ដោយ: នួន ពុទ្ធា
ស្ទឹងត្រែង ៖ សត្វព្រៃនៅក្នុងខេត្តស្ទឹងត្រែង បានកំពុងតែរងការសម្លាប់យកសាច់ទៅលក់នៅលើទីផ្សារ
ទោះបីជាមានអង្គការការពារសត្វព្រៃ ក៏ដោយក៏ព្រានព្រៃនៅតែតាមប្រមាញ់រៀងរាល់ថ្ងៃផងដែរ ។
តាវ័យចំណាស់ម្នាក់ឈ្មោះ យូរ ប៊ុនជឹម អាយុ ៧២ឆ្នាំ រស់នៅជាប់ផ្លូវជាតិលេខ ៧ ចំណុចផ្លូវអូរពងមាន់
ស្ថិតនៅភូមិរាជានុកូល សង្កាត់-ក្រុង ខេត្តស្ទឹងត្រែង បានសំណូមពរដល់អភិរក្សសត្វព្រៃ និងសមត្ថកិច្ចពាក់
ព័ន្ធ ក្នុងតំបន់ឧទ្យានវិរៈជ័យក្នុងស្រុកសៀមប៉ាង ក៏ដូចជា តាមដងទន្លេសេកុង និងទន្លេមេគង្គ ខេត្តស្ទឹងត្រែង
មេត្តាធ្វើការទប់ស្កាត់ និងបង្ក្រាបសកម្មភាពព្រានព្រៃទាំងអស់នោះ ឈប់ឱ្យប្រមាញ់សត្វព្រៃតទៅទៀត ។
លោកតាបានបន្តឱ្យដឹងទៀតថា ជាពិសេសនោះតាមតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា សូមឱ្យជួយថែរក្សា
ចេះការពារ ធនធានសត្វព្រៃគ្រប់ប្រភេទ ដែលកំពុងរងការបាត់បង់ ហើយកំពុងប្រឈមជាមួយព្រានព្រៃ
តាមប្រមាញ់ និងចាប់ទាំងរស់ យកមកលក់ឱ្យឈ្មួញធំៗលក់ នៅលើទីផ្សារ ហើយដឹកយកទៅលក់នៅ
ប្រទេសជិតខាង ជារៀងរាល់ថ្ងៃចេញពីខេត្តស្ទឹងត្រែងទៀតផង ។
លោកតាបានឱ្យដឹងថា ស្វាព្រៀមដែលជិតផុតពូជមួយក្បាលខាងលើនោះ ឈ្មោះ ណាំ យ៉ង ភេទញី អាយុ
ប្រមាណជា ៣ឆ្នាំ កូនស្វាមួយក្បាលនេះ ត្រូវបានព្រានព្រៃតាមប្រមាញ់ បាញ់ហ្វូងសត្វស្វាទាំងនោះ ខណៈ
ពេលលោកតា បានដើរចេញទៅ ខាងក្រោយផ្ទះ ស្រាប់តែប្រទះឃើញកូនស្វាមួយក្បាល កំពុងតែស្រែកយំ
រកមេគួរឱ្យសង្វែកគេចខ្លួនពីពពួកព្រានតាមចាប់ មកលាក់ខ្លួនពួនអាត្មានៅក្នុងកំពតព្រៃខាងក្រោយផ្ទះ
នៅចាប់នឹងរបងចំការរបស់គាត់ ! គាត់ក៏សម្រេចចិត្តលើកបីត្រកង យកមកចិញ្ចឹមថែរក្សាការពាររហូតមក
ដល់សព្វថ្ងៃនេះ ។
លោកបានបញ្ជាក់ទៀតថា ការចិញ្ចឹមសត្វស្វាញីមួយក្បាលខាងលើនោះ លោកតាចាត់ទុកជាសមាជិកក្នុង
គ្រួសាររបស់ គាត់ដែរ ពីព្រោះច្រើនឆ្នាំកន្លងមកនេះ ក៏មានអភិរក្សសត្វព្រៃ និងសមត្ថកិច្ចពាក់ព័ន្ធបានមក
សុំដែរ តែគាត់ដាច់ខាតមិនឱ្យ ឡើយ ។ ហើយមានអ្នកខ្លះទៀតមកសុំទិញជារឿយៗឱ្យតម្លៃ ១០០ដុល្លារ
ទៅ ២០០ដុល្លារ កុំថា ២០០ដុល្លារ សូម្បីតែ ១០០០០ដុល្លារ ក៏គាត់មិនអាចលក់ឱ្យបានដែរ ពីព្រោះស្វានេះ មានអត្ថប្រយោជន៍ជួយដល់ក្នុងការចិញ្ចឹមមាន់ ទា គោ ក្របី ជាដើម.. ។ វាអាចជួយកាត់បន្ថយជំងឺរាតត្បាត
ផ្សេងៗមកលើសត្វពាហណៈ ជាក់ស្តែងថ្ងៃនេះ មាន់ ទា គោ ក្របី របស់គាត់ មិនដែលមានឈឺនោះទេ ។/