ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ខណៈជនប្រដាប់អាវុធ ៣នាក់ បានធ្វើសកម្មភាព ដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក បាញ់ទៅលើ បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុ និងបានហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង ៣០នាទី ទៀបភ្លឺថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នេះ នៅចំណុចទល់មុខ នឹងផ្សារសូរិយាម៉ល តាមបណ្ដោយផ្លូវ លេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសជាជនរងគ្រោះ គេមិនស្គាល់អត្តសញ្ញាណនោះទេ បានរងរបួសធ្ងន់ ។ ហើយចំណែកខ្មាន់កាំភ្លើងទាំង៣នាក់ ខាងលើក៍មិនស្គាល់អត្តសញ្ញាណផងដែរ បានរត់គេចខ្លួនបាត់ ។
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតមានករណី ផ្ទុះអាវុធខាងលើនេះ ពួកគាត់បានឃើញជនសង្ស័យចំនួន ៣នាក់ បានជិះម៉ូតូ ចំនួន ២គ្រឿង ក្នុងនោះ ម៉ូតូមួយគ្រឿង ជាប្រភេទម៉ូតូធំ មិនចាំម៉ាក ជិះដោយបុរសម្នាក់ និង ម៉ូតូមួយគ្រឿងទៀត ម៉ាកយ៉ាម៉ាហា ពណ៌ខ្មៅ ជិះគ្នា ២នាក់ បានធ្វើដំណើរ តាមបណ្ដោយផ្លូវលេខ៥១ ក្នុងទិសដៅ ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ បានឈប់ម៉ូតូ រួចធ្វើសកម្មភាព ដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក បាញ់ទៅលើជនរងគ្រោះ ចំនួន ៣គ្រាប់ បណ្ដាលឲ្យជនរងគ្រោះ រងរបួសធ្ងន់ ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗតែម្ដង។
តាមប្រភពដដែល បានឲ្យដឹងបន្តថា ក្រោយពីជនសង្ស័យ បានដកកាំភ្លើងបាញ់ជនរងគ្រោះរួចហើយ បានបង្កការភ្ញាក់ផ្អើល ដល់កម្លាំងសមត្ថកិច្ច ចុះមកពិនិត្យកន្លែងកើតហេតុ ដោយបានរកឃើញ សំបកគ្រាប់ ចំនួន ១គ្រាប់ និង ស្រោមកាំភ្លើង ដែលជនសង្ស័យបន្សល់ទុក នៅកន្លែងកើតហេតុ ដើម្បីទុកស្រាវជ្រាវ កំណត់មុខសញ្ញា យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕















