ជ្រូកយួនលំហូរចូលទីផ្សារខ្មែរ រាប់ពាន់ក្បាលក្នុង១យប់ៗ តាមច្ររបៀង តាអូរ នឹងច្រក ឬស្សីបីគំ សង្ស័យមានការបើកដៃ ពីមន្ត្រីមន្ទីរស្ថាប័ពាក់ពន្ធខេត្តតាកែវ

ចេញផ្សាយថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

តាកែវ ៖ ប្រភពព័ត៌មាន ពីមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ ខេត្តតាកែវ​ បាន​ឲ្យ​ដឹងថា វៀតណាម​មាន​ទីតាំង​ស្តុក​ សត្វ​ជ្រូក​រស់​ដ៏​ធំ​ នៅក្បែរ​ព្រំដែន​ តាម​បណ្ដាច្រករបៀង ហើយ​សត្វ​ជ្រូក​រស់​ទាំងនោះ​ ត្រូវបាន​ក្រុម​ឈ្មួញ ​ដែលមាន​ទំនាក់ទំនង​ល្អ​ ជាមួយ​មន្ត្រី​ប្រចាំ តាមមាត់ច្រក​ព្រំដែន និង​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​។ ទើបមានការនាំចូល​ មកកាន់​ទីផ្សារ ​ប្រទេស​កម្ពុជា បានយ៉ាងរលូន ​រាប់សិប​រថយន្ត ពោលគឺ​មិនតិចជាង​ ​៣ ០០០​ក្បាល​ឡើង ​ក្នុង​១​យប់ៗ ខណៈ​ការ​នាំចូល​សត្វ​ជ្រូក​រស់​នេះ ​មាន​ទាំង​ស្របច្បាប់ « មាន​លិខិតអនុញ្ញាត​ » ផង ទាំង​មិន​ស្របច្បាប់ « គ្មានលិខិតអនុញ្ញាត​ » ផង ។​

​មន្ត្រី​បសុពេទ្យ​ ខេត្តតាកែវ​ ឋានៈ​តូចតាច​ម្នាក់​ ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​ មិន​បញ្ចេញ​ឈ្មោះ ​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ បាន​កាន់​លិខិតអនុញ្ញាត​ ចំនួន​២​ផ្សេងគ្នា គឺ លិខិតអនុញ្ញាត​ ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ផង និង​លិខិតអនុញាត ​ពី​មន្ទីរ​កសិកម្ម​ ខេត្ត​ផង ដើម្បី​ធ្វើការ​ដឹកជញ្ជូន​ សត្វ​ជ្រូក​រស់​ឆ្លងដែន​ ពី​ប្រទេស​វៀតណាម​ ចូលមក​កាន់​ទីផ្សារ ​ប្រទេស​កម្ពុជា ដោយ​មន្ទីរ​កសិកម្ម​ខេត្ត​ បញ្ជាក់​អះអាងថា ជា​សត្វ​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក (Sic!) ។ លិខិតអនុញ្ញាត​មួយច្បាប់ គឺ​ឈ្មួញ​អាច​ដឹកជញ្ជូន​សត្វ​ជ្រូករ​ស់ បាន​រហូតដល់​ទៅ​២​ជើង ដោយ​ប្រើ​រថយន្ត​ពីរ​គ្រឿង ​ពាក់​ស្លាក​លេខ​តែមួយ។

​ព័ស្តុតាង​មួយ​បាន​បង្ហាញថា កាលពី​រាត្រី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧​ កន្លងទៅ​ថ្មីៗ មន្ត្រី​ការិយាល័យ​ផលិតកម្ម​សត្វ និង​បសុពេទ្យ​ នៃ​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល​ បាន​ត្រួតពិនិត្យ​ ទៅលើ​រថយន្ត​ដឹក​សត្វ​ជ្រូក​រស់​ ពី​ខេត្តតាកែវ​មួយគ្រឿង ​នៅចំណុចភូមិសាស្រ្ត ទឹកដីខេត្តកណ្ដាល មាន​ម្ចាស់​ក្រុមហ៊ុន​ឈ្មោះ ហេង សុ​ខេង ឃើញមានផ្ទុកជ្រូករស់ ចំនួន​៥០​ក្បាល គឺ​រកឃើញ​មាន​លិខិតអនុញ្ញាត ​ឲ្យ​នាំចូល​ត្រឹម​ចំនួន​៤០​ក្បាល តែ​ឈ្មួញ​លួច​បង្កប់​ សត្វ​ជ្រូក​រស់​ គ្មាន​លិខិតអនុញ្ញាត​ លើសចំនួន​១០​ក្បាល​ ។ ព័ស្តុតាងនេះ បញ្ជាក់ឲ្យឃើញថា មានការឃុបឃិត ពីមន្ត្រីស្ថាប័នពាក់ព័ន្ធ ខេត្តតាកែវ ទើបជ្រូករស់ទាំងនេះ អាចដំណើរការបានរលូន ពីច្រកព្រំដែន ឆ្លងកាត់ខេត្តតាកែវ មកដល់ខេត្តកណ្ដាលនេះ។

ហេតុនេះហើយ ប្រជាពលរដ្ឋ ជាច្រើននៅក្នុងប្រទេសកម្ពុជា បានស្នើសុំទៅ អោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ នឹងលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ មេតាចាត់វិធានការ ទប់ស្កាត់បញ្ហា ឈ្មួញនាំសត្វជ្រូករស់ ពីវៀត
ណាម ចូលមកកម្ពុជា យ៉ាងគំហុក ដោយគេសង្ស័យថា មានការបើកដៃ ពីមន្ត្រីខិលខូចមួយចំនួន ដែលគេហៅថា ពួកមន្ត្រីប្រភេទ ឃើញកន្ទេធំបន្លំដេក ធ្វើឲ្យបាត់បង់ចំណូពន្ធរដ្ឋ រាប់ម៉ឺនដុល្លារ ក្នុង១ខែៗ ក៍ដោយសាតែ ពួកមន្ត្រីគ្រាប់ល្ពៅ ទាំងនេះដែរ។

ប្រភពពីក្រុមឈ្មួញតូចតាច រកស៊ីដឹកទំនិញចម្រុះ ពីវៀតណាម មកកម្ពុជា តាមច្រករបៀង បានឲ្យដឹងថា ជ្រូករស់ទាំងនេះ ឈ្មួញបាននាំគ្នា សម្រុកដឹកចូលមកតាមច្រករបៀង « តាអូរ » នឹងច្រករបៀង « ឬស្សីបីគំ » ប្បែរច្រកទម្លាប់ ខេត្តតាកែវ ដែលមានឃុបឃិត នឹងបើកដៃ ពីមន្ត្រីស្ថាប័នពាក់ព័ន្ធ ប្រចាំនៅច្រកទាំងនោះ មានដូចជា មន្ត្រីគយរបស់ ការិយាល័យច្រកទម្លាប់ មន្ត្រីប៉ូលីស នឹងទាហាន ជាពិសេស មន្ត្រីបសុពេទ្យសត្វ ក្រោមការគ្រប់គ្រង របស់លោក ថៃ លី ប្រធានផលិតកម្មសត្វ នឹងបសុពេទ្យ ខេត្តតាកែវផងដែរ។

​ចរាចរណ៍​នាំចូល​សត្វ​ជ្រូក​រស់​ ពី​បរទេស ​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​នេះ ​បាន​បង្ក​ផលប៉ះពាល់​ ដល់​ការចិញ្ចឹម​សត្វ​ជ្រូក ​ក្នុងស្រុក​រង​ជួបប្រទះ​ នឹង​ការខាតបង់​ប្រា​ក់រាប់លា​ន​រៀល​ ក្នុង​១​ឆ្នាំៗ ខ្លះ​ជំពាក់​ប្រាក់កម្ចី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក៏មាន និង​ខ្លះទៀត​ រត់ចោល​កសិដ្ឋាន​ក៏មាន ពីព្រោះ​ប្រឈម ​នឹង​តម្លៃ​សាច់ជ្រូក​ធ្លាក់​ថ្លៃ​យ៉ាងគំហុក ខណៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ធ្លាប់​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ មួយ​កាលពី​ពាក់កណ្តាល ​ឆ្នាំ​២០១៧ ​កន្លងទៅ​ឲ្យ​ដឹងថា «​ក្រសួង​មិនមាន​ភារកិច្ច​ ឈរជើង​ត្រួតពិនិត្យ ​បទល្មើស​លួច​នាំចូល​ជ្រូក មាន់ ទា និង​ផលិតផល​កសិកម្ម​ នៅតាម​មាត់ច្រក​ព្រំដែន​ឡើយ​» ។

មកទល់ពេលនេះ ​គេហទំព័រ​ CSN ​មិនទាន់​អាច​ទំនាក់ទំនង​ សុំ​ការបំភ្លឺ​បញ្ជាក់​ ពី​ឯកឧត្តម​អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តតាកែវ និង​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ​ ពាក់ព័ន្ធ​នឹង​រឿង​នាំចូល​សត្វ​ជ្រូក​រស់​ ពី​ប្រទេស​វៀតណាម​ តាម​ច្រករបៀង​ មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ នោះ​នៅឡើយ​។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

សូមជួយស៊ែរព័ត៌មាននេះផង: