ចេញផ្សាយ ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ
ក្រចេះ ៖ ថ្មីៗនេះ កាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថ ខេត្តក្រចេះ បានបង្ក្រាបបទល្មើសព្រៃឈើមួយករណី ហើយរឹបអូសឈើ និងគ្រឿងចក្រ ជាវត្ថុតាងមួយចំនួនផងដែរ។
ប្រភពពីមន្ត្រីអាវុធហត្ថ ដែលចូលរួម ក្នុងការបង្ក្រាបនោះ បានឲ្យដឹងថា ទីតាំងកើតមានបទល្មើស គឺនៅក្នុងបរិវេណក្រុមហ៊ុន E.N Investment (UTM: 681742-1332159)។ ហើយនៅក្នុងការបង្ក្រាបនោះ សមត្ថកិច្ចរឹបអូស យកវត្ថុតាងជាច្រើន មានដូចជា ត្រាក់ទ័រ ៤គ្រឿង រ៉ឺម៉កផ្ទុកឈើមូល ៣គ្រឿង រថយន្តបង្កុង ប្រភេទកែច្នៃ ២គ្រឿង គ្រឿងចក្រ និងអាប៊ុលចំនួន៤គ្រឿង ឈើមូល ១០០កំណាត់ មានមុខកាត់០,៤០ម៉ែត្រ និងបណ្ដោយ១០ម៉ែត្រ។
ប្រភពដដែរ បានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនោះ មនុស្ស៦នាក់ ជាជនជាតិយួន ត្រូវបានឃាត់ខ្លួន ដើម្បីសាកសួរ តាមនីតិវិធី។ តែទោះជាយ៉ាងណា ប្រជាពលរដ្ឋ ក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលជាប់ព្រំប្រទល់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានលើកឡើងថាពួកគាត់ គ្មានជំនឿលើសមត្ថកិច្ច ក្នុងការបង្ក្រាប បទល្មើសព្រៃឈើនោះទេ។ ដោយហេតុថា កន្លងមក អ្នកជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ ក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី តែងតែគេចផុត ពីសំណាញ់ច្បាប់ ហើយជនជាតិយួន នៅតែអាចចូលមកកាប់ឈើ និងដឹកជញ្ជូនឈើចេញទៅស្រុកយួន យ៉ាងរលូនដដែល។
ការដែលសមត្ថកិច្ច និងមន្ត្រីជំនាញ ក្នុងខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ មិនចេះអស់ គឺជាមូលហេតុដែលធ្វើឲ្យបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើ ចេញពីខេត្តក្រចេះ និងមណ្ឌលគិរី នៅតែបន្តកើតឡើង យ៉ាងអនាធិបតេយ្យ ជាពិសេស ជនជាតិយួន មិនញញើតក្នុងការចូលមក ប្រព្រឹត្តបទល្មើស លើទឹកដីខ្មែរ។ ជាក់ស្ដែង ករណីកម្លាំងអាវុធហត្ថ ខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ កាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ គឺឃាត់ខ្លួនជនជាតិយួន បាន៦នាក់ ប៉ុន្តែមន្ត្រីសមត្ថកិច្ចកម្ពុជា ដែលជាប់ពាក់ព័ន្ធ នឹងបទល្មើសនោះ មិនត្រូវបានសមត្ថកិច្ច វែកមុខឡើយ។
ហេតុនេះហើយ ទើបប្រជាពលរដ្ឋ ក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ គ្មានជំនឿ លើសមត្ថកិច្ច អាវុធហត្ថ ឬសមត្ថកិច្ចពាក់ព័ន្ធ ផ្សេងៗទៀត ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ព្រោះឈ្មួញធំៗ ដូចជា ឧកញ៉ា សឹង សំអុល, ឧកញ៉ា ជ័យ, ឧកញ៉ា វ័ន ប៊ុនថៃ និងមេឈ្មួញ ជាច្រនទៀត នៅតែអាច ដឹកជញ្ជូនឈើ ចេញទៅស្រុកយួន តាមច្រកព្រំដែន ស្រុកស្នួល ខេត្តក្រចេះ ដោយគ្មានសមត្ថកិច្ចណា ហ៊ានប៉ះពាល់ឡើយ៕