ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ភ្នំពេញ ៖ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញដែលមានលោក សៀង សុខ ជាព្រះរាជអាជ្ញារង បានចេញដីកាលេខ ២០៦អយឋ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ បង្គាប់បញ្ជាឲ្យកម្លាំងមានសមត្ថកិច្ច នាំខ្លួនលោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិ គណបក្សសង្គ្រោះជាតិ (CNRP) រាជធានីភ្នំពេញ ចូលមកបង្ហាញខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿង ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ។
តាមសំណើរបស់អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ស្ថាប័នអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ធ្លាប់បានចេញដីកាលេខ ១៥៧អយឋ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ រួចម្តងមកហើយ ដោយបង្គាប់បញ្ជា ឲ្យលោក ម៉ន ផល្លា ចូលទៅបង្ហាញខ្លួន នៅធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឲ្យបានមុនថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ រៀងរាល់ម៉ោងធ្វើការ ប៉ុន្តែលោក ម៉ន ផល្លា មិនបានចូលទៅបង្ហាញខ្លួនឡើយ ទើបអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ស្នើសុំដីកាបញ្ជាឲ្យចូលខ្លួនសាជាថ្មីទៀត នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា លោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ អាចនឹងគេចមិនផុតពីការចាប់ឃាត់ខ្លួន ដោយកងកម្លាំង សមត្ថកិច្ចតាមដីកាបញ្ជាឲ្យចូលខ្លួន របស់តុលាការ ពាក់ព័ន្ធនឹងសំណុំរឿងចោទប្រកាន់នេះ ប្រសិនបើលោក ម៉ន ផល្លា បង្ហាញវត្តមាន នៅប្រទេសកម្ពុជា ៕



















