ចេញផ្សាយថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
រតនគិរី ៖ ថ្មីៗនេះ អង្គភាពសារព័ត៌មាន គេហទំព័រ CSN ទទួលបានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី បានឲ្យដឹងថា បទល្មើសកាប់ព្រៃទន្ទ្រានយកដី ក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ ក៏ដូចជាបទល្មើស កាប់ឈើដឹកចេញ ពីតំបន់នេះ នៅតែបន្តកើតឡើងយ៉ាងពេញបន្ទុក។
បើតាមប្រភព ពីីក្រុមសកម្មជនព្រៃឈើ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានលើកឡើងថា ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី និងមន្ត្រីបរិស្ថាន ប្រចាំតំបន់ដែនជម្រកសត្វព្រៃលំផាត់ គឺជាអ្នកឃុបឃិត ឲ្យមានបទល្មើសកាប់ព្រៃទន្ទ្រាន យកព្រៃធ្វើជាកម្មសិទ្ធិ និងបទល្មើសកាប់ឈើ ដឹកជញ្ជូនឈើខុសច្បាប់ ដើម្បីជាថ្នូរនឹងផល
ប្រយោជន៍។ ហេតុនេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំឲ្យព្រៃឈើ ក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ ត្រូវប្រឈម នឹងសេចក្ដីវិនាស ដូចសព្វថ្ងៃនេះទៀត។
បើយោងតាមសេចក្ដីរាយការណ៍ ពីជនជាតិដើមភាគតិច រស់នៅក្នុង ភូមិសមុទ្រក្រោម ឃុំសេដា បានឲ្យដឹងថា ព្រៃឈើក្នុងតំបន់ ដែនជម្រកសត្វព្រៃលំផាត់ កំពុងរងការកាប់បំផ្លាញ និងឈូសឆាយទន្ទ្រានយកដី ធ្វើជាកម្មសិទ្ធិ ពីសំណាក់អ្នកមានលុយ អ្នកមានអំណាចជាបន្តបន្ទាប់។ ក៏ប៉ុន្តែ មន្ត្រីអាជ្ញាធរឃុំ មន្ត្រីអាជ្ញាធរស្រុក មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត មិនចាត់ វិធានការបង្ក្រាប បទល្មើសឡើយ ហើយបណ្ដោយឲ្យបទល្មើសរាលដាលកាន់តែខ្លាំង។
ជាក់ស្ដែងថ្មីៗនេះ ព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ នៅចំណុចភ្នំអាត ឃុំសេដា ត្រូវក្រុមជនល្មើសអាររំលំ ថែមទៀតហើយ សរុបទៅដីព្រៃរាប់រយហិកតា ត្រូវគេទន្ទ្រានកាន់កាប់ ចាប់តាំងពីអំឡុង ចុងខែមិថុនា រហូតមកដល់ ចុងខែកក្កដា ឆ្នាំង២០១៧នេះ។
ប្រជាសហគមន៍ ការពារព្រៃឈើ ភូមិសមុទ្រក្រោម ឃុំសេដា បានឲ្យដឹងថា ពេលពួកគាត់ចូលព្រៃ ក៏ប្រទះឃើញ បទល្មើសកាប់ព្រៃ ទន្ទ្រានយកដី ពីសំណាក់អ្នកមានលុយ អ្នកមានអំណាច ហើយបានរាយការណ៍ទៅមន្ត្រីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ឲ្យចាត់វិធានការទប់ស្កាត់។ ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ ទាំងអាជ្ញាធរស្រុកលំផាត់ ទាំងអាជ្ញាធរ ខេត្តរតនគិរី និងប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី មិនចាត់វិធានការបង្ក្រាប បទល្មើសដែលកំពុងកើតឡើង យ៉ាងរាលដាលនោះទេ។
ហេតុនេះហើយ ទើបប្រជាពលរដ្ឋ ក្នុងភូមិសមុទ្រក្រោម ឃុំសេដា បានអំពាវនាវ យ៉ាងទទូច ឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងលោក ថង សាវុន អភិបាលនៃគណអភិបាល ខេត្តរតនគិរី ពិនិត្យមើលភាពអសកម្ម និងអំពើពុករលួយ របស់មន្ត្រីបរិស្ថាន ក្នុងខេត្តរតនគិរីខ្លះផង ព្រោះបច្ចុប្បន្ន បទល្មើសកាប់ព្រៃទន្ទ្រាន យកព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ កំពុងកើតឡើងយ៉ាងរាលដាល ហើយមន្ត្រីបរិស្ថានក្នុងខេត្តរតនគិរី មិនចាត់វិធានការបង្ក្រាបឡើយ។
ការកាប់ព្រៃទន្ទ្រាន យកព្រៃនឹងដី ក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ ធ្វើជាកម្មសិទ្ធ ដោយមានការរិះគន់ ពីមជ្ឈដ្ឋានថា មន្ត្រីពាក់ព័ន្ធ ប្រចាំនៅទីនោះ ជាអ្នកឃុបឃិត នឹងបើកដៃ រួមទាំងអាជ្ញាធរស្រុក នឹងខេត្តអសកម្ម មិនមានចាត់វិធានការបង្ក្រាប បទល្មើសដែលកំពុងកើតឡើង។ មកដល់ថ្ងៃនេះ អង្គភាពយើង មិនអាចស្វែងរកសំការពន្យល់ ពីប្រធានមន្ទីរ ស្ថាប័នពាកើព័ន្ធ ថ្នាកស្រុក នឹងថ្នាក់ខេត្តបានទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់
















