ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ភ្នំពេញ ៖ យោងតាមការរៀបរាប់ របស់លោកស្រី ឌី សារៀម អតីតចៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលកើតទុកមិនសុខចិត្ត ដោយឈ្មោះលោកស្រី មិនមានក្នុងបេក្ខភាព ឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា កន្លងមកនេះ។ ហើយលោកស្រីថា វាប្រាកដជាមានរឿងអីមិនប្រក្រតី នៅពីក្រោយ ហើយការមិនប្រក្រតីនេះ វាជាការ មិនអស់ចិត្តទាល់តែសោះ ។
លោកស្រីបានបន្តថា មូលហេតុដ៏ធំ នឹងមានការសម្រេចជាប្រព័ន្ធ ក្នុងការដកលោកស្រី ចេញពីបញ្ជីឈ្មោះ សំរាប់ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់នេះ មកពីលោកស្រី មិនព្រមតាមសំណើរ របស់លោក សុខ សម្បត្តិ ដែលជាប្រធានគណៈបក្ស ប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ និង អ្នកដ៏ទៃផ្សេងទៀត បានយកលុយមកឲ្យគាត់ ចំនួន « ២ម៉ឺនដុល្លារ » សហរដ្ឋអាមេរិក ដែលជាលុយកង្វក់ ក្នុងការទទួលស្គាល់ ដីមួយកន្លែងចំនួន១០៤ ហិកតា ដែលមានតំលៃ ជាង ១៥លាន « ៦០ម៉ឺន ដុល្លារ » សហរដ្ឋអាមេរិក របស់លោក ឧកញ៉ា សុខ ហេង ដែលមានឯកសារ កោសលុប និងមានព្រំជាន់គ្នា ទៅឲ្យលោក ឧកញ៉ា ហុង ពីវ ។ ហើយចំណែកមេក្រុម មេភូមិ អនុភូមិ និង ប្រជាជន ក៏បានសំដែងការងឿយឆ្ងល់ថា៖ ហេតុអី? ពួកគាត់បាននាំគ្នា បោះឆ្នោតអោយរូបគាត់ដែរ តែមិនឃើញមានឈ្មោះ លោកស្រី ចៅសង្កាត់ ឌី សារៀម ដូច្នោះ ។
ដើម្បីជាសក្ខីភាព ទាំងមេភូមិ និង ប្រជាជន នៅក្នុងសង្កាត់ពន្សាំង បាននាំគ្នាធ្វើលិខិតគាំទ្រ ដល់លោកស្រី ព្រោះលោកស្រី បានដឹកនាំល្អ ដឹងសុខទុក្ខ ប្រជាជន និងបានដឹកនាំកសាង សមិទ្ធិផលជាច្រើន ក្នុងសង្កាត់ របស់ពួកគាត់ រស់នៅជាងសាមសិបឆ្នាំកន្លងមកនេះ ពោលគឺពួកគាត់ នឹងបោះឆ្នោត អោយរូបគាត់បន្តទៀត ។ ហើយលោកស្រី ឌី សារៀម បាននិយាយទាំងអួលដើមករថា ប្រសិនបើលោកស្រី មានកំហុសអ្វី គួរស្តី បន្ទោស ម្តងជាពីរដង អោយលោកស្រី បានអស់ចិត្តផង ព្រោះថា លោកស្រី បានចូលបំរើបក្ស តាំងពីក្រមុំ រហូតមានចៅ អស់រយៈពេល ៣៧ឆ្នាំមកហើយ ។
លោកស្រី ឌី សារឿន បានបញ្ជាក់ថា ដំណើររឿង គឺកាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ឈ្មោះ នុត រស្មី ជាកូនចៅលោក ឧកញ៉ា សុខ ហេង បានហៅមនុស្សចំនួន ៨នាក់ មានឈ្មោះ ប៊ិ បឿន ឈ្មោះ ប៉ុន សុភី ឈ្មោះ នួន នីម ឈ្មោះ ញ៉ែម អ៊ំ ឈ្មោះ អ៊ុន អ៊ុត ឈ្មោះ បូរ បាន ឈ្មោះ ឃន ខន និងឈ្មោះ សុត សុខ ដែលមានតួនាទី ជាប្រធានភូមិ និងអនុប្រធានភូមិ ក្នុងភូមិត្នោតខ្ពស់ ភូមិបឹងខ្នំ ភូមិកន្លែងគល់ ភូមិចុងថ្នល់ នៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ទៅជួបលោក ឧកញ៉ា សុខ ហេង នៅឃ្លាំងលក់រថយន្ត តាមផ្លូវជាសុផារ៉ា។ ហើយ នៅពេលបានជួបគ្នា លោកឧកញ៉ា សុខ ហេង បានយកលិខិតផ្ទេរសិទ្ធិដីធ្លី ចំនួន ៤ច្បាប់ មកឲ្យពួកគាត់ឆូតលុប កែព្រំប្រទល់ លើឯកសារដី ចំនួន ៦១ហិកតា ដែលលោកឧកញ៉ា សុខ ហេង ទិញពីប្រជាពលរដ្ឋ ដោយដាក់ព្រំប្រទល់ដី នៅចំណុចថ្មីផ្សេង ដែលមានទំហំ ១០៤ហិកតា ជាដីរួម៧ភូមិ ជាដីកំពុងមានទំនាស់វិញ។
ក្រោយពីលោកឧកញ៉ា បានឯកសារ កោសលុបនោះដែលមានទំហំដី ១០៤ហិកតារួច ឧកញ៉ា សុខ ហេង បានយកដីនោះ ទៅលក់ឲ្យក្រុមហ៊ុន ពិភពថ្មី ទើបប្រជាពលរដ្ឋ បានផ្អើល លើកគ្នាតវ៉ា កាលពីថ្ងៃទី23 ខែមីនា ឆ្នាំ ២០១៧ ដោយប្រជាពលរដ្ឋថា មិនបានលក់ឱ្យឧកញ៉ា សុខ ហេង ទេ ហើយក៏មិនដែល បានទទួលលុយពីក្រុមហ៊ុន លោកឧកញ៉ា សុខ ហេង ដែរ។
បើតាមសម្ដី តំណាងប្រជាពលរដ្ឋ បានលើកឡើងថា តាមពិត ដីរួមភូមិ ចំនួន ១០៤ហិកតានេះ ប្រជាពលរដ្ឋ បានលក់ទៅឱ្យឈ្មោះ លីវ សុខអួង និងឈ្មោះ អ៊ិន សុភារី ដោយទទួលបានលុយ គ្រប់ចំនួន តាមគ្រួសារអស់ហើយ គឺពលរដ្ឋ មិនបានលក់ឲ្យលោកឧកញ៉ា សុខ ហេង នោះឡើយ។ ដូច្នេះឯកសារកោសលុប ព្រំប្រទល់ដីនោះ ជាឯកសារខុសច្បាប់ទាំងស្រុង។
លោកស្រី ឌី សារៀម បានអះអាងថា លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានយកលុយពីឧកញ៉ា សុខ ហេង ចំនួន « ២ម៉ឺនដុល្លារ » ដើម្បីមកសូក និងបញ្ជាឲ្យលោកស្រី ចុះហត្ថលេខា ទទួលស្គាល់លើលិខិតផ្ទេរកម្មសិទ្ធិដីធ្លី ចំនួន ៤ប្លង់ ដែលមានស្នាមកោសលុប និងកែព្រំប្រទល់ដី ខុសច្បាប់ នោះដើម្បីឲ្យឧកញ៉ា សុខ ហេង យកដីប្រជាពលរដ្ឋ ទាំងនេះទៅលក់ឲ្យក្រុមហ៊ុនពិភពថ្មី។ ប៉ុន្តែលោកស្រី មិនព្រមទើបលោក សុខ សម្បត្តិ បានដកហូតត្រាសង្កាត់ ឲ្យទៅស្មៀនសង្កាត់ ជាអ្នកកាន់កាប់ និងដកលោកស្រី ដោយស្វាយប្រវត្តិ ពីបេក្ខភាព ចៅសង្កាត់ ក្នុងអាណត្តិទី៤នេះតែម្តង។
ប្រភពពីមនុស្សស្និទ្ធ លោកអភិបាលខណ្ឌ បានលួចខ្សឹបឲ្យដឹងថា លុយ « ២ម៉ឺនដុល្លារ » គឺក្រុមហ៊ុនឧកញ៉ា សុខ ហេង ឲ្យទៅសង្កាត់ពន្សាំង ដើម្បីឲ្យលោកស្រី ឌី សារៀម ជួយពន្លឿន ការងារផ្ទេរកម្មសិទ្ធិដីធ្លីចំនួន ១០៤ហិកតា ដែលក្រុមហ៊ុន ឧកញ៉ា សុខ ហេង លក់ឲ្យក្រុមហ៊ុន ពិភពថ្មីនេះ។ ផ្តើមចេញពីរឿង នេះហើយ បានជាលោក ស្រី ឌី សារៀម ត្រូវបានលោក សុខ សម្បត្តិ និង ថ្នាក់លើផ្សេងទៀត បាននាំគ្នា ឃុបឃិត ធ្វើបាប លោកស្រី ដោយលេសផ្សេងៗ មួលបង្កាច់ទាំងភ្នែកស្រស់ៗ ។
ចុងបញ្ចប់ លោកស្រីបានបន្តថា ទោះជាលោកស្រី មានឋានៈតូចទាប នៅក្នុងជួរគណៈបក្ស ប្រជាជនកម្ពុជា ក៏លោកស្រី ជាសមាជិកម្នាក់ ដែលខំបំរើ គណៈបក្ស អស់រយៈពេល ៣៧ឆ្នាំមកហើយ តាមរយៈនេះ លោកស្រី ស្នើសុំ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណៈបក្ស ប្រជាជនកម្ពុជា ជួយរកយុត្តិធម៌ ដល់រូបគាត់ផង ។
ដើម្បីការឆ្លើយតប ទៅនឹងការចោទប្រកាន់ របស់លោក
ស្រី ឌី សារៀម អង្គភាព CSN មិនអាចទំនាក់ទំនង លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានទេមកទល់ថ្ងៃនេះ អង្គភាពយើង រងចាំការបកស្រាយ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់
















