដែលឃុំខ្លួនអ្នកទោស ដែលមានរបងច្រើនជាន់ មានសោរចាក់គ្រប់ទ្វារ មានការយាមកាមតឹងរ៉ឹង ២៤/២៤ម៉ោង និងមានការឆែកឆេរត្រួតពិនិត្យ យ៉ាងហ្មត់ចត់ ពីសំណាក់ឆ្មាំគុក ដូច្នេះមិនអាចលួចរត់បានងាយៗនោះទេ មានតែករណីត្រូវរ៉ូវគ្នាជាប្រព័ន្ធ លួចព្រលែងតែប៉ុណ្ណោះ ទើបអាចទៅរួច ដែលករណីនេះ ត្រូវបានគេដាក់ការសង្ស័យថា អាចជាប់ពាក់ព័ន្ធ ទៅនឹងអំពើពុករលួយផង ក៏មិនដឹង ជាថ្នូរនឹងការលួចដោះលែង អ្នកទោសខុសច្បាប់មុនកាលកំណត់???។

សង្ឃឹមថា អគ្គនាយកដ្ឋានពន្ធនាគារ ជាពិសេស សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់ក្រុមការងារពិសេស ចុះធ្វើអធិការកិច្ច ចំពោះបទល្មើស អ្នកទោសលួចរត់នេះ និងគួរតែចាត់វិធានការក្តៅ ចំពោះមន្ត្រីដែលអសមត្ថភាព ឬមន្ត្រីដែលពាក់ព័ន្ធអំពើពុករលួយ ទៅតាមច្បាប់ ដោយគ្មានការលើកលែងឡើយ ដើម្បីពង្រឹងនីតិរដ្ឋ នៅកម្ពុជា និងទុកជាគម្រូសម្រាប់ការងារ គ្រប់គ្រងពន្ធនាគារ ដទៃទៀត ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

មកទល់ពេលនេះ អង្គភាព CSN មិនអាចស្វែងរក ការសុំបំភ្លឺពីលោក ទីន សុវណ្ណនី ប្រធានពន្ធនាគា ខេត្តរតនគិរី បានទេពេលនេះ អង្គភាពយើង រងចាំការបំភ្លឺនៅពលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង: