ដោយ ៖ កម្ពុជា ជោគជ័យ CSN
ភ្នំពេញ ៖ អាជ្ញាធរ និងក្រុមហ៊ុន OCIC បានដាក់កម្លាំងជិត ៥០ នាក់ និងគ្រឿងចក្រប្រមាណ ១០គ្រឿង
ឈូសឆាយដីរបស់ប្រជាពលរដ្ឋ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលកំពុងមានជម្លោះដីធ្លីជា
មួយក្រុមហ៊ុន ដើម្បីធ្វើផ្លូវ និងប្រព័ន្ធលូ ដោយមិនទាន់ផ្តល់ សំណងជូនម្ចាស់ដីនៅឡើយ។
គ្រឿងចក្រឈូសដី ឡានទឹក និងឡានដឹកថ្ម ក្រួស ជាច្រើនគ្រឿង បានធ្វើសកម្មភាពឈូសកម្ទេច របងផ្ទះ
របស់ប្រជាពលរដ្ឋ ២ គ្រួសារ ក្នុងចំណោម ២៤៤គ្រួសារ ដែលរងផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍ក្រុងរណប
របស់ក្រុមហ៊ុន OCIC ។
អ្នកស្រី ហ៊ុល សាវឿន ជាម្ចាស់ដីដែលត្រូវគ្រឿងចក្រ ឈូសឆាយលើដីគាត់ បានឲ្យដឹងថា អាជ្ញាធរបានជូន
ដំណឹង កាលពីថ្ងៃពុធ ហើយក៏បានដាក់កម្លាំងសណ្តាប់ធ្នាប់ ទៅគាបសង្កត់ និងប្រើគ្រឿងចក្រឈូសឆាយដី
របស់ពួកគាត់តែម្តង ដោយពុំមានដោះស្រាយសំណងណាមួយទេ។
អ្នកស្រីបន្តថា៖ «សុំឲ្យសាលាខណ្ឌនិងសាលារាជធានីដោះស្រាយឲ្យសមរម្យជូនប្រជាជនឲ្យក្រុមហ៊ុន
មកដោះស្រាយឲ្យប្រជាជនកុំឈូសដីបំពានយកមកប្លន់យកដីប្រជាជនអ៊ីចឹង »។
តំណាងប្រជាពលរដ្ឋលោក ជា សុផាត បានបន្ថែមថា សាលារាជធានី និងក្រុមហ៊ុនបានផ្តល់សំណងឲ្យពួក
គាត់ត្រឹមតែ ១០ភាគរយ នៃដីដែលពួកគាត់មាន ឬឲ្យតម្លៃដីក្នុងមួយម៉ែត្រការ៉េ ១៥ដុល្លារ ដែលសំណងនេះ
ពួកគាត់ពុំអាចទទួលយកបានទេ។ លោកថាពួកគាត់ទាមទារសំណង ៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
មន្ត្រីខណ្ឌជ្រោយចង្វារ ដែលទទួលបន្ទុកការងារសាងសង់ផ្លូវថ្មីនោះ លោក សែន ណារិន បានថ្លែងថាអាជ្ញាធរ
ខណ្ឌចុះឈូសឆាយធ្វើផ្លូវថ្មី ដោះស្រាយបញ្ហាចរាចរណ៍ និងស្តារលូតាមគោលការណ៍ របស់សាលារាជធានី។
លោកថា៖ យើងធ្វើតែផ្លូវទេ ចំពោះដីផ្សេងៗ ឧទាហរណ៍ដូចដីសល់នៅខាងក្រោយ ដែលគាត់ធ្លាប់កាន់កាប់
ហ្នឹង គឺវាពាក់ព័ន្ធ នឹងតំបន់អភិវឌ្ឍន៍ ទៅវិញទេអាហ្នឹង ចរចាផ្សេងទៀត ជាមួយក្រុមហ៊ុន អភិវឌ្ឍន៍ និងសា
លារាជធានី»។
ប្រធានគម្រោងក្រុមហ៊ុន OCIC លោក ទូច សំណាងបានថ្លែងថា ការឈូសឆាយនោះគឺ ដើម្បីធ្វើផ្លូវនិងប្រព័ន្ធ
លូរំដោះទឹកជន់លិច នៅរដូវវស្សា។ ទោះយ៉ាងណាលោកមិន ជឿ ថា ពលរដ្ឋទាំងនោះមាន ប័ណ្ណកាន់កាប់ដីធ្លី
ស្របច្បាប់នោះទេ។
លោក សៀ ភារម្យ ប្រធានក្រុមការងារ ពិសេសសិទ្ធិលំនៅឋាន បានថ្កោលទោស ចំពោះទង្វើរបស់អាជ្ញាធរនិង
ក្រុមហ៊ុន ដែលបំពានសិទ្ធិកាន់កាប់ ដីស្របច្បាប់របស់ពលរដ្ឋ។
លោកថា៖ យើងមានការសោកស្តាយ ដែលអាជ្ញាធររដ្ឋយើង មកដល់ពេលនេះហើយ នៅតែប្រព្រឹត្តនូវអំពើព្រៃ
ផ្សៃ និងការរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ នៅកណ្តាលក្រុងភ្នំពេញ ខ្ញុំស្នើសុំយ៉ាងទទូច សុំឲ្យអភិបាលក្រុង
ធ្វើយ៉ាងណា ចរចារកដំណោះស្រាយ ឲ្យបានសមរម្យ ដើម្បីកុំឲ្យមានអំពើបែបនេះ កើតឡើងតទៅទៀត»៕