ធ្លាយរឿងអាស្រូវទៀតហើយ ! លោក កែវ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង នឹងបក្ខពួកមួយចំនួន រងការចោទប្រកាន់ថា លួចលាក់ឈ្មោះមន្ត្រីខ្មោចយូឆ្នាំមកហើយ..?

ចេញផ្សាយ ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ស្វាយរៀង ៖ ប្រភពពីមន្ត្រីបុគ្គលិក ពេទ្យតូចតាច បានទម្លាយភាពមិនប្រក្រតី របស់លោក កែវ រដ្ឋា ប្រធាន​មន្ទីរ​ សុខាភិបាល​ ខេត្តស្វាយរៀង និង​បក្ខពួក​មួយចំនួន​ ឲ្យអ្នកយកព័ត៌មានយើងដឹងថា នៅមន្ទីរសុខាភិបាល កើតមានមាន​អំពើពុករលួយ ​ច្រើន​ឆ្នាំ​មកហើយ ​ពាក់ព័ន្ធ​នឹង​ឈ្មោះ​ មន្ត្រី​ខ្មោច ។ ហើយក្រុមមន្ត្រី​ពេទ្យខាងលើនេះ​ កំពុង​កាក់កប​ នឹង​លុយ​ពុករលួយ​ ជាមួយ​ក្រុមមន្ត្រី​ខ្មោច ពោលគឺ​មានតែ​ឈ្មោះបើក​ប្រាក់ខែ ប៉ុន្តែ​គ្មាន​មនុស្ស​ធ្វើ​ការ។

ក្រុមមន្ត្រីបុគ្គលិកពេទ្យទាំងនោះ បានឲ្យអ្នកព័ត៌មានយើង ដឹងទៀតថា នៅក្នុងមន្ទីរសុខាភិបាលខេត្តស្វាយរៀង ត្រូវថ្នាក់ដឹកនាំ ដែលជាក្បាលម៉ាស៊ីនធំៗ បានឃុបឃិតគ្នា លួចលាក់មន្ត្រីខ្មោច ជាច្រើននាក់ ក្នងនោះក៏មាននៅមន្ទីរពេទ្យបង្អែកជីភូ ផងដែរ ជាក់ស្ដែងគឺលោក វេជ្ជបណ្ឌិត កង អូន បានចាកចេញពីកន្លែងធ្វើការ តាំងពីឆ្នាំ២០០៨ មកម្លេះ គាត់មិនដែល មកធ្វើការងារនោះទេ រហូតមកដល់ពេលនេះ។

ប្រាក់ខែ​មន្ត្រី​ខ្មោច​ទាំងនោះ​ ស្ថិតនៅលើ​កណ្តាប់ដៃ ​របស់​លោក​ កែវ រដ្ឋា ប្រធាន​មន្ទីរ​ទាំងអស់ ទន្ទឹមនឹងនេះ ​នៅឯ​ការិយាល័យ សុខាភិបាល ​ស្រុក​ប្រតិបត្តិ​ជី​ភូ ក៏មាន​បុគ្គលិក ដែល​ទទួលបាន​ក្របខ័ណ្ឌ​ តាមរយៈ​អនុសាសន៍​ សម្ដេចតេជោ ហ៊ុន សែន កាលពី​ឆ្នាំ​២០១៦ រហូតមកដល់​ពេលនេះ តែ​គេ​មិនដែល​ឃើញ​បុគ្គលិក​ទាំង​នោះ មក​ធ្វើការ​ឡើយ ខណៈ​ថវិកាជាតិ​ចេះតែ​ចំណាយ​ គ្មាន​ប្រយោជន៍​ ទាល់តែសោះ​។​

មន្ត្រីមួយក្រុមខាងលើនោះ បានបន្តឲ្យអ្នកព័ត៌មានយើង ដឹងទៀតថា ចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ លោកវេជ្ជបណ្ឌិត កង អូន មិនមកបម្រើការងារ តែមានឈ្មោះក្នុងតារាង បើកប្រាក់បៀវត្ស រហូតតែម្តង។ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៧ ឈ្មោះនេះ មិនដែលមានមុខមកធ្វើការទេ តែមានឈ្មោះ ក្នុងបញ្ជីរបើកប្រាក់បៀវត្ស រហូតមកដល់ ខែកក្កដា ឆ្នាំ២០១៧។ ហើយនៅដើមខែសីហា​ ឆ្នាំ២០១៧ នេះ ដោយខ្លាចបែកការ លោកប្រធានមន្ទីរសុខាភិបាល បានបង្គាប់ឲ្យមន្ទីពេទ្យបង្អែក និងការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិជីភូ ធ្វើសេចក្ដីរាយការណ៍ មកមន្ទីរសុខាភិបាល ខេត្តស្វាយរៀង ហើយមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានស្នើទៅក្រសួងសុខាភិបាល ។

ប្រភពខាងលើបញ្ជាក់ថា រឿងនេះ បានធ្លាក់ទៅដល់ដៃក្រសួងសុខាភិបាលរួចហើយ អ្នកជំនាញរដ្ឋបាលនៅក្រសួង បានឲ្យយោបល់ មកមន្ទីរខេត្តវិញថា មិនអាចលុបឈ្មោះនេះ ដោយមូលហេតុអវត្តមាន ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៧ នោះបានទេ ត្រូវកែដាក់មកថា គាត់ទើបតែអវត្តមាន រយៈពេល១៥ថ្ងៃ បានហើយ បើមិនកែចឹងទេ គឺមានបញ្ហាហើយ ព្រោះថា សាម៉ីខ្លួន (លោកវេជ្ជបណ្ឌិតនោះ) មិនបានបើកប្រាក់ខែទេ មុខតែគេថា ប្រហែលជាប្រធានអង្គភាពថ្នាក់ខេត្ត ឃុបឃិតគ្នា ស៊ីដាច់ប្រាក់ខែ មន្ត្រីខ្មោចនោះហើយមើលទៅ។

ក្រុមមន្ត្រីខាងលើ បានបន្តទៀតថា ក្រោពីឲ្យយោបល់រួច អ្នកជំនាញរដ្ឋបាល នៅក្រសួងសុខាភិបាល ក៏បានឲ្យយកឯកសារត្រលប់មកវិញ ដើម្បីកែរសំរួល តែខាងមន្ទីរមិនព្រមកែរសំរួលទេ ព្រោះត្រូវយកលេស ចាប់កំហុស លោកប្រធានមន្ទីរពេទ្យជីភូ នីងប្រធានសុខាភិបាលប្រតិបត្តិជីភូ ជាអ្នកទទួលខុសត្រូវ។ ហើយតំណែងពីរនេះ លក់បានថ្លៃណាស់ ចឹងហើយក៏បញ្ជាឲ្យយកត្រលប់ ទៅក្រសួងសុខាភិបាលវិញ។ លុប ឬមិនលុប អាស្រ័យលើខាងក្រសួងសុខាភិបាល និងក្រសួងមុខងារសារធារណៈ ជាអ្នកសម្រេច។

ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ត្រូវបាន​មន្ត្រី​ពេទ្យ​ ដែលមាន​ជំនាញ​ច្បាស់លាស់ និង​មានបទពិសោធន៍​ រាប់សិប​ឆ្នាំ​រិះគន់ថា គ្មាន​សមត្ថភាព ​ដឹកនាំ​ក្រសួងសុខាភិបាល​ ឲ្យ​រីកចម្រើន​ទាំង​ផ្នែក​បច្ចេកទេស ធនធានមនុស្ស និង​ទំនុកចិត្ត​ ពី​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ​។ ជាក់ស្តែង​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ ដែលមាន​លទ្ធភាព​ បានចេញ​ទៅ​ព្យាបាល​ជំងឺ​ នៅក្រៅ​ប្រទេស ខណៈ​ក្រសួង​មួយ​នេះ ​មាន​អំពើពុករលួយ​ តាំងពី​ថ្នាក់​ក្រសួង​ រហូតដល់​ថ្នាក់មូលដ្ឋាន តែ​គ្មាន​ចំណាត់ការ​ ផ្លូវច្បាប់​ឡើយ​។​

គួរ​បញ្ជាក់ថា ​វិស័យ​សុខាភិបាល ​នៅ​កម្ពុជា​ គឺជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ ព្រោះ​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់ តែងតែ​រង​ការរិះគន់​ ពី​ប្រជាពលរដ្ឋ​ គ្រប់​ស្រទាប់វណ្ណៈ ព្រោះ​គ្មាន​ជំនាញ​ច្បាស់លាស់ មាន​បញ្ហា​ទាំង​ហិរញ្ញវត្ថុ សម្ភារៈ​បច្ចេកទេស ធនធានមនុស្ស ការសង្គ្រោះ​បន្ទាន់ និង​ការព្យាបាល​ជាដើម ពិសេស​នោះ ​គឺ​ការ​បម្រើសេវា​មិនល្អ​។

ទន្ទឹមនឹងនេះ​ អំពើពុករលួយ​ នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ ក៏មាន​ទ្រង់ទ្រាយ​ធំ​ដែរ ដូចជា​មន្ត្រី​ពេទ្យ​មួយចំនួន ​ឃុបឃិត​គ្នា​ ដើម្បីតែផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក ហើយ​អ្នកជំងឺ​ ទាល់តែ​សូកប៉ាន់​លុយ​ ឲ្យ​ពេទ្យ​ក្រៅផ្លូវការ ទើប​ពេទ្យ​យកចិត្តទុកដាក់​ ព្យាបាល​ជាដើម​។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើ អង្គភាព CSN ពុំអាចស្វែងរកសុំការបំភ្លឺ ពីប្រធានមន្ទីរពេទ្យបង្អែកជីភូ នឹងលោកប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀងបានទេមកដល់ថ្ងៃនេះ ព្រោះគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង រងចាំការបកស្រាយ ពីលោកប្រធានមន្ទីរពេទ្យបង្អែក នឹងលោក ប្រធានមន្ទីរសុខា
ភិបាល ខេត្តស្វាយរៀងនៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែរឿងពិត មិនលំអៀង យោងតាមប្រភព ផ្ដល់ព័ត៌មាន នឹងឯកសាមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាននេះមិនត្រឹមត្រូវ ឬខុសការពិត សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន អាសយដ្ឋាន​ទំនាក់ទំនង តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

សូមជួយស៊ែរព័ត៌មាននេះផង: