ចេញផ្សាយ ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ខេត្តបាត់ដំបង ៖ មានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់ កំពុងកើតមានល្បែងស៊ីសងជាច្រើន មានដូចជា កត់កន្ទុយលេខសៀម នឹងយួន បៀរ អាប៉ោង ជាពិសេសនោះ សង្វៀនបញ្ជល់មាន់ ដែលមានម្ចាស់សង្វៀនឈ្មោះ សំណាង ជាមន្ត្រីយោធា តំបន់ប្រតិបត្តិការសឹករង ស្រុកសំពៅលូន បានបើកលេងយ៉ាងគគ្រឹកគគ្រេង ភ្នាល់ដាក់លុយចាញ់ឈ្នះ រាប់ពាន់ រាប់ម៉ឺនដុល្លារ ក្នុង១គូៗ ហើយពុំមានសមត្ថកិច្ចណា ហ៊ានទៅក្បែរឡើយ។
ប្រភពពីប្រជាពលរដ្ឋ នៅភូមិព្រះស្រែ ឃុំតាស្ដា បានឲ្យដឹងថា វង់ល្បែងស៊ីសង របស់ឈ្មោះ សំណាង មិនមែនមានតែសង្វៀនបញ្ជល់មាន តែមួយកន្លែងនេះទេ គឺឈ្មោះ សំណាង នឹងបក្ខពួកបានបើកវង់ល្បែង ភ្នាល់ផ្សេងៗ នៅនឹងផ្ទះក្នុងភូមិអូរ ឃុំសន្តិភាព បើកលេងទាំងយប់ទាំងថ្ងៃ មិនដែលមានការរំខាន ពីសមត្ថកិច្ចម្ដងណាទេ មិនដឹងថា សមត្ថកិច្ចខ្លាចអំណាច លោក សំណាង ដែលជាមន្ត្រីយោធា តំបន់ប្រតិបត្តិការសឹករង ស្រុកសំពៅលូន ឬក៍ជាឆ្នាំងបាយ របស់សមត្ថកិច្ចនោះទេ បានជាគ្មានការបង្ក្រាបបែបនេះ។
បើតាមប្រភព ពីអ្នកចូលលេងបញ្ជល់មាន់ បានបញ្ជាក់ឲ្យដឹងថា សង្វៀនជល់មាន់លោក សំណាង នៅក្រោយសៃឡូពោត ក្នុងភូមិព្រះស្រែ ឃុំតាស្ដា ស្រុកសំពៅលូន បានបើងលេង ក្នុង១សប្តាហ៍ ចំនួន២ថ្ងៃ គឺថ្ងៃអង្គារ និងថ្ងៃសុក្រ ក្នុង១ថ្ងៃៗ មានមាន់ជល់ពី៥គូរ ទៅ១០គូរ? ហើយក្នុង១គូៗ ចាប់ដើមផាន់ ពី១០០ដុល្លារ រហូតដល់៥០០០ដុល្លារ? ទៅតាមមាន់ល្បីមិនល្បី ។ប្រភពដដែល បានបញ្ជាក់បន្ថែមថា ពីមុនបញ្ជល់នៅថ្ងៃចន្ទ និងថ្ងៃព្រហស្បតិ៍ តែបានផ្អាក១រយ:នេះ ខណៈកីឡាប្រដាល់ តាមទូរទស្សន៍ ភ្នាល់ដាក់លុយ គេលេងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅផ្ទះឈ្មោះ ណាង។
ពាក់ព័ន្ធនឹងករណី ល្បែងស៊ីសងខាងលើ របស់ឈ្មោះ សំណាង ល្បីថាបើកវង់ល្បែងស៊ីសង ពេញនៅស្រុកសំពៅលូន លោក ពេជ្រ សារ៉ែន អធិការនគរបាល ស្រុកសំពៅលូន បានបកស្រាយថា កន្លែងបញ្ជល់មាន់ របស់ឈ្មោះ សំណាង នេះ បានបើកដំណើរការ ច្រើនខែមកហើយ មិនតែប៉ុណ្ណោះ រូបលោក បានហៅឈ្មោះ សំណាង និងបក្ខពួកផ្សេងទៀត មកធ្វើកិច្ចសន្យាទៀតផង តែលោកអធិការនគរបាល ស្រុកសំពៅលូន មិនបានបញ្ជាក់ថា នឹងចាត់វិធានការបង្ក្រាប ទៅលើកន្លែងល្បែងស៊ីសងទាំងនេះ ដើម្បីភូមិឃុំមានសុវត្ថិភាពនោះទេ។
ក៍ប៉ុន្តែការបកស្រាយ របស់លោក ពេជ្រ សារ៉េន អធិការនគរបាល ស្រុកសំពៅលូន ប្រជាពលរដ្ឋបានរិះគន់ថា បើធ្វើកិច្ចសន្យាហើយ វង់ល្បែង នៅតែដំណើរការដដែល គឺកិច្ចសន្យានោះ គ្មានតម្លៃទេ ឬមួយមន្ត្រីសមត្ថកិច្ចអនុវត្តន៍ច្បាប់ តូចជាងមន្ត្រីយោធា ដែលរំលោភច្បាប់ យ៉ាងគឃ្លើនបែបនេះ។ ប្រភពដដែលបានបញ្ជាក់ថា ពេលខ្លះមិនត្រឹមតែ មានប្រជាពលរដ្ឋចូលលេងល្បែងនោះទេ គឺមានទាំងមន្ត្រីយោធា និងនគរបាល ស្លៀកពាក់ស៊ីវិល ចូលលេងផងដែរ ហើយក៏មានការជួបជុំផឹកស៊ី ច្រៀងលេងកងរំពងទៀតផង នៅកន្លែងបើកល្បែងស៊ីសងនោះ។
សូមបញ្ជាក់ថា ពាក់ព័ន្ធករណី បើកល្បែងស៊ីសងនេះ កំពុងតែធ្វើឲ្យប្រជាពលរដ្ឋ ស្រុកសំពៅលូន ខេត្តបាត់ដំបង រិះគន់ថាកាន់តែខ្លាំងឡើងៗ ព្រោះវង់ល្បែងខាងលើ បានបើកដំណើរការយូរមកហើយ តែអាជ្ញាធរស្រុកសំពៅលូន មិនហ៊ានបង្ក្រាបឡើយ ដែលអាចបង្កបញ្ហាធ្ងន់ធ្ងរ ទៅថ្ងៃក្រោយ ជាពិសេសប៉ះពាល់ដល់ សន្តិសុខសង្គម។
តែទោះយ៉ាងណា ពាក់ព័ន្ធបើកល្បែងស៊ីសង ខុសច្បាប់ខាងលើនេះ អង្គភាព CSN មិនអាសុំការបំភ្លឺពីលោក សំណាង ដែលប្រជាពលរដ្ឋបញ្ជាក់ថា ជាម្ចាស់សង្វៀនបញ្ជល់មានខាងលើនេះបានទេ ព្រោះគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរងចាំ បកស្រាយបំភ្លឺ ពីលោក សំណាង នៅពេលក្រោយ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់
















