ចេញផ្សាយ ថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ខេត្តមណ្ឌលគិរី ៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ដ៏ម៉ឺងម៉ាត់ ថែមទៀត ឲ្យស្ថាប័នមានសមត្ថកិច្ច ថ្នាក់ជាតិ និងថ្នាក់តំបន់ សហការគា្ន ដោយត្រូវចុះធ្វើការស្រាវជ្រាវ នូវគ្រប់ករណី ឈើដែលបានរកឃើញ ដើម្បីស្វែងរក ចាប់ខ្លួនអ្នកប្រព្រឹត្ត និងមេខ្លោង និងអ្នកពាក់ព័ន្ធ យកមកផ្តន្ទាទោសឲ្យបាន ដោយគ្មានការលើកលែង មិនថាអ្នកនោះមានកម្រិតថ្នាក់ណា ឬពាក់ព័ន្ធនឹងបណ្តាញណាមួយទេ? ព្រោះការបង្រ្កាប អ្នកប្រព្រឹត្តបទល្មើសព្រៃឈើ គឺជាការបង្រ្កាបក្រុមទុច្ចរិត ដែលអាចចាត់ទុកថា ជាអំពើក្បត់ជាតិ មិនអាចយោគយល់ និងដកថយបានឡើយ។
ហើយគេនៅចាំបានថា កាលពីអំឡុងចុងខែមករា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះជាណាចក្រកម្ពុជា បានចេញបទបញ្ជាម្ដងទៀត ឲ្យអាជ្ញាធរ និងសមត្ថកិច្ចខេត្តពាក់ព័ន្ធ ចាត់វិធានការលើឈ្មួញ ដែលល្បីខាងដឹកជញ្ជូនឈើ ចេញទៅស្រុកយួន ក្នុងនោះក៍មានឈ្មោះមេឈ្មួញ សឹង្ហ សំអុល មានងារជាឧកញ៉ាម្នាក់ផងដែរ។
ប៉ុន្តែរហូតមកដល់ពេលនេះ មេឈ្មួញ សឹង្ហ សំអុល នៅតែបន្តធ្វើសកម្មភាព ដឹកជញ្ញូនឈើប្រណិត ពីខេត្តមួយ ទៅខេត្តមួយ ឆ្លងដែនទៅស្រុកយួន យ៉ាងក្រអឺតក្រទម បែជាអាជ្ញាធរ និងសមត្ថកិច្ច ខេត្តពាក់ព័ន្ធមួយចំនួន មិនហ៊ានចាត់វិធានការ ទៅលើមេឈ្មួញ សឹង្ហ សំអុល ដែលល្បីខាងដឹកជញ្ជូនឈើ ទៅស្រុកយួន យ៉ាងពេញបន្ទុកនោះទេ បែជានាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនមានវិធានការ ប្រហែលជាបានទទួលប្រយោជន៍ ពីមេឈ្មួញដ៍ល្បីឈ្មោះនេះ ? ឬដោយសារតែខ្លាចឥទ្ធិពល មន្ត្រីជាន់ខ្ពស់ ដែលជាខ្នងបង្អែកយ៉ាងរឹងមាំ របស់មេឈ្មួញម្នាក់នេះ? ។
ជាក់ស្ដែងថ្មីៗនេះ មានសេចក្ដីរាយការណ៍ ពី ប៉ែកភូមិភាគឦសាន្ត បានឲ្យដឹងថា មេឈ្មួញ សឹង្ហ សំអុល បានរៀបចំក្បួនរថយន្ត ប្រភេទយីឌុប នឹងប្រភេទវេអង ប្រមាណ៣០គ្រឿង នៅក្នុងក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន « ម៉ាស្ទ័រខេសាន់ » របស់ឧកញ៉ា តុប វីយ៉ារ៉ាដា នឹងក្រុមហ៊ុន « យូនីហ្គ្រីន » របស់ឧកញ៉ា សឹង្ហ សំអុល ស្ថិតក្នុងឃុំសុខសាន្ត ស្រុកកោះញ៉ែង ខេត្តមណ្ឌល់គិរី។ ហើយឈើដែលសម្រុកដឹកចេញនេះ ជាឈើខុសច្បាប់ប្រមូលទិញពីខាងក្រៅ ដឹកចូលក្រុមហ៊ុន អាច្រៀក ឬឡាំង៤ជ្រុង រួចដឹកចេញទៅស្រុកយួន ក្លាយជាឈើស្របច្បាប់ ដោយជ្រកក្រោមលេសប៉េសេ ។
ប្រភពរាយការណ៍ បានបន្តឲ្យដឹងថា រថយន្តរបស់មេឈ្មួញ សឹង្ហ សំអុល ទាំង៣០គ្រឿង ក្រោយពីលើកឈើដាក់រថយន្តពេញរួចអស់ មកទល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ នេះ រថយន្តទាំងនោះ បានចាប់ផ្ដើម ដឹកចេញពីទីតាំងក្រុមហ៊ុនខាងលើ ទាំងថ្ងៃទាំងយប់ ចេញតាមច្រកសំពោច កាត់ស្រុកស្នួល ដូចហែរកឋិន។ ក្នុងចំណោយរថយន្តដឹកឈើទាំងនោះ គេសង្កេតឃើញរថយន្ត ដែលគ្មានស្លាកលេខ៦គ្រឿង ដែលគេសង្ស័យថា ជារថយន្តដឹកឈើខុសច្បាប់ ព្រោះកន្លងមកឯឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ បានបញ្ជាក់ឲ្យដឹងថា ឈើដែលស្របច្បាប់ គឺឡានត្រូវតែមានស្លាកលេខត្រឹមត្រូវ ទើបមេព្រៃនឹងក្រសួងកសិកម្ម ហានចេញ « ប៉េសេ » នឹងច្បាប់អនុញ្ញាតឲ្យបាន បើសិនមានតែច្បាប់ អត់មានស្លាក់លេខ គឺមានន័យថា ប៉េសេនឹង គឺប៉េសេសេះហោះហើយ។
