ចេញផ្សាយ ថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ខេត្តព្រះសីហនុ ៖ ចាប់តាំងពីអគ្គនាយកដ្ឋានគយ នឹងរដ្ឋាករកម្ពុជា ចាត់តាំងលោក ហេង សំហៃ ជាប្រធានការិយាល័យគយ នឹងរដ្ឋាករ ច្រកកំពង់ផែ ម៉ុង ឬទ្ធី កែវផុស ជំនួសលោក នុត លីឆួយ ដើម្បីពង្រឹងប្រសិទ្ធភាព ក្នុងការប្រមូលពន្ធ ឲ្យមានកំណើនពន្ធ ប្រសើជាងមុន តែផ្ទុយទៅវិញ រហូតមកដល់ពេលនេះ នៅច្រកកំពង់ផែ ម៉ុង ឬទ្ធី កែវផុស គេសង្កេតឃើញ ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ របស់ឈ្មួញធំៗ នៅតែបន្តហូរចូល យ៉ាងគគ្រឹកគគ្រេង ដោយគេសង្ស័យថា ជាការត្រូវរ៉ូវគ្នា រវាងលោកឧកញ៉ា ម៉ុង ឬទ្ធី ម្ចាស់ផែ នឹងលោក ហេង សំហៃ ប្រធានការិយាល័យគយ នឹងរដ្ឋាករកែវផុស ជាអ្នកបើកដៃឲ្យឈ្មួញ នាំចូលទំនិញបង់ពន្ធមិនគ្រប់ ឃុបឃិត ជាមួយមេឈ្មួញ លួចបំបាត់ពន្ធរដ្ឋ យកធ្វើមានធ្វើបាន សំរាប់បក្សពួកនិងខ្លួនឯង។
តាមមន្ត្រីខ្លះបានលួចខ្សឹបថា លោក ហេង សំហៃ បាននឹងកំពុងដើរតាមគន្លងចាស់ របស់លោក នុត លីឆួយ ហើយមានការចាត់តាំង មន្ត្រីថ្នាក់ក្រោម ឲ្យដើរប្រមូលលុយគ្មានវិក្កយបត្រ ពីឈ្មួញទំនិញខុសច្បាប់ នឹងបង់ពន្ធមិនគ្រប់ ប្រមូលចែកគ្នាដាក់ហោប៉ៅ ដោយគ្មានការកោតញញើត ថ្នាក់លើទាល់តែសោះ។
ហើយក្នុងនាមខ្លួន ជាអ្នកទទួលខុសត្រូវ លើការពង្រឹងទប់ស្កាត់ ទំនិញគេចពន្ធ នឹង ប្រមូលពន្ធជូនរដ្ឋ សហការជាមួយសមត្ថកិច្ច ស្ថាប័នដទៃ ឲ្យមានតម្លាភាព ស្របតាមគោលការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
បើតាមប្រភព ពីសមត្ថកិច្ចពាក់ព័ន្ធ ដែលឈរជើងនៅច្រកកំពង់ផែ ម៉ុង ឬទ្ធី កែវផុស បានបង្ហើបឲ្យដឹងថា ជាទូទៅ ទំនិញគេចពន្ធទាំងនោះ រួមមានដូចជា ស៊ីម៉ង់ត៍ ម៉ូតូ ចំណីជ្រូក ដែក និងគ្រឿងសំណង់ ជ័រ និងកៅ ស្ករស ។ល។ ត្រូវឈ្មួញធំៗនាំចូល តាមច្រកផែ ម៉ុង ឬទ្ធី កែវផុស ឡើងដុះស្លែទៅហើយ។ ការហូរចូលទំនិញខុសច្បាប់ ទំនិញគេចពន្ធទាំងនេះ គេធ្វើបែបបទបង់ពន្ធ ជាលក្ខណៈទំនិញចម្រុះ ប៉ុន្តែធាតុពិត សុទ្ធតែជាប្រភេទទំនិញ នាំចូលបង់ពន្ធខ្ពស់ ។ ដូច្នេះ បើលោក គុណ ញឹម ពិតជាធូរលុង ដូចការលើកឡើមែននោះ អាចនឹងធ្វើឲ្យរដ្ឋ ត្រូវបាត់បង់ចំណូលពន្ធ នាំចូល យ៉ាងច្រើនក្នុងមួយខែៗ ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ ឈរជើងនៅច្រកកែវផុស បានលួចបង្ហើបឲ្យដឹងថា ឈ្មួញដែលរកស៊ីនាំទំនិញគេចពន្ធ ដុះស្លែនៅច្រកកែវផុសនេះ គឺមុខដដែលៗ មានដូចជា ឈ្មោះ ផាត់ ប៊ុន ហ៊ាម៉េង ចែស៊ី ចែរ៉ា បានរកស៊ីនាំចួលនូវប្រភេទ គ្រឿងសំណង់ ស្រាបៀរ ដែលបង់ពន្ធនាំចូលខ្ពស់ ទាំងកប៉ាល់ៗ ហើយដឹកតាមរថយន្តប្រភេទយីឌុប កុងតឺន័រ មកក្រុងភ្នំពេញ ប៉ុន្តែការបង់ពន្ធ ពិតប្រាកត់នោះ យ៉ាងច្រើនបំផុតត្រឹមតែ ៤០ភាគរយប៉ុណ្ណោះ ដោយមានការក្លែងភេទ ដាក់ជាទំនិញចម្រុះ ទម្លាក់ពន្ធ ព្រោះតែជំនាញគយ នឹងឈ្មួញកាក់លុយទុក ចែកគ្នាក្រៅប្រព័ន្ធ។
ពាក់ព័ន្ធករណីនេះ អង្គភាព CSN មិនអាចស្វែងរក សុំការបំភ្លឺពីលោក ហេង សំហៃ មេគយកែវផុស បានទេមកដល់ថ្ងៃនេះ គេសង្ឃឹមថា លោក គុណ ញឹម អគ្គនាយកដ្ឋានគយ នឹងរដ្ឋាករកម្ពុជា នឹងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ ធ្វើការសើបអង្កេតតាមដាន ភាពមិនប្រក្រតី នឹងការដឹកនាំ របស់មេគយកែវផុស លោក ហេង សំហៃ ជាបន្ទាន់ ព្រោះអំពើពុករលួយកំពុងរាលដាល ធ្វើឲ្យប៉ះពាល់ដល់ ការកំណែទម្រង់គយផងដែរ។
សូមបញ្ជាក់ រាល់ការចេញផ្សាយខាងលើនេះ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ នឹងយោងតាមប្រភព ផ្ដល់ព័ត៌មាន ព្រមទាំងឯកសាមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាននេះមិនត្រឹមត្រូវ ឬខុសការពិត សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន អាសយដ្ឋានទំនាក់ទំនង តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់















