ក្រុមហ៊ុនបាតអាងនឹងក្រុមហ៊ុនស៊ីវហ្គេចនៅតែបន្តដឹកឈើ ធ្វើជំនួញឆ្លងដែនទៅវៀតណាមផ្គើនទៅនឹងអនុសាសន៍ សម្ដេចតេជោហ៊ុនសែន​

ដោយ ៖ នួន ពុទ្ធា ( កម្ពុជា ជោគជ័យ ) CSN

ស្ទឹងត្រែង‌ ៖ មានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ នឹងមន្ត្រីរាជការ ពីខេត្តស្ទឹងត្រែង បានឲ្យដឹងផងដែរថា បច្ចុប្បន្ន រថយន្ត‌យីឌុបខ្នាតយក្ស បាននឹងកំពុង ធ្វើសកម្មភាព ដឹកជញ្ជូនឈើ ចេញពីក្រុមហ៊ុនបាតអាងនិងក្រុមហ៊ុន សីុវ ហ្គិច ដឹកជញ្ជូនឈើចេញ ពីចំណុចស្រែគរ តាមផ្លូវជាតិលេខ៧៨ និងតាមផ្លូវជាតិលេខ៧អាស៊ាន ដោយបានឆ្លងកាត់ស្ថានីយ ថ្លឹងរថយន្តអូរពងមាន់ យ៉ាងគគ្រឹកគគ្រេង ក្នុង១យប់ៗមិនក្រោមជាង១០គ្រឿងទេ។

ប្រភពរាយការណ៍ខាងលើ បានបន្តថា ជាក់ស្ដែងកាលពីវេលាម៉ោង៩ នឹង៥នាទីយប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ មានរថយន្តយីឌុបខ្នាតយក្ស ដឹកឈើចំនួន១៤គ្រឿង ធ្វើចរាចរណ៍ បន្តកន្ទុយគ្នា ដូចហែរកឋិន នៅចំណុចស្ថានីយថ្លឹងរថយន្ត អូរពងមាន់ ស្ថិតនៅ‌ភូមិរាជានុកូល សង្កាត់‌ ក្រុង / ខេត្តស្ទឹងត្រែង ។

ប្រជាពលរដ្ឋជាច្រើន បានលើកឡើង នឹងឆ្ងល់ផងដែរថា ក្រុមហ៊ុនបាតអាងតែមួយ មានថៅកែ នឹងឧកញ៉ា ជាច្រើន បានសម្រុកមូលគ្នានៅទីនោះ ជាយូឆ្នាំមកហើយ មកដល់បច្ចុប្បន្ននេះ ក៍នៅតែឃើញ មេឈ្មួញឈើដុះស្លែធំៗ ព្រមទាំងឧកញ៉ា១ចំនួន ក៍នឹងកំពុងមានវត្តមាននៅទីនោះ ចាំប្រមូលទិញឈើផងដែរ ជាពិសេស ក្រុម
ហ៊ុនទាំងពីរខាងលើ ធ្វើការដឹកជញ្ជូន ស្ទើជារៀងរាល់ថ្ងៃរាល់យប់ជយូឆ្នាំមកហើយ តែមិនចេះរីងស្ងួត ទាល់តែសោះ។

ប្រភពពីមន្ត្រី សាលាខេត្តស្ទឹងត្រែង១រូប បានលើកឡើងថា យោងទៅតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ឈប់ គ្រប់ក្រុមហ៊ុនទាំងអស់ ដែលមានឈើនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ទោះមានច្បាប់ក្តី និងមិនមានច្បាប់ក្តី ត្រូវតែបញ្ឈប់ជាបន្ទាន់ តែផ្ទុយទៅវិញ ក្រុមហ៊ុនទាំងពីរខាងលើ នៅតែបន្តសកម្មភាព ធ្វើការដឹកជញ្ជូនឈើ តាមរថយន្តយីឌុបធន់ធំៗ នៅពេលយប់ មានចំនួនជាច្រើនគ្រឿង បន្តកន្ទុយគ្នា ឆ្ពោះយកទៅប្រទេសវៀតម ស្ទើតែរៀងរាល់យប់ មកកកស្ទះ នៅត្រង់ចំណុច ស្ថានីយថ្លឹងរថយន្ត អូរពងមាន់។

តាមការបញ្ជាក់ពីមន្ត្រីស្ថានីយ ថ្លឹងរថយន្ត នៅចំណុចអូរពងមាន់ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៩ ខែធ្នូ នេះ បានឲ្យដឹងថារថយន្តយីឌុបខ្នាតធំមានផ្លូវ៥ និងមានរថយន្តប្រភេទV1( វ៉េអង )ខ្លះ ជារថយន្តដឹកឈើ របស់ក្រុមហ៊ុន បាតអាង មានចំនួន១២គ្រឿង និងរថយន្តដឹកឈើ របស់ក្រុមហ៊ុន សីុវ ហ្គេច មានចំនួន២គ្រឿងផងដែរ សរុបទាំងអស់ ក្នុង១យយប់ៗ មានចំនួន១៤គ្រឿង តែចំពោះ ការមានច្បាប់ ឫមិនមានច្បាប់ លោកមិនមានសិទ្ធិ ចាប់ឃាត់ ឫសួរនាំនោះទេ លោកគ្រាន់តែមានសិទ្ធិ បញ្ជាឲ្យរថយន្តទាំងនោះ ឡើងថ្លឹងលើជញ្ជីងបើមិនមានលើសទម្ងន់ទេ លោកឲ្យរថយន្តនោះ ធ្វើដំណើរបន្តទៅមុខទៀត តែបើរថយន្តខាងលើនោះ ឡើងថ្លឹងលើជញ្ជីង មានផ្ទុកលើសទម្ងន់ លោកមានសិទ្ធិឲ្យទម្លាក់ចុះ និងឲ្យធ្វើការបង់ផាកពិន័យ ទៅតាមច្បាប់តែប៉ុណ្ណោះ ។

គួបញ្ជាក់ផងដែរថា យោងតាមប្រភពច្បាស់ការណ៍ ពីក្រុមកម្មករ នឹងឈ្មួញតូចតាច ធ្វើការ រកស៊ីនៅទីនោះ បានឲ្យដឹងថា ឈើបាតអាង មកទល់បច្ចុប្បន្ននេះ មិនមាននៅសម្រាប់ ឲ្យក្រុមហ៊ុនខាងលើ ធ្វើអាជីវកម្មបានទៀតទេ គឺអស់តាំងពីយូមកហើយ ឈើដែរគេឃើញមានចរាចរណ៍ ដឹកចេញ ពីក្រុមហ៊ុនបាតអាង សព្វថ្ងៃគឺឈ្មួញធំៗ ជួកម្មករឲ្យឡើងទៅកាប់ ក្នុងដែនជំរកសត្វព្រៃ ឧទ្យានជាតិវរៈជ័យ រួចដឹកជញ្ជូនឈើ ទាំងនោះតាមរថយន្ត ឆ្លងកាត់ចំណុចអូរវែង ហៅភូមិវើនហ៊យ មកតាមត្រពាំងក្រហម មួយចំនួនដឹកតាមរថយន្តសាំង យ៉ុង ទៅទឹកដីខេត្តរតនគីរី ចូលតាមច្រកអូរយាដាវឆ្ពោះទៅប្រទេសវៀតណាម។

ប្រភពដដែរបានបន្តថា មួយចំណែកទៀត ដឹកតាមរថយន្តធន់ធំ ចូលមកតាមភូមិស្រែសាមី ចូលក្នុងក្រុមហ៊ុន បាតអាងតែម្តង រួចហើយបានដឹកបន្ត តាមរថយន្តយីឌុប ខ្នាតយក្ស ចេញពីបាត់អាង តាមផ្លូវជាតិលេខ៧៨ និងផ្លូវជាតិលេខ៧ ឆ្លងកាត់ជញ្ជីងថ្លឹងរថយន្ត ចំណុចអូរពងមាន់ ឆ្ពោះទៅខេត្តក្រចេះ ទៅតាមស្រុកស្នួល ចូលទៅប្រគល់ឲ្យ មេឈ្មួញធំៗ នៅប្រទេសវៀតណាមបន្ត រីឯក្រុមហ៊ុន សីុវ ហ្គេច ក៍ដូចគ្នាដែរ ដឹកឈើបន្តពីបាតអាង យកទៅលក់ឲ្យមេឈ្មួញធំៗ នៅវៀតណាមដូចគ្នា ។

ពាក់ព័ន្ធករណីខាងលើ ប្រជាពលរដ្ឋជាច្រើន បានដាក់ការសង្ស័យ ទៅលើលោក ម៉ុម សារឿន អភិបាលនៃគណអភិបាលខេត្តស្ទឹងត្រែង ថាមិនដឹងទទួលបានកញ្ចប់ពីក្រុមហ៊ុនបាតអាង នឹងក្រុមហ៊ុន ស៊ីវ ហ្គេច ប៉ុន្មានម៉ឺនដុល្លារទេ ក្នុង១ខែៗ? ឬអាចមានភាគហ៊ុន នៅក្នុងក្រុមហ៊ុនទាំង២នេះផង? បានជាក្នុងនាមលោក ជាគណបញ្ជាការឯកភាពខេត្ត បែជាលោកសម្ងំស្ងៀម ធ្វើមិនដឹងមិនឭ ទុកឲ្យឈ្មួញធ្វើសកម្មភាព កាប់បំផ្លាញព្រៃឈើ ដឹកជញ្ជូនឈើធ្វើជំនួញ យ៉ាងអនាធិបតេយ្យ គ្មានការទប់ស្កាត់ នឹងបង្ក្រាប គឺផ្គើនទៅនឹង អនុសាសន៍ សម្ដេចតេជោ ហ៊ុន សែន យ៉ាងពេញទំហឹងតែម្ដង។

ពាក់ព័ន្ធការលើកឡើង ពីប្រជាពលរដ្ឋខាងលើ អង្គភាព CSN ពុំអាចសុំការពន្យល់ បកស្រាយបំភ្លឺពី ឯកឧត្តមអភិបាលខេត្តបានទេ អង្គភាពយើងរងចាំការបកស្រាយនៅពេលក្រោយ។/ ដោយ អ្នក ប្ររម៉ាញ់

 

img_2016-12-11_22-08-50 2016-12-11_21-58-44 2016-12-11_22-00-05 2016-12-11_21-50-26 2016-12-11_21-48-31

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author