បើតាមការបញ្ជាក់ ពីមន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី នឹងខេត្តក្រចេះ បានប្រាប់ឲ្យអ្នកព័ត៌មានយើងដឹងថា រថយន្តដែលដឹកឈើចេញ មកតាមច្រកសំពោចនេះ ជាក្រុមឡាន របស់លោក ឧកញ៉ា សឹង្ហ សំអុល ដែលមានប៉េសេ « PC » ចំនួន១២គ្រឿង។
ក្បួនរថយន្តដឹកឈើ ត្រូវបានគេសង្កេតឃើញ មកដល់ស្រុកស្នួល ខេត្តក្រចេះ មានរថយន្ត២គ្រឿង បានបែកទៅខាង៨៨ រថយន្ត ១គ្រឿងទៀត ទៅខាងទន្លេចាម ហើយបុកទំលាយបារ៉ាស់ ចេញទៅស្រុកយួន ខ្លះទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខ្លះទៀតបទទៅតាមផ្លូវជាតិលេខ៨ ឆ្ពោះទៅខេត្តព្រៃវែង គេសង្ស័យថា ចេញទៅស្រុកយួន តាមច្រកម៉ឺនជ័យ ។
ប្រភពព័ត៌មាន ពីសហគមន៍ការពារព្រៃឈើ បានឲ្យដឹងថា ឈើដែលរងការកាប់បំផ្លាញ យ៉ាងមហន្តរាយនោះ មិនមែនជាឈើ នៅក្នុងបរិវេណដីក្រុមហ៊ុនទេ ប៉ុន្តែជាឈើនៅក្នុងព្រៃការពារ ជាប់នឹងដីក្រុមហ៊ុន។ គឺមេការរបស់មេឈ្មួញ សឹង សំអុល បានប្រមូលទិញពីប្រជាពលរដ្ឋ ឈើប្រភេទសុក្រំ ក្នុង១ម៉ែត្រគូប ពី ៣៥ម៉ឺន ទៅ ៤៥ ម៉ឺនរៀល ដែលបញ្ហានេះ ធ្វើឲ្យបទល្មើស បំផ្លាញព្រៃឈើ ក្នុងឃុំស្រែសង្គម ស្រុកកោះញែក កើតឡើងយ៉ាងរាលដាល។ ហើយប្រភពពីឈ្មួញខ្លះ បានឲ្យដឹងថា មេឈ្មួញ សឹង សំអុល កំពុងប្រើឈ្មោះមន្ត្រីជាន់ខ្ពស់ ស្និទ្ធនឹងមេដឹកនាំកំពូល ដើម្បីការពារផលប្រយោជន៍របស់ខ្លួន ហេតុនេះហើយ ទើបគ្មានមន្ត្រីជំនាញ និងសមត្ថកិច្ចណាហ៊ានប៉ះពាល់? ។
ហេតុនេះហើយ កន្លងមកថ្មីៗនេះ បានលិចឮព័ត៌មានមួយ ពីស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ឧកញ៉ា សឹង សំអុល មេឈ្មួញដ៍មហិមា បានប្រើអំណាច ឥទ្ធិពល ជាឧកញ៉ា ផឹកស៊ីស្រវិង ក្នុងហាង ១កន្លែង នៅស្រុកស្នួល បានជេប្រមាថ ដល់អ្នកព័ត៌មានណា ដែលបានចុះផ្សាយពីខ្លួន ធ្វើនួញឈើឆ្លងដែន ទៅប្រទេសវៀតណាម យ៉ាងធ្ងន់ៗថា ពួកអាកាសែតណា ចង់ផ្សាយអីក៍ផ្សាយទៅ អាញ់មិនខ្វល់ទេ បើនាយឧត្តមសេនីយ សៅ សុខា មិនចាប់អាញ់ អ្នកណាហ៊ានចាប់ អាញ់ទេ។ ហើយបើអ្នកព័ត៌មានណា មិនចេញផ្សាយរឿងអាញ់ ទើបអាញ់ឲ្យលុយវាចាយខ្លះ ។
ទោះយ៉ាងណាមកដល់ថ្ងៃនេះ អង្គភាព CSN យើង កំពុំអាចស្វែងរកសុំការបំភ្លឺ ពីមន្ត្រីជាន់ខ្ពស់១រូប ដែលគេអួតអាងថា ជាខ្នងបង្អែកដ៍រឹងមាំ របស់ឧកញ៉ា សឹង្ហ សំអុល ដើម្បីសុំការបកស្រាយ ឬ បញ្ជាក់ទាក់ទង ព័ត៌មានខាងលើនេះបានទេ ។ ដោយឡែក សឹង សំអុល មេឈ្មួញដ៍ល្បីឈ្មោះ ខាងលើនេះ ក៍ពុំអាចធ្វើការទំនាក់
ទំនង សុំបំភ្លឺទាក់ទិន នឹងជំនួញឈើនេះបានដែល មកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទធ្វើការទំនាក់ទំនង។ ហើយណាមួយល្បីថា កន្លងមកបើមានអ្នកព័ត៌មាន ខលសុំការបំភ្លឺ ត្រូវបានមេឈ្មួញរូបនេះ ជេប្រមាថកប់ៗមាត់ ចង់សួរអ្វីក៍មិនកើតដែរ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់ ស្រុកស្នួល